អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

4 ខែ មុន

សហរដ្ឋអាមេរិក ៖ ខណៈ​សល់​ពេល​២​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក រដ្ឋការ​លោក​ដូ​ណា​ល់ ​ត្រាំ ​កាលពី​ថ្ងៃ​ទី​២ ​កញ្ញា បាន​អនុវត្ត​ការ​គំរាម​របស់​ខ្លួន​ប្រឆាំង​មនុស្ស​ដែល​ពួក​អភិរក្សនិយម​អា​មេ​រិ​ក​ស្អប់​ គឺ​រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ CPI…

សហរដ្ឋអាមេរិក ៖ ខណៈ​សល់​ពេល​២​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក រដ្ឋការ​លោក​ដូ​ណា​ល់ ​ត្រាំ ​កាលពី​ថ្ងៃ​ទី​២ ​កញ្ញា បាន​អនុវត្ត​ការ​គំរាម​របស់​ខ្លួន​ប្រឆាំង​មនុស្ស​ដែល​ពួក​អភិរក្សនិយម​អា​មេ​រិ​ក​ស្អប់​ គឺ​រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ CPI លោកស្រី​ FATOU BENSOUDA​។

តុលាការ​ CPI ​បាន​ថ្កោលទោស​ការ​ដាក់​ទណ្ឌកម្ម​នោះ​ថា មិន​អាច​ទទួលយក​បាន ​និង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ MIKE POMPEO ​ថ្លែង​ថា ពេល​នេះ​យើង​ឈាន​ពី​ពាក្យ​សម្ដី​មក​ជា​ការ​អនុវត្ត ព្រោះ​តុលាការ​ CPI ​បន្តសកម្មភាព​ប្រឆាំង​បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​។

លោក​បាន​ប្រកាស​ពី​ការ​បញ្ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក លោកស្រី​ FATOU BENSOUDA ​រដ្ឋ​អាជ្ញា​តុលាការ​ CPI និង​លោក​ PHAKISO MOCHOCHOKO​ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​ទៀត​របស់​តុលាការ​នោះ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡា​អេ​ប្រទេស​ហូ​ឡង់​។ ទ្រព្យសម្បត្តិ​របស់​ពួក​គេ​នៅ​អា​មេ​រិ​ក នឹង​ត្រូវ​ផ្អឹប​ទុក​ហើយ​ការ​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​របស់​ពួក​គេ​ត្រូវ​រាំង​ខ្ទប់​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ​POMPEO ​បាន​ព្រមាន​ថា រាល់​បុគ្គល ​ឬ​អង្គភាព ដែល​បន្ត​គាំទ្រ​អ្នក​ទាំងនោះ ក៏​នឹង​រង​ទណ្ឌកម្ម​ដែរ​។ យើង​នឹង​មិន​អត់អោន​ដល់​ការ​ប៉ុនប៉ង​ខុសច្បាប់​នានា របស់​តុលាការ​ CPI​ ដែល​ចង់​កាត់ទោស​ជនជាតិ​អា​មេ​រិ​ក​ឡើយ​។

ដោយ​ចេញ​មុខ​រួច​ហើយ​ក្នុង​ការ​វាយលុក​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក ប្រឆាំង​តុលាការ​នេះ ប្រធានា​ធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ធ្លាប់​អនុញ្ញាត​កាលពី​ខែមិថុនា ឲ្យ​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច ប្រឆាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​តុលាការ​នោះ ពី​បទ​បញ្ចុះបញ្ចូល​ឲ្យ​មានការ​តាមដាន​ស៊ើ​ប​អង្កេត​​បណ្ដា​ទាហាន​អា​មេ​រិ​ក ដែល​ចូលរួម ក្នុង​ជម្លោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ក្រុង​វ៉ា​ស៊ិ​ន​តោន​មុន​នេះ​បាន​ហាមឃាត់​រួច​ហើយ មិន​ឲ្យ​ចូល​ក្នុង​ដែនដី​អា​មេ​រិ​ក បណ្ដា​អ្នក​ទទួល​ខុស​ត្រូវ​របស់​តុលាការ ​CPI និង​ដក​ទិដ្ឋាការ​អា​មេ​រិ​ក ពី​លោកស្រី​FATOU BENSOUDA​។
តុលា​ការ ​CPI ​ថ្លែង​ថា អំពើ​ទាំងនោះ​ប្រឆាំង​ស្ថាប័ន​តុលាការអន្តរជាតិ​មួយ​និង​បណ្ដា​មន្ត្រី​ស្ថាប័ន​នោះ ជា​អំពើ​ពុំ​ធ្លាប់​មាន​ពី​មុន​មក និង​ជា​ការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​មួយ​ប្រឆាំង​តុលាការ​នេះ ជា​ប្រព័ន្ធ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​៕