បើកឡានរេពេញផ្លូវទៅពន្លះមួយគ្រួសារលាន់ដូចរន្ទះ​


ខេត្តស្វាយរៀង ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្តបុកជាមួយម៉ូតូ​ក្នុងទិសដៅបញ្ច្រាសគ្នា ​បណ្តាល​ឱ្យ​​បុរស​ម្នាក់​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​​កន្លែង​ ចំណែក​២​នាក់​ទៀត​រង​របួសធ្ងន់​។

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​​កើតឡើង​កាលពី​​​វេលា​ម៉ោង៦​និង​៥២​នាទីយប់​ថ្ងៃ​ទី​១៦ ​ខែកញ្ញា​ ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​ចន្លោះ​គីឡូម៉ែត្រលេខ​១២១-១២២ ស្ថិត​ក្នុងភូមិ​ចំបក់​ សង្កាត់​ចេក ​ក្រុង​ស្វាយ​រៀង ​ខេត្តស្វាយរៀង ។​

​ភាគី​ខាង​រថយន្ដ​​មួយគ្រឿង​ម៉ា​ក ESCALADE EXT ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Q-៨១១១ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់​គេច​ខ្លួន​បាត់​ ។ ចំណែកជនរងគ្រោះទាំង​​​​៣នាក់​ខាងលើ ក្នុងនោះ ១-​បុរសជា​ប្តី និងជាអ្នកបើកបរម៉ូតូ​ឈ្មោះ​ថន សាក់ ​អាយុ​៣៤​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ដ​ ​បានបាត់បង់ជីវិត​ ២-ស្ត្រីជា​ប្រពន្ធ​ និង​ជា​អ្នក​រួម​ដំណើរ​ឈ្មោះ​ពេជ្រ អិត អាយុ​២៨​ឆ្នាំ​ មុខ​របរ​កម្មករ​រោងចក្រ​ រង​របួសធ្ងន់​ ​និង៣-កូនស្រី និង​ជា​អ្នករួមដំណើរ​​ឈ្មោះ​កែវ សុ​ម៉ា​វ​តី អាយុ​៨​ឆ្នាំ​ ​ជា​​សិស្ស​ ​រង​​របួសធ្ងន់​ ។ ជនរងគ្រោះទាំង​៣នាក់រស់នៅ​ភូមិ​សង្គ្រោះ ​ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង ។ ជនរងគ្រោះទាំង​៣នាក់​ជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដា​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ​ស្វាយ​រៀង ​១I -៧០២៦ ។​

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន និង​​រេ​ពេញ​ផ្លូវ ​សង្ស័យ​ស្រវឹង​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​១​គ្រឿង​​ជិះគ្នា​៣នាក់​បើក​បញ្ច្រាស​ទិ​ស​គ្នា​ពី​កើត​ទៅ​លិចមកដល់​​ ក៏​ត្រូវ​រថយន្ត​នោះ​បុក​ចំ​ពីមុខយ៉ាង​​ពេញទំហឹង​លាន់​ដូច​រន្ទះ ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​​នឹង​​កន្លែង ​ចំណែក​ប្រពន្ធ​និង​កូនរង​របួសធ្ងន់​សន្លប់​​ស្តូកស្តឹងនៅលើផ្លូវ​ រីឯ​ម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ដោយឡែក​​​អ្នកបើកបរ​ថយន្ត​បង្កបានរត់គេចខ្លួនបាត់ ។​​

​ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យមក​​ដឹកជនរងគ្រោះ​រងរបួសធ្ងន់​ទាំង​២នាក់​​បញ្ជូន​​ទៅ​​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ ​ចំណែកសពជនរងគ្រោះម្នាក់​​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារយកទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ​ដោយឡែក រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តស្វាយរៀង​ដើម្បី​​រង់ចាំធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ