មនុស្សភាគច្រើនគិតដល់លុយរាល់ពេលដែលនិយាយពីការលើកទឹកចិត្តបុគ្គលិក ។ ទោះជាលុយមានសារៈសំខាន់ពិតមែនក្តី ពេលខ្លះអ្នកនៅតែអាចលើកទឹកចិត្តបុគ្គលិកដោយមិនចាំបាច់ត្រូវចំណាយលុយបានដែរ ។ ខាងក្រោមគឺជាវិធីសាស្ត្រដទៃទៀតដែលអាចជួយឲ្យអ្នកសម្រេចបានគោលដៅខាងលើ ៖

១. ការសរសើរ
បុគ្គលិកដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបានកិច្ចការរបស់ពួកគេគួរតែទទួលបានការសរសើរលើកទឹកចិត្ត ។ ពួកគេចង់បង្ហាញលទ្ធផល និងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបង្ហាញឲ្យអ្នកឃើញថាអ្នកអាចពឹងពាក់លើពួកគេបាន ។
២. ជំរុញឲ្យមានការប្រកួតប្រជែង
ជម្រើសមួយទៀតក្នុងការលើកទឹកចិត្តបុគ្គលិកគឺតាមកម្មវិធីជុំរុញឲ្យមានការប្រកួតប្រជែងគ្នា ។ ឧទាហរណ៍ដូចជាក្នុងផ្នែកលក់ ការជ្រើសរើសបុគ្គលិកប្រចាំសប្តាហ៍ ឬប្រចាំខែនឹងផ្តល់ជាការលើកទឹកចិត្តដ៏មានប្រសិទ្ធភាពមួយ ។
៣. ដំឡើងតំណែង
នរណាៗក៏ចង់ឡើងតំណែងដែរ ហើយការធ្វើដូច្នេះមិនត្រឹមតែជួយលើកស្ទួយមុខមាត់របស់បុគ្គលិកទេតែថែមទាំងផ្តល់នូវឱកាសបញ្ចេញសមត្ថភាពថ្មីៗដែលពួកគេនឹងទទួលបានផងដែរ ។ អ្នកដែលគិតថាខ្លួនមានតម្លៃសម្រាប់ស្ថាប័នការងារនឹងមានទឹកចិត្តច្រើនជាងមុនក្នុងការបំពេញការងាររបស់ខ្លួន ។
៤. ផ្តល់សេរីភាពឲ្យពួកគេធ្វើការសម្រេចចិត្ត
មានពេលខ្លះទៀត លុយប្រៀបផ្ទឹមមិនបាននឹងសេរីភាពក្នុងការបញ្ចេញមតិ ឬធ្វើការសម្រេចចិត្តទេ ។ បុគ្គលិកមួយចំនួនមិនមានចិត្តចង់ធ្វើការព្រោះពួកគេគិតថាពួកគេមិនមានតម្លៃ ឬមិនមានអំណាចក្នុងការធ្វើអ្វីមួយបាន ។
៥. អញ្ជើញពួកគេ និងក្រុមគ្រួសារពួកគេឲ្យចូលរួមកម្មវិធីផ្សេងៗ
ក្នុងនាមជាសហគ្រិន អ្នកប្រហែលជាត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីជាច្រើនហើយ ។ ដើម្បីបង្ហាញថាអ្នកគិតដល់បុគ្គលិកដទៃដែរ អ្នកអាចធ្វើការអញ្ជើញបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេឲ្យចូលរួមបាន ។ វានឹងជំរុញឲ្យពួកគេមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយអាជីវកម្មរបស់អ្នក ៕
ចែករំលែកព័តមាននេះ