ដង្កូវ​តូច​ធំ​វារ​រវើក​ៗ​លើ​គំនរ​សំរាម​ជះ​ក្លិន​​អសោច​ិ៍​ក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី


ខេត្ត​ប៉ៃលិន ៖ សំរាម​ជា​ច្រើន​កា​រ៉ុ​ង​ដែល​ត្រូវ​បាន​អាជីវករ និង​ប្រជាពលរដ្ឋ​យក​ទៅ​គរ​ចោល​រយៈពេល​ជាង​១​អាទិត្យ​ទៅ​ហើយ​បាន​បង្ក​ជា​ក្លិនស្អុយ​អសោចិ៍​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​អ្នកបើកបរ​ម៉ូតូ​ចេញ​-​ចូល​ទៅ​មក​ក្នុង​ផ្សារ​ក្រុងប៉ៃលិន​។ ជាក់ស្តែង​គេ​ឃើញ​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​បរិវេណ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ សា​រ៉េ​ត អាយុ​៥០​ឆ្នាំ និង​ឈ្មោះ អូន អាយុ​៥៣​ឆ្នាំ រស់នៅ​ក្បែរ​កន្លែង​គេ​គរ​ចោល​សំរាម​ខាងលើ ដោយ​អត់​មាន​ក្រុមហ៊ុន​ដឹក​យក​ទៅ​ចោល​នោះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ នៅ​ពេល​មាន​ខ្យល់​បក់​បោក​មក​ពី​គ្រប់​ទិស​ម្តង​ៗ ធ្វើ​ឱ្យ​ពួក​គាត់​ដែល​មានផ្ទះ​នៅ​ក្បែរ​គំនរ​សំរាម​នេះ ពិតជា​មានការ​លំបាក​ទ្រាំ​ខ្លាំង​ណាស់ ដោយ​ស្អុយ​ដូច​គំរង់​ខ្មោចសត្វ​ងាប់ ស្ទើរ​ក្អួតចង្អោរ​ម្តង​ៗ​ទៅ​ហើយ ជា​ពិសេស​ពេល​ហូប​អាហារ​ម្តង​ៗ​ស្ទើរតែ​ចេញ​មក​ក្រៅ​វិញ​ទាំងអស់ ។

គាត់​បន្ត​ទៀត​ថា កំទេច​សំរាម ដែល​គេ​ដឹក​យក​ទៅ​គរ​ទុក​ចោល​នៅ​ក្នុង​បរិវេណ​ផ្សារ និង​ក្បែរ​ផ្ទះ​របស់​គាត់ រួម​មាន​ដូច​ជា ៖ កំទេច​បន្លែ កាក​សំណល់​ផ្ទះបាយ សំបក​ពងមាន់ ពង​ទា ឆ្អឹង​គោ ឆ្អឹង​ជ្រូក ក្បាល​ត្រី ស្រកាត្រី រួម​ជាមួយនឹង​កាក​សំណល់​បន្លែ​គ្រប់​ប្រភេទ​ផង​ដែរ ដោយពេល​នេះ​ក្លាយទៅជា​ដង្កូវ​តូច​ធំ​ជា​ច្រើន​វារ​រវើក​គួរ​ឱ្យ​ខ្ពើម ។

គាត់​បន្ត​ទៀត​ថា ៖ សំរាម​ដ៏​ច្រើន​បែប​នេះ ត្រូវ​គេ​គរ​ទុក​ចោល​តាំងពី​មុន​ភ្ជុំបិណ្ឌ​មក​ម្ល៉េះ ដោយ​មិនឃើញ​ក្រុមហ៊ុន​ដឹក​សំរាម​នាំ​គ្នា​មក​កើប​យក​ទៅ​ចោល​ឡើយ ។ ការ​ទុក​គរ​ចោល​សំរាម​អស់​រយៈពេល​ជា​យូរថ្ងៃ​បែប​នេះ ពិតជា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ នៅ​ក្បែរ​ផ្សារ និង​ប្រជាពលរដ្ឋ ព្រមទាំង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន ក៏​អាច​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផង​ដែរ ។

ចំណែក​អ្នក​ភូមិ​ប៉ា​ហ៊ី​ជើង ក៏​បាន​រិះគន់​ផង​ដែរ​ថា គួរតែ​មេការ​ក្រុមហ៊ុន​សំរាម ដឹក​យក​ទៅ​ចាក់​ចោល​នៅ​កន្លែង​ទីលាន​ចាក់សំរាម​ឱ្យ​បាន​ញឹកញាប់ កុំ​ទុក​យូរ​ពេក ព្រោះ​រាល់ថ្ងៃ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​រថយន្ត​អនាម័យ​ដឹក​សំរាម​ជា​ច្រើន​គ្រឿង​ដែរ គួរតែ​យក​ទៅ​បោះចោល​នៅ​ទីនោះ​រយៈពេល​២​ទៅ​៣​ថ្ងៃ​ម្តង ទើប​មិន​បង្ក​ផល​ប៉ះពាល់​សុខភាព​ផ្លូវដង្ហើម ។ ជា​ពិសេស​ការ​ទុក​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ខូច​សោភ័ណ​ភាព​ក្រុង​ផង​ដែរ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សំរាម​ខាងលើ​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ទាន់​ដឹង​រឿង​នេះ​ទេ ចាំ​ប្រាប់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចុះ​ពិនិត្យ និង​ទាក់ទង​ទៅ​មេការ​ក្រុម​ហ៊ុន​ដឹក​សំរាម ឱ្យ​ដឹក​យក​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ