ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ទេសចរណ៍​ធំ​មួយ​ចេញ​លិខិត​សុំ​ទោស​កម្ពុជា​ក្រោយ​មាន​ប្រតិកម្ម​ខ្លាំង​ៗ​រឿង​សរសេរ​ពាក្យ​វៀតណាម​លើ​រូប​ប្រាសាទអង្គរវត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ​ឈ្មោះ​ថា Wendy Wu Tours ដែល​ទើប​រង​ប្រតិកម្ម​យ៉ាងដំណំ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ដោយសារ​ច្រឡំ​ដាក់​ពាក្យ «VIETNAM» លើ​រូប​ប្រាសាទអង្គរវត្ត​នោះ…

​រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ​ឈ្មោះ​ថា Wendy Wu Tours ដែល​ទើប​រង​ប្រតិកម្ម​យ៉ាងដំណំ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ដោយសារ​ច្រឡំ​ដាក់​ពាក្យ «VIETNAM» លើ​រូប​ប្រាសាទអង្គរវត្ត​នោះ បាន​ចេញ​លិខិត​សុំ​ទោស​ជា​សាធារណៈ​ជូន​ចំពោះ​ប្រជាជាតិ​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​វិញ​ហើយ​។

​យោង​តាម​លិខិត​របស់​ក្រុមហ៊ុន​ទេសចរណ៍ Wendy Wu Tours ចុះហត្ថលេខា​ដោយ Andy Eastham ប្រធាន​ផ្នែក​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​និង​ទំនាក់ទំនង​សកល​និង​ចុះ​ថ្ងៃ​ទី ២៤ ខែកញ្ញា ឆ្នាំ​២០២០ ជូន​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​ពន្យល់​បញ្ជាក់​ថា​ដោយសារ​តែ​បញ្ហា​បច្ចេកទេស​នៃ​ការ​បោះ​ពុ​ម្ភ​ខិតប័ណ្ណ​ទេសចរណ៍ និង​បាន​បង្កើត​នូវ​កំហុសឆ្គង​ដោយ​អ​ចេតនា​មួយ គឺ​នៅ​ត្រង់​នៅ​ផ្នែក​ខាងលើ​នៃ​រូបភាព​ប្រាសាទអង្គរវត្ត គេ​បាន​សរសេរ​ពាក្យ​ថា «VIETNAM» ជា​ហេតុ​នាំ​ឱ្យ​មានការ​យល់​ច្រឡំ​ថា ប្រាសាទអង្គរវត្ត ស្ថិត​នៅ​ប្រទេស​វៀតណាម​។

​លោក Andy Eastham បាន​សរសេរ​ថា «​ជាបឋម​យើង​ពិតជា​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះបណ្តឹង​និង​ការ​រិះគន់ ដែល​អ្នក​និង​ក្រសួងទេសចរណ៍​បាន​ទទួល​លើ​បញ្ហា​នេះ​ពី​អ្នក​ពាក់ព័ន្ធ​របស់​អ្នក​។ យើង​អាច​ស្រមៃ​ថា​នេះ​ជា​ស្ថានភាព​ឆ្គាំឆ្គង ។ ហេតុ​ដូចនេះ​ហើយ​យើង​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ​ហើយ​សូម​អភ័យទោស​ដោយ​ស្មោះ​» ។

​សូម​បញ្ជាក់​ថា Wendy Wu Tours ជាទី​ភ្នាក់ងារទេសចរណ៍​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ចក្រភព​អង់គ្លេស ហើយ​ក៏​មាន​សាខា​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ផង​ដែរ​។

​រឿងហេតុ​នេះ​កើតឡើង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ក្រុមហ៊ុន Wendy Wu Tours បាន​ផ្សព្វផ្សាយ​កម្មវិធី​ទស្សនកិច្ច​របស់​ខ្លួន​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​រូបភាព​តំបន់ ទេសចរណ៍​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​រូបភាព​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​នោះ គឺ​ក្រុមហ៊ុន​បាន​ច្រឡំ​ដាក់​ពាក្យ VIETNAM នៅ​លើ​រូបភាព​ប្រាសាទអង្គរវត្ត របស់​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឱ្យ​មានការ​មិន​ពេញចិត្ត និង​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សាធារណជន​។

​ជាមួយ​គ្នា​នោះ ក្រសួងទេសចរណ៍​ក៏​បាន​ប្រតិកម្ម​ជា​បន្ទាន់​ទៅ​កាន់​ក្រុមហ៊ុន Wendy Wu Tours ដើម្បី​ឱ្យ​ក្រុមហ៊ុន​កែសម្រួល​ឡើង​វិញ និង​សុំ​ទោស​ជា​សាធារណៈ​។ ពេល​នោះ ក្រុមហ៊ុន Wendy Wu Tours ក៏​បាន​ឆ្លើយ​តប និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន​តាម​រយៈ​លិខិត​ជា​ផ្លូវការ​។ ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​មួយ​នេះ ក៏​បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​នៅ​ចក្រភព​អង់គ្លេស ប្រទេស​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ