ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចែករំលែកចំណេះដឹងសម្រាប់បច្ចុប្បន្ន

9 ឆ្នាំ មុន

ការ​រីក​ដុះដាល​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម (facebook, twitter) បាន​ធ្វើ​ឱ្យ​ការ​ចែករំលែក​កាន់តែ​ងាយស្រួល និង​ច្រើន​ជាង​មុន​។ ប៉ុន្តែ​បើសិនជា​សួរ​ថា តើ​ការ​ចែករំលែក​ទាំងនោះ

ការ​រីក​ដុះដាល​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម (facebook, twitter) បាន​ធ្វើ​ឱ្យ​ការ​ចែករំលែក​កាន់តែ​ងាយស្រួល និង​ច្រើន​ជាង​មុន​។ ប៉ុន្តែ​បើសិនជា​សួរ​ថា តើ​ការ​ចែករំលែក​ទាំងនោះ ​សុទ្ធតែ​ជា​រឿង​មាន​ប្រយោជន៍​ឬ​អត់ ខ្ញុំ​ប្រហែលជា​មានអី​និយាយ​ទៀត​ហើយ​ ។ ជួនកាលពាក្យ​ថា ​ចែករំលែក និង​អួត ពិបាក​បែងចែក​ឱ្យ​ដាច់​ពី​គ្នា​ណាស់​ ។ អ្នកខ្លះ​អួត ដោយ​គិត​ថា​ ខ្លួនឯង​កំពុង​តែ​ចែករំលែក​ទៅ​វិញ​។ ក្នុង​អត្ថបទ​នេះ ខ្ញុំ​នឹង​និយាយ​ការ​ចែករំលែក​ចំនេះដឹង​ដែល​ពួក​យើង​គួរតែ​ធ្វើ​ក្នុង​បច្ចុប្បន្ន​ ។

ដើម្បី​ងាយស្រួល​យល់ យើង​មក​ស្វែង​យល់​ពី​ពាក្យ​ថា ​ចែករំលែក​នេះ​បន្តិច​សិន​ ។ ការ​ចែករំលែក ជា​ការ​ឱ្យ​នូវ​អ្វី​ដែល​យើង​មាន ចេះ និង​ធ្លាប់​ធ្វើ ទៅ​កាន់​អ្នក​ដទៃ​ ដោយ​ចេតនា និងអ​ចេតនា​ ។ ការ​ឱ្យ​នេះ​ធ្វើ​ឡើង​ដោយ​ចិត្ត​ចង់​ជួយចង់ឱ្យ​អ្នក​ដទៃ​បាន​ល្អ​ប្រសើរ​ ។ យើង​អាច​ចែករំលែក​បាន ​តាម​រូបភាព​ច្រើន​យ៉ាង ដូច​ជា ការ​ចែករំលែក​បទ​ពិសោធន៍​ក្នុង​ជីវិត ការ​ចែក​ជា​គំនិត​យល់​ឃើញ​នានា ការ​បង្ហាញ​ជា​រូបភាព ឬ​ពាក្យ​ពេ​ជន៍​ល្អ​ៗ​ជាដើម​ ។ សូ​ម្បី​តែ​ការ​ឱ្យ​ស្នាមញញឹម ឬ​ការ​អរគុណ ក៏​គេ​រាប់​ចូល​ជា​ការ​ចែករំលែក​ដែរ​ ។ នៅ​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​សរសេរ​ប្លុក​នេះ ទើប​ខ្ញុំ​ដឹង​ថា ចំនួន​អ្នក​ចែករំលែក​ជា​ភាសា​ខ្មែរ ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត នៅ​មាន​តិច​ណាស់ ដូច្នេះ​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​ព្យាយាម​សរសេរ​ជា​ភាសា​អង់គ្លេស មិន​ត្រឹមតែ​ពិបាក​ខ្លួនឯង​ទេ (​ព្រោះ​ខ្ញុំ​មិន​ពូកែ​អង់គ្លេស​ទេ​) ថែម​ទាំង​រុញ​ភាសា​ខ្លួនឯង​ឱ្យ​ចូល​ព្រៃ​ទៀត ដូច្នេះ​ប្រើ​ភាសា​ខ្មែរ ទើប​ងាយស្រួល​ក្នុង​ការ​ចែករំលែក​ ។ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​បំផ្លាញ​ភាសាជាតិ​ទេ​ ។

មនុស្ស​មាន​ហេតុផល​ផ្សេង​ៗ ​ពី​គ្នា ​ក្នុង​ការ​ចែករំលែក​នេះ​ ។ លោក Paul Adams អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រើប្រាស់ (UX researcher) នៅ​ក្រុមហ៊ុន Google បាន​រៀបរាប់​ពី​មូលហេតុ​សំខាន់​នៃ​ការ​ចែករំលែក ដែល​មាន​ដូច​ជា ចង់​រក្សា និង​បង្កើន​ទំនាក់ទំនង​សង្គម ចង់​ជួយ​អ្នក​ដទៃ​ជាមួយនឹង​អ្វី​ដែល​គេ​គិត​ថា ​មាន​តម្លៃ និង​ប្រមូលផ្តុំ​ទិន្នន័យ​ ។ ខ្ញុំ​ជឿ​ថា​ ហេតុផល​២​ដំបូង អ្នក​ទាំងអស់​គ្នា​អាច​យល់​បាន តែ​ហេតុផល​ទី​៣ មាន​ចំណុច​សំខាន់​របស់​វា ​។ សម្រាប់​ខ្ញុំ​ការ​បង្កើត​ប្លុក​ដើម្បី​ចែករំលែក​នេះ ជា​ការ​ប្រមូល​យក​អ្វី​ដែល​ខ្ញុំ​មាន និង​បាន​ជួប​ប្រទះ​ជា​រៀងរាល់ថ្ងៃ មក​ទុក​កន្លែង​តែ​មួយ ​ដើម្បី​ងាយស្រួល​ស្វែងរក​សម្រាប់​ខ្លួនឯង និង​អ្នក​ដទៃ​ ។ ខ្ញុំ​ជឿ​ថា ១០​ឆ្នាំ ឬ​២០​ឆ្នាំ​ក្រោយ ប្លុក​នេះ​នឹង​ក្លាយទៅជា Wikipedia ផ្ទាល់ខ្លួន​ខ្ញុំ​មួយ​មិន​ខាន ​។

«គ្មាន​អ្នក​ណា​ម្នាក់​ក្លាយជា​អ្នកក្រ ដោយសារ​ការ​ចែករំលែក​ចំនេះដឹង​ទេ​»

មាន​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​បានឃើញ​ដោយ​ចៃដន្យ “​ការ​ចែករំលែក ធ្វើ​ឱ្យ​ខ្លួន​យើង​ធំ​ជាង​អ្វី​ដែល​យើង​មាន​“​ ។ យើង​កាន់តែ​ចែករំលែក​ច្រើន​ប៉ុណ្ណា យើង​នឹង​កាន់តែ​ទទួល​បាន​ច្រើន​ប៉ុណ្ណោះ​។ តើ​យើង​នឹង​ទទួល​បាន​អ្វីខ្លះ​ត្រលប់​មក​វិញ? សម្រាប់​ខ្ញុំ គឺ​បាន​ទទួល​ពាក្យ​អរគុណ ការ​សរសើរ ការ​ពេញចិត្ត និង​ពាក្យ​រិះគន់​ផង​ដែរ ​។ គ្រាន់តែ​ខ្ញុំ​ធ្វើការ​ចែករំលែក​តែ​ម្យ៉ាង​សោះ ខ្ញុំ​ទទួល​បាន​រឿង​៤​យ៉ាង​ត្រលប់​មក​វិញ ​។ រឿង​៤​យ៉ាងនេះ រួម​គ្នា​បង្កើត​បានជា​សុភមង្គល​មួយ​បែប​ដែល​កម្រ​នឹង​រកបាន​ ។ រាល់ពេល​ដែល​ខ្ញុំ​ឃើញ​គេ Comment អរគុណ ខ្ញុំ​សប្បាយចិត្ត​មែនទែន ​។ នេះ​មិនមែន​ដោយសារ​ខ្ញុំ​ស៊ី​ជោរ ឬ​អង្គុយ​លើ​ចង្អេរ​អី​ទេ តែ​នេះ​បញ្ជាក់​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ មាន​គេ​ទទួលស្គាល់​ហើយ មាន​គេ​អាន​ហើយ​ ។ ចំពោះ​ពាក្យ​រិះគន់ គ្រាន់តែ​ជា​រឿង​កំប្លែង​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ ចង់​តែ​សើច​ ។

«បើសិនជា​យើង​ចែករំលែក​រឿង​មិនល្អ​ទៅ​កាន់​អ្នក​ដទៃ គេ​នឹង​ធ្វើ​រឿង​នោះ​មក​លើ​ខ្លួន​យើង​វិញ»

មនុស្ស​ជា​ច្រើន មិន​ហ៊ាន​ចែករំលែក​ចំនេះដឹង​របស់​ពួក​គេ មិនមែន​ដោយសារ​តែ​ភាព​កំណាញ់​នោះ​ទេ តែ​ខ្លាច​ពេល​ចែករំលែក​ហើយ ទទួល​បានការ​រិះគន់ ការ​ចំអក​មើលងាយ ឬ​ក៏​ត្រូវ​គេ​ចោត​ថា អួត ឬ​បាន​តែ​មាត់ ជាដើម​ ។ មនុស្ស​ដែល​ពួ​កែ​ថាឱ្យ​គេ​បែប​នេះ ចេះ​តែ​ថា​ប៉ុណ្ណោះ​ ។ ពួក​គេ​រស់នៅ​ដើម្បី​ចាប់កំហុស​អ្នក​ដទៃ បើ​គ្មាន​កំហុស គេ​ជួយ​បង្កើត​កំហុស​ឱ្យ​ទៀត​ផង ​។ លោក Zig Ziglar ដែល​វាគ្មិន​ដ៏​ល្បី​ម្នាក់ ធ្លាប់​បាន​និយាយ​ថា អ្នកខ្លះ​ចាប់កំហុស ប្រៀប​ដូច​ជា​ការ​ចាប់កំហុស​នោះ​បាន​ទទួល​រង្វាន់​មក​វិញ ​។ សង្គម​ខ្មែរ មាន​មនុស្ស​បែប​នេះ​មិន​តិច​ទេ មិន​ជួយ​ចែករំលែក​ហើយ នៅ​រារាំង​អ្នក​ដទៃ​ទៀត​ ។ នេះ​សុទ្ធតែ​ឧបសគ្គ​របស់​សង្គម​យើង​ដែល​ត្រូវ​ដោះស្រាយ​ភ្លាម​ៗ​ ។

អ្នក​រិះគន់ (​ដើម្បី​ស្ថាបនា​ក្លែងក្លាយ​) ជា​អ្នក​រារាំង​ការ​ចែករំលែក​ចំនេះដឹង​ ។ អ្នក​រារាំង ការ​ចែករំលែក​ចំនេះដឹង ជា​អ្នក​បំផ្លាញ​សង្គម​ជាតិ​ ។ សង្គម​ខ្មែរ​ត្រូវការ​អ្នក​ចែករំលែក ច្រើន​ជាង​អ្នក​រិះគន់ ។

អ្វី​ដែល​ខ្ញុំ​សរសេរ​ខាងលើ​នេះ គ្រាន់តែ​ជា​ការ​យល់​ឃើញ​របស់ខ្ញុំ​ប៉ុណ្ណោះ ពេញចិត្ត ឬ​មិន​ពេញចិត្ត​អី អាច​បង្ហាញ​មក​បាន​ ។ សម្រាប់​អ្នក​ដែល​មាន​បំណង​ចែករំលែក ចូរ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​ ។ កុំ​ខ្វល់​នឹង​មនុស្ស​រំខាន គ្រាន់តែ​ចាំ​ថា អ្នក​ត្រូវ​ចែករំលែក​អ្វី​ដែល​ល្អ​ទៅ​កាន់​អ្នក​ដទៃ គឺ​គ្រប់​ហើយ​។ សូម​អរគុណ​សម្រាប់​ការ​អាន​ ៕
រៀបរៀង​ដោយ ៖ ហួត សេង​គៀ
គេហទំព័រផ្ទាល់ខ្លួន  http://houtsengkea.me