ខេត្តព្រះសីហនុ ៖ ពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងការប្រកាសចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ បានប្រារព្ធធ្វើកាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
សាលាឧទ្ធរណ៍ព្រះសីហនុ ត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅ
ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់និងវិស័យយុត្តិធម៌ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះសំណុំរឿង ដែលត្រូវប្រមូលផ្តុំនៅសាលាឧទ្ធរណ៍ភ្នំពេញតែមួយ។
ការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយអាចជួយកាត់បន្ថយការចំណាយពេលវេលានិងថវិកា ក្នុងការធ្វើដំណើរពីបណ្តាខេត្តជាប់មាត់សមុទ្រទាំង៤មកកាន់រាជធានីភ្នំពេញ ។
យោងតាមព្រះរាជក្រឹត្យ បានត្រាស់បង្គាប់តែងតាំងឯកឧត្តម សុខ កល្យាណ ជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងឯកឧត្តម លឹម ស៊ីណាត អគ្គលេខាធិការនៃអគ្គលេខធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ៕
ចែករំលែកព័តមាននេះ