ដឹង​ពី​ហេតុការណ៍រន្ទះ​បាញ់​មនុស្ស​១គ្រួសារ​បាត់បង់ជីវិត​​ទាំង​អស់​


ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ​មនុស្ស​ចំនួន​៨​នាក់​បាន​ស្លាប់ រីឯ​៣​នាក់​ទៀត រង​របួសធ្ងន់ ដោយសារ​រន្ទះបាញ់​២​ករណី​ផ្សេង​គ្នា ដែល​ករណី​ទី​១ ពេល​កំពុង​ហូប​បាយ​ជួបជុំ​គ្នា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ កញ្ញា នៅ​ភូមិ​បឹង​ធ្មួ​ញ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ស្លាប់​៧​នាក់ របួស​៣​នាក់ ។ ឯ​ករណី​ទី​២ ស្លាប់​ម្នាក់ ពេល​ដើរទៅ​វាលស្រែ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច ។

សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ស្លាប់​និង​របួស​ទាំង​១០​នាក់​នោះ​មាន​៖
១-​ឈ្មោះ យ៉ុ​ម ញ៉ឹ​ប ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ស្លាប់ ។
២-​ឈ្មោះ ជា សុខ​ណា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ប្រពន្ធ​ស្លាប់ ។
៣-​ឈ្មោះ យ៉ុ​ម ចរិយា ភេទ​ស្រី អាយុ​២៥​ឆ្នាំ កូន​ម្ចាស់ផ្ទះ​ស្លាប់ ។
៤-​ឈ្មោះ យ៉ុ​ម រ៉ា​វុ​ធ ប្រុស​២៦​ឆ្នាំ កូន​ម្ចាស់ផ្ទះ​ស្លាប់ ។
៥-​ឈ្មោះ អន វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​នៅ​បាត់ដំបង ស្លាប់ ។
៦-​ឈ្មោះ ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ អ្នក​នៅ​បាត់ដំបង ស្លាប់ ។
៧-​ឈ្មោះ ហួត ហុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ អ្នក​នៅ​បាត់ដំបង ស្លាប់ ។
៨-​ឈ្មោះ វឿ​ន វុ​ត្ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អ្នក​នៅ​បាត់ដំបង រង​របួសធ្ងន់ ។
៩-​ឈ្មោះ សើក សារស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អ្នក​នៅ​បាត់ដំបង រង​របួសធ្ងន់ ។
១០-​ឈ្មោះ ឃឿ​ត សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​កន្លែង​កើតហេតុ​រង​របួសធ្ងន់ ។

សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​សួរនាំ និង​ពិនិត្យ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង ពេល​ជន​រង​គ្រោះ​ទាំងអស់​កំពុង​ផឹកស៊ី​សប្បាយ​ជុំ​គ្នា​នោះ​នៅ​លើ​បង់​ថ្ម​ខាង​មុខ​ផ្ទះ​ក្រោម​ពន្លឺភ្លើង​សូ​ឡា និង​ក្រោម​ដើម​ស្វាយ ខណៈ​មេឃ​ចាប់ផ្ដើម​ធ្លាក់​ភ្លៀងរលឹម​តិច​ៗ ។ សមត្ថកិច្ច​បាន​ស្រង់​សម្តី​សាក្សី​ថា ពេល​នោះ​ស្រាប់តែ​អំ​ពូ​ល​សូ​ឡា​ដាច់ ហើយ​ម្ចាស់ផ្ទះ​បាន​ទៅ​ពិនិត្យ​ខ្សែ ។ ប៉ុន្តែ​នៅ​ពេល​ម្ចាស់ផ្ទះ​យក​ខ្សែ​ដែល​ដាច់​មក​ត​វិញ​ឱ្យ​ភ្លើង​ភ្លឺ ស្រាប់តែ​រន្ទះ​បាន​បាញ់​លាន់​កក្រើក​ចំ​តុ​អង្គុយ​ផឹកស៊ី បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​រដូករណែល​ជុំវិញ​តុ​ថ្ម​នោះ​តែ​ម្ដង ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ដែរ​ថា ដំបូង​មាន​គ្នា​ជាង​១០​នាក់ រាប់​ទាំង​ក្មេង​ៗ​ផង ។ ប៉ុន្តែ​មុន​កើតហេតុ​បន្តិច ក្មេង​ទាំងនោះ​បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ​អស់​ដោយសារ​មេឃ​ភ្លៀង ។ លុះ​ក្មេង​ៗ​ចេញ​ផុត​ស្រាប់តែ​រន្ទះ​បាន​បាញ់​តែ​ម្ដង ។ ប្រភព​ដដែល​បាន​បញ្ជាក់​ដែរ​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រៀបចំ​កម្មវិធី​ជួបជុំ​បងប្អូន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ស្រាប់តែ​មក​ជួប​សោកនាដកម្ម​បែប​នេះ ។

យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នេះ​ក្រុម​គ្រួ​សារបាន​ដឹក​សព​ជន​រង​គ្រោះ​ទៅ​កាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​ហើយ​ដើម្បី​ធ្វើបុណ្យ លើកលែងតែ​សព​គ្រួសារ​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ​ដែល​ត្រូវ​រៀបចំ​ធ្វើបុណ្យ​រួម​គ្នា ។ បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា សព​គ្រួសារ​រង​គ្រោះ​៤​នាក់ ឪពុក​ម្ដាយ​និង​កូនប្រុស ស្រី​ត្រូវ​បាន​សាច់ញាតិ និង​អ្នក​ភូមិ​រៀបចំ​ធ្វើបុណ្យ​ក្នុង​វត្ត​មួយ​នៅ​ក្នុងភូមិ ដែល​មើលទៅ​គួរ​ឱ្យ​សង្វេគ​បំផុត ។ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ផ្ញើ​សារ​រំលែក​មរណទុក្ខ គ្រួសារ​សព​ដែល​រង​គ្រោះ ដោយសារ​រន្ទះបាញ់​ស្លាប់​៨​នាក់ និង​របួស​៣​នាក់ នៅ​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។

ក្នុង​សារ​រំលែក​មរណទុក្ខ​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ខ្លឹមសារ​ទាំងស្រុង ដូច​ខាងក្រោម​៖
«​ខ្ញុំ និង​ភរិយា មាន​សេចក្ដី​រន្ធត់​ក្តុកក្តួល​សង្វេគ​សោកស្ដាយ​ជា​អនេក ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាទី​បំផុត ចំពោះ​មរណភាព នៃ​សមាជិក​ក្រុម​គ្រួសារ​ចំនួន​៨​រូប កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែភទ្របទ ឆ្នាំជូត ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​ឧប្បទ្ទវហេតុ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ដែល​បាន​កើតឡើង​នៅ​ភូមិ​បឹង​ធ្លុ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។
ក្នុង​នាម​ខ្ញុំ​ផ្ទាល់ និង​ភរិយា ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ និង​ទុក្ខ​ព្រួយ​ដ៏​ក្រៀមក្រំ​នេះ ជាមួយ​ក្រុម​គ្រួសារ ព្រមទាំង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំងអស់​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក លោកស្រី ជា​សមាជិក​ក្រុម​គ្រួសារ​ទាំង​០៨​រូប សូម​បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ទន្ទឹម​នេះ ខ្ញុំ​ក៏​សូម​ជូនពរ​អ្នក​រង​របួស​ចំនួន ០៣​រូប ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ សូម​ឆាប់​បានជា​សះស្បើយ ដើម្បី​បាន​ប្រកប​ជីវភាព រស់នៅ​ប្រចាំ​ថ្ងៃជា​ប្រក្រតី​ឡើង​វិញ​» ។
សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច មាន​រន្ទះបាញ់​២​ករណី ដែល​ករណី​ទី​១​ត្រូវ​រន្ទះបាញ់​ស្លាប់​ចំនួន​៧​នាក់ និង​រង​របួស ៣​នាក់ នៅ​ភូមិ​ធ្នួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង និង​ករណី​ទី​២ បុរស​ម្នាក់​ដើរ​ទៅ​វាលស្រែ ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​ផង​ដែរ ហើយ​បច្ចុប្បន្ន​សព​កំពុង​តំកល់ ធ្វើបុណ្យ នៅ​វត្ត​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ