រាជធានីភ្នំពេញ ៖ ស្របពេលដែលលោក ព្រាប សុវត្ថិបាន លាឈប់ពីហង្សមាស គេឃើញថា ខាងផលិតកម្មជើងខ្លាំងនេះ បានប្តូរយុទ្ធវិធីថ្មីទៀត ដោយសម្រេចទទួលយកឱកាស ដល់អ្នកនិពន្ធបទចម្រៀងជើងថ្មី។ នេះជាការទម្លាយឱ្យដឹងប្រភពមួយក្រោយពេលឆាប់ៗនេះនឹងមានអ្នកនិពន្ធមួយរូបចូលបម្រើការងារ។

យ៉ាងណា មានការលើកឡើងថា អ្នកនិពន្ធបទភ្លេងមួយ ដែលចម្រាញ់តារាចម្រៀងមួយចំនួន បានចូលទៅកាន់ផលិតកម្មហង្សមាស។ អ្នកនិពន្ធរូបនោះឈ្មោះនោះ គឺ លោក Tho Meet ដែលបច្ចុប្បន្ន គឺជាអ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម Galaxy ដែលបានសាងស្នាដៃ តាមរយៈបទចម្រៀងជាច្រើន ដូចជា បទ «កាកសង្សារ» «ចង់លក់ផ្ទះចោល» និងបទ «ដណ្ដឹងអូនទៅ» ជាដើម។

លោក Tho Meet ត្រូវបានហង្សមាស សម្រេចយកចិត្តដោយផ្តល់សិទ្ធិអោយលោកនិពន្ធបទចម្រៀង ដែលរាល់ថ្ងៃនេះ នៅខ្វះអ្នកនិពន្ធ ខណៈមានអ្នកចម្រៀងច្រើនដួង។ អ្នកនិពន្ធខាងលើនេះ ត្រូវវគេលើកឡើងថា អាចមានចម្រៀងចាក់ដោត ហើយធ្វើអោយផលិតកម្មខាងលើផ្ទុះម្តងទៀត។

លោកTho Meet គឺជាអតីតអ្នកនិពន្ធបទភ្លេងនៅផលិតកម្មថោន និងសាន់ដេ មុនមករួម ការងារជាមួយលោកយឹម តាស្រង់ នៅ Galaxy ប្រមាណជិត១ឆ្នាំនេះ។ ប្រសិនបើអ្វីៗដើរ ដូចការ បង្ហើបរបស់ប្រភពកំបាំងនោះ ហង្សមាស គឺជាផលិតកម្មទី៤ហើយ សម្រាប់ Tho Meet នៅក្នុងសិល្បៈតែងនិពន្ធបទភ្លេង។ នេះជាការបែកធ្លាយ ហើយក៏ដឹងថា តារាមួយចំនួនដឹងរឿងនេះខ្លះ មានការរីករាយ ព្រោះស្គាល់ច្បាស់ពីលោក Tho Meet មានទេពកោសល្យបែបណា។





ចែករំលែកព័តមាននេះ