រាជធានីភ្នំពេញ ៖ នៅក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន គេសង្កេតឃើញថា អ្នកដែលចាប់អារម្មណ៍ និងវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យកាន់តែមានសន្ទុះខ្លាំងឡើង ក្នុងនោះមានទាំងអ្នកដែលមានទុនស្រាប់ និងអ្នកខ្លះទៀតបានខ្ចីទុនពីធនាគារដើម្បីវិនិយោគ ។
បើតាមអ្នកជំនាញបានលើកឡើងថា ការវិនិយោគអចលនទ្រព្យដែលមិនមានទុនគ្រប់គ្រាន់សុទ្ធតែប្រឈមនឹងហានិភ័យ ក៏ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍន៍បុរីមិនមានទុនគ្រប់គ្រាន់ និងយកទុនពីធនាគារ គឺប្រឈមនឹងហានិភ័យខ្ពស់ ។
លោកបណ្ឌិតគីម ហាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត បានលើកឡើងថា បច្ចុប្បន្នលោកបារម្ភចំពោះ អ្នកដែលអភិវឌ្ឍន៍អចលនទ្រព្យដោយមិនមានទុនគ្រប់គ្រាន់ ។ អ្នកខ្លះចង់ទិញដី ដើម្បីពុះជាឡូត៍ៗ ដើម្បីលក់យកចំនេញ ប៉ុន្តែគាត់មិនមានទុនគ្រប់គ្រាន់ក្នុងការទិញដី និងលុយសម្រាប់ចាក់ដីពុះឡូត៍ ក៏ទៅយកពីធនាគារមកអភិវឌ្ឍន៍ ។ ការធ្វើបែបនេះ ហានិភ័យនៃបរាជ័យ គឺនឹងមានតែតិចតួច ប៉ុន្តែសម្រាប់អ្នកដែលចង់សង់បុរីលក់ផ្ទះ ដោយមិនមានលុយគ្រប់គ្រាន់សូម្បីតែទិញដី ដើម្បីអភិវឌ្ឍន៍ គឺមានហានិភ័យខ្ពស់ ពីព្រោះថា កញ្ចប់ថវិកាដើម្បីសង់ផ្ទះ គឺខ្ពស់ជាងលុយទិញដីទៅទៀត ។ ឧទាហរណ៍ថា ទិញដីអស់៣លាន ដូច្នេះត្រូវការលុយ១៥លានទៀត ដើម្បីសង់បញ្ចប់ ប៉ុន្តែបើសិនជាគាត់មិនមានលុយទិញដីគ្រប់ផង តើគាត់មានលុយឯណាទៅសង់ផ្ទះនោះ ។
លោកបន្តថា អ្នកទិញផ្ទះបច្ចុប្បន្ននេះ គឺឆ្លាតៗណាស់ មុននឹងទិញផ្ទះពីម្ចាស់បុរីណាមួយ ពួកគេបានស៊ើបនិងសាកសួរពីប្រវត្តិអភិវឌ្ឍន៍អស់ហើយ ដូច្នេះហើយទើបអ្នកខ្លះតែមួយថ្ងៃលក់បានរាប់រយល្វែងចំណែកអ្នកខ្លះទៀតមួយឆ្នាំលក់មិនបាន១០០ល្វែងផង ។ លោកថា៖« អ្នកសង់លំនៅឋាននៅពេលបច្ចុប្បន្ននេះ មានអ្នកសង់ពិត និងអ្នកសង់មិនមានច្បាប់មិនមានអាជ្ញាប័ណ្ណ និងមិនច្បាស់លាស់នូវការសាងសង់របស់ខ្លួន ។
ជាក់ស្ដែងអ្នកខ្លះប្រកាសសង់ផ្ទះ៣០០ល្វែង ក៏ប៉ុន្តែដីសម្រាប់សាងសង់មានតែពាក់កណ្ដាល ដូច្នេះអ្នកនោះប្រឈមនឹងហានិភ័យបរាជ័យខ្ពស់ហើយ » ។ លោកបន្ថែមថា ពាក់ព័ន្ធជាមួយនឹងវិស័យអចលនទ្រព្យដែរ កម្ពុជាគួរតែពន្យារពេលអនុវត្តន៍ពន្ធលើចំណូលធនដល់ឆ្នាំ ២០២៣ ព្រោះថា ក្នុងឆ្នាំ២០២០នេះជន្ទល់សេដ្ឋកិច្ចសំខាន់ៗបានរងផលប៉ះពាល់ដោយសារតែកូវីដ១៩ ដូច្នេះឆ្នាំ ២០២១ក៏មិនប្រាកដថា ជន្ទល់សេដ្ឋកិច្ចទាំងនោះបានរឹងមាំឡើងវិញដែរ ។
ក្នុងចំណោមជន្ទល់សេដ្ឋកិច្ចទាំងនោះ ក៏មានវិស័យអចលនទ្រព្យនិងដីធ្លីផងដែរ ដូច្នេះការកំណត់យកពន្ធពីវិស័យដីធ្លី ទៅជួយវិស័យផ្សេងគឺវានៅតែមានភាពផ្អៀងនៃសេដ្ឋកិច្ច និងធ្វើអោយការទិញលក់ដីធ្លី និងអចលនទ្រព្យកាន់តែមានភាពពិបាក ។
សូមបញ្ជាក់ផងដែរថា ការផ្គត់ផ្គង់បុរីលំនៅឋាននៅក្នុងប្រទេសកម្ពុជានាពេលនេះគឺនៅតែបន្តសកម្មភាពដដែលក្នុងដំណាក់នៃវិបត្តិជំងឺសកលកូវីដ១៩ ជាពិសេសនៅតំបន់ជាយរាជធានី សកម្មភាពនៃការអភិវឌ្ឍ និងសាងសង់លំនៅឋាននៅតែសម្រុកដដែល ក្នុងនោះបុរីតូចធំបានសាងសង់និងប្រកាសលក់គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ