ឥណ្ឌា ៖ ក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឥណ្ឌា (ICMR) បានទទួលស្គាល់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសរបស់ខ្លួនដំបូងគេបំផុត នៅទូទាំងប្រទេស។
ក្រុមហ៊ុន Oscar Medicare មានមូលដ្ឋាននៅទីក្រុងដេលី បាននិយាយថា ខ្លួនបានបង្កើតឧបករណ៍តេស្តយ៉ាងរហ័ស ដោយយកចិត្តទុកដាក់ជាមួយនឹង Sensitivity ៩៧.៦៦% ខ្ពស់ជាងតំរូវការរបស់ ICMR ដែលមាន Sensitivity ៩៣% និង Specificity ៩៩% លើតម្រូវការរបស់ ICMR។ នេះគឺជាការលើកឡើងនាយកប្រតិបត្តិក្រុមហ៊ុន លោក Anand Sekhri។
លោក Sekhri បានប្រាប់ CNN ថា៖ «តេស្តនេះ មិនតម្រូវឱ្យមានការពាក់សម្លៀកបំពាក់ការពារ (PPE) ឬបុគ្គលិកថែទាំសុខភាពដែលទទួលការបណ្តុះបណ្តាលខ្ពស់នោះទេ ព្រោះវាស្រដៀងទៅនឹងការត្រួតពិនិត្យជំងឺទឹកនោមផ្អែម ដែលត្រូវបានប្រើដោយអ្នកជំងឺនៅទូទាំងប្រទេសឥណ្ឌា»។
ការធ្វើតេស្តនេះ ត្រូវបានអនុម័តដោយ ICMR សម្រាប់ការប្រើប្រាស់មន្ទីរពិសោធន៍និងមន្ទីរពេទ្យ និងរកឃើញអង្គបដិប្រាណដែលមានមេរោគឆ្លង តាមរយៈការធ្វើតេស្តចាក់ម្ជុលងាយៗ។ វាផ្តល់នូវលទ្ធផលក្នុងរយៈពេល ១៥នាទី។
ឧបករណ៍ទាំងនេះ នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ដំបូងនៃខែកញ្ញា។ ក្រុមហ៊ុនក៏សង្ឃឹមថានឹងទទួលបានការយល់ព្រមក្នុងការលក់ឧបករណ៍នៅតាមឱសថស្ថាន ដើម្បីឱ្យពួកគេអាចប្រើបានដោយមនុស្សនៅផ្ទះ។
យោងតាមក្រសួងសុខាភិបាលឥណ្ឌា បានឱ្យដឹងថាប្រទេសឥណ្ឌាមានករណីឆ្លងវីរុសនេះចំនួនជាង ៣.២លានករណី ហើយបានធ្វើតេស្តជាង ៣៧លានករណីគិតត្រឹមថ្ងៃពុធនេះ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ