ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែជីវិត​ឈាន​ចាប់​អាជីព​សិល្បៈ​របស់​អ្នកស្រី​ហួយ មាស និង​ស្នេហា​បែក​ព្រាត់​នាំ​ឱ្យ​មាន​ចម្រៀង​ឌឺដង​គ្នា ឬ​សង្គ្រាម​ប៉ាក​កា

9 ឆ្នាំ មុន

បទ​ចម្រៀង «​សំឡេង​ទ្រខ្មែរ​» «​ចិត្ត​ខុស​ពី​មុន​» «​បក្សី​ក្ងោកមាស​» «​ដំបៅ​ស្នេហ៍​» និង​បទ «​កូន​យើង​អាយុ​បាន​ប្រាំ​ឆ្នាំ​ហើយ​» លោក​អ្នក​ប្រាកដជា​ធ្លាប់​បាន​ស្តាប់ ប៉ុន្តែ​មិន​បានដឹង​ថា មាន​ប្រវត្តិ​បែប​ណា​ទេ ។

បទ​ចម្រៀង «​សំឡេង​ទ្រខ្មែរ​» «​ចិត្ត​ខុស​ពី​មុន​» «​បក្សី​ក្ងោកមាស​» «​ដំបៅ​ស្នេហ៍​» និង​បទ «​កូន​យើង​អាយុ​បាន​ប្រាំ​ឆ្នាំ​ហើយ​» លោក​អ្នក​ប្រាកដជា​ធ្លាប់​បាន​ស្តាប់ ប៉ុន្តែ​មិន​បានដឹង​ថា មាន​ប្រវត្តិ​បែប​ណា​ទេ ។ បទ​ចម្រៀង​ទាំងនេះ គឺជា​បទ​ឌឺដង ឆ្លើយឆ្លង​គ្នា ឬ​សង្គ្រាម​ប៉ា​ក​កា ក្នុង​ពិភព​សិល្បៈ​ចម្រៀង​ខ្មែរ​ជំនាន់​លោក​ស៊ី​ន ស៊ី​សា​មុត បណ្តាល​មក​ពី​ស្នេហា​បែក​ព្រាត់ របស់​អ្នកស្រី​ហួយ មាស និង​លោក​អ៊ុំ សុ​ផា​នុ​រក្ស ហៅ​យែ​ល ជា​តន្ត្រីករ ។

តើ​ប្រវត្តិ​ស្នេហា​ដ៏​កក្រើក​នោះ​យ៉ាង​ណា និង​អ្នកស្រី​ហួយ មាស មាន​ខ្សែជីវិត​យា​៉​ង​ណា ដែល​ឈាន​មក​អាជីព​ជា​សិល្ប​ការិនី​ដ៏​ភ្លឺ​ចិញ្ចាចចិញ្ចែង កោះសន្តិភាព​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​តាម​រយៈ​អត្ថបទ​ចងក្រង​ដោយ​អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ ។

ប្រវត្តិ​កុមារភាព
មាស មេត្រី ជា​រហស្សនាម និង​ជា​គោរមងារ ប្រចាំ​វិទ្យុជាតិ​កម្ពុជា​របស់​អ្នកស្រី​ហួយ មាស ដែល​បាន​ទទួល​នៅ​ឆ្នាំ​១៩៦៩ ។

អ្នកស្រី​ហួយ មាស មានកំណើត​នៅ​ថ្ងៃ​ចន្ទ ខែបុស្ស ឆ្នាំរកា ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែមករា​១៩៤៦ (​អ្នកស្រី​មាន​វ័យចាស់​ជាង អ្នកស្រី​រស់ សេរី​សុទ្ធា ចំនួន​១០​ខែ តែ​អ្នកស្រី​បាន​ប្រឡង​ជាប់​ចូល​រៀន​អនុ​វិទ្យាល័យ​មុន​អ្នកស្រី​រស់ សេរី​សុទ្ធា ដល់​ទៅ​ពីរ​ឆ្នាំ​) នៅ​ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ឪពុក​របស់​អ្នកស្រី​ហួយ មាស ឈ្មោះ​ហួយ យ៉ុ​ត ជា​បុគ្គលិក​ស្ថានីយអយស្ម័យយាន​បាត់ដំបង និង​ម្តាយ​ឈ្មោះ​ប៊ុត ជិន ជា​មេផ្ទះ ។ អ្នកស្រី​ហួយ មាស ជា​កូនស្រី​ពៅ​នៃ​បណ្ដា​កូន​ទាំង​បី ។ បងប្រុស​ទី​មួយ​ឈ្មោះ​ហួយ ស៊ី​យឿ​ន និង​បងប្រុស​ទី​ពីរ ហួយ ស័​យោ បច្ចុប្បន្ន​ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែក​សាច់ញាតិ​ដទៃ​ទៀត​បាន​ធ្វើ​មរណកាល​យូរ​ទៅ​ហើយ ។

កាល​នៅ​កុមារី អ្នកស្រី​ហួយ មាស បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​សោ​ហឺ ក្រុង​បាត់ដំបង ហើយ​បាន​ប្រឡង​ជាប់​ចូល​អនុ​វិទ្យាល័យ​នារី​នេ​ត​យ៉ង់ នៅ​ឆ្នាំ​១៩៦០ ។ អ្នកស្រី​ហួយ មាស បាន​ចូល​រៀន​នៅ​ទីនោះ​ជំនាន់​ជាមួយ​គ្នា​នឹង​អ្នកស្រី​ប៉ែន រ៉​ន ដែរ ប៉ុន្តែ​ជំនាន់​ក្រោយ​លោក​អឹ​ុ​ម សុង​សឺ​ម ចំនួន​មួយ​ឆ្នាំ ។ អ្នកស្រី​ហួយ មាស បាន​សិក្សា​នៅ​អនុ​វិទ្យាល័យ​ចំនួន​បួន​ឆ្នាំ ។ លុះ​ប្រឡង​ឌី​ប្លូ​ម​ធ្លាក់​នៅ​ឆ្នាំ​១៩៦៥ ក៏​សម្រេចចិត្ត​ឈប់​រៀន ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​វិញ ។

តាម​រយៈ​ប្រវត្តិ​ក្រុម​គ្រួសារ​លោក​ហួយ យ៉ុ​ត ពុំដែល​មាន​នរណា​ម្នាក់​មាន​និស្ស័យ​ខាង​សិល្បៈ ចម្រៀង​តូរ្យតន្ត្រី​ឡើយ ។ ស្រាប់តែ​កុមារី​ហួយ​មាស បែរជា​មាន​និស្ស័យ​ខុស​ពី​គេ​ស្រឡះ​តែ​ម្តង ។ កាល​នៅ​តូច កុមារី​ហួយ មាស ចូល​ចិត្ត​សូត្រធម៌ សូត្រ​កំណាព្យ ជួន​ស្ម័គ្រចិត្ត​ឡើង​កាន់​ឧ​គ្ឃោ​សន​ស័ព្ទ​សូត្រ​កំណាព្យ​ក្នុង​ពិធីបុណ្យ ផ្សេង​ៗ នៅ​ក្នុង​សាលា ។ ជួនកាល​ទៀត​កុមារី​រូប​នេះ​កាន់​សៀវភៅ​ធម៌ សៀវភៅ​រឿងព្រេង​ខ្មែរ ស្រី​ហិ​តោ​បទេស​ជាដើម យក​មក​អាន​ក្នុង​ពេល​បុណ្យ​ជូន ចាស់​ៗ ដែល​មិន​ចេះអក្សរ​ស្តាប់ ។ កុមារី​ហួយ មាស ជា​ក្មេង​ឧស្សាហ៍ ហើយ​មានចិត្ត​ណាស់ ភាគច្រើន​ស្ម័គ្រចិត្ត​សុំ​ខ្លួន​សូត្រ​កំណាព្យ ឬ​អាន​សៀវភៅ​ធម៌​ជូន ចាស់​ៗ​ស្តាប់ ដោយ​មិនបាច់​មាន​គេ​មក​ស្ដី ឬ​ហៅ​ប្រើ​ឡើយ ។ កាលនោះ​កុមារី​ហួយ មាស បាន​ទទួល​រហស្សនាម​ថា រាជធីតា​វោហារ​មាស ។

អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ និទាន​ថា កាល​ជំនាន់​នោះ លោកឪពុក​របស់ខ្ញុំ​ដែល​ជា​សា​ស្រា្ត​ចា​រ្យ​នៅ​វិទ្យាល័យ​អ៊ា​ប​ឃុ​ត នេ​ត​យ៉ង់ (​វិទ្យាល័យ​អ៊ា​ប​ឃុ​ត ជា​សាលា​យុវជន និង វិទ្យាល័យ​នេ​ត​យ៉ង់ ជា​វិទ្យាល័យ​នារី សង់​ទល់មុខ​គ្នា ម្ខាង​ផ្លូវ​ម្នាក់​) មាន​បើក​ថ្នាក់រៀន​នៅផ្ទះ​របស់​លោក​ផ្ទាល់ នៅ​ពេល​ល្ងាច​ក្រោយ​ម៉ោង​សាលា និង​ថ្ងៃ​ឈប់​សម្រាក​ជា​ចំហ សម្រាប់​សិស្ស​អនុ​វិទ្យាល័យ មក​ចូល​រៀន​ដោយ​បង់​កម្រៃ​សាលា​។ ចំពោះ​សិស្ស​ក្រីក្រ​រស់នៅ​តាម​វត្តវ៉ា ឬ​មក​ពី​ស្រុកស្រែ​ចម្ការ​ក្រៅ​ក្រុង អាច​ចូល​រៀន​បន្ថែម​វិជ្ជា​ជាមួយ​លោក​បាន​ដោយ​មិនបាច់​បង់ប្រាក់​ឡើយ ។ កាលនោះ សិស្ស​ដែល​មក​រៀនមាន​ច្រើន​ថ្នាក់ ច្រើន​កម្រិត​វិជ្ជា​ផ្សេង​គ្នា ចែក​គ្នា​តាម​ថ្ងៃ ក្នុង​មួយ​ខែ​មាន​សិស្ស​ពី​៣០០​ទៅ​៤០០​នាក់​ដែល​មក​រៀន​ទៀងទាត់​។ សិស្ស​ជំនិត​របស់​លោកឪពុក​ខ្ញុំ គឺជា​សិស្ស​មួយ​ក្រុម ដែល​មានគំនិត​ចាស់ទុំ​ជាងគេ (​មាន​រួម​ប​ពា្ច​ូ​ល​ទាំង​អ្នកស្រី​ហួយ មាស អ្នកស្រី​ប៉ែន រ៉​ន និង​លោក​អឹ​ុ​ម សុង​សឺ​ម​) ដែល​មក​រៀន​ថ្នាក់​ភាសា​បារាំង​ផង ថ្នាក់​គណិតសាស្ត្រ​ផង ដើម្បី​ត្រៀមប្រឡង​ឌី​ប្លូ​ម ។ មានឱកាស​ខ្លះ​ខ្ញុំ​ឃើញ​លោកឪពុក​របស់ខ្ញុំ​នាំ​សិស្ស​ទាំងនោះ​ហាត់​ច្រៀង​ចម្រៀង​ខ្មែរ ដោយ​មាន​លោក​ជា​អ្នក​ផ្ទាត់​ម៉​ង់​ដូ​លី​ន ។ ជួនកាល​លោក​ទះ​ស្គរ​ដៃ​ជា​ចង្វាក់​ឱ្យ​សិស្ស​ច្រៀង​តាម ។ មាន​ពេល​ខ្លះ លោក​នាំ​សិស្ស​សិក្សា​ខាង​វិន័យ​សុជីវធម៌​ខ្មែរ ។ បណ្ដា​សិស្ស​ថ្នាក់​ពិសេស​នោះ មាន​តែ​យុវតី​ហួយ មាស​ទេ ដែល​អណ្តែត​លេចធ្លោ​ជាងគេ ខាង​កាន់​វិន័យ​ខ្ជាប់ខ្ជួន មាន​សណ្តាប់ធ្នាប់​ល្អ ថែម​ទាំង​មាន​ថ្វីមាត់​ខាង​សូត្រធម៌ និង​សូត្រ​កំណាព្យ យ៉ាង​ស្ទាត់​ទៀត​ផង ។

ដើមហេតុ​នៃ​ការ​ចូល​ប្រឡូក​វិស័យ​សិល្បៈ​ចម្រៀង
នៅ​ដើមឆ្នាំ​១៩៦៥ ពេល​អ្នកស្រី​ហួយ មាស​រៀន​នៅ​ឆ្នាំ​ទី​បួន​ក្នុង​អនុ​វិទ្យាល័យ​ដែល​ជា​ថ្នាក់​ត្រៀមប្រឡង​ឌី​ប្លូ​ម លោកឪពុក​របស់ខ្ញុំ​ត្រូវ​គេ​អញ្ជើញ ឱ្យទៅ​ចូលរួម​ជា​គណៈកម្មការ​វេទិកា​រៀបចំ​ពិធីបុណ្យ​សមាជជាតិ​នៅ​វាលមេរុ​បាត់ដំបង​។ ពេល​នោះ លោកឪពុក​របស់ខ្ញុំ បាន​ស្នើ​សុំ​យក​យុវតី​ហួយ​មាស​ទៅ​ជួយ​កិច្ចការ​របស់​លោក​នៅ​លើ​វេទិកា​បុណ្យ ដ្បិត​លោក​ធ្លាប់​ស្គាល់​នូវ​ទឹកដម​សម្ដី និង​ទេព​កោសល្យ​ខាង​សូត្រធម៌​និង​កំណាព្យ​របស់​យុវតី ។ ក្នុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ទាំង​បី​ថ្ងៃ​នោះ ទឹកដម​សំនៀង​និង​ទេព​កោសល្យ របស់​យុវតី​ហួយ មាស បាន​កន្ត្រាក់​អារម្មណ៍​ទស្សនិកជន​ទាំងឡាយ​នៃ​ខេត្តបាត់ដំបង​ឱ្យ​ភ្ញាក់ផ្អើល​ក្រៃ​លែង ។ ពេល​នោះ​លោកឪពុក​របស់ខ្ញុំ​បាន នាំ​យុវតី​ទៅ​ចុះ​ឈ្មោះ​ចូល​ប្រកួត​ផែ្ន​ក​ចម្រៀង​សម័យ ដើម្បី​បង្ហាញ​នូវ​ទេព​កោសល្យ​ពិសេស​ថ្មី​មួយ​បន្ថែម​ទៀត​ផង ។ កាលនោះ យុវតី​យើង​ត្រេកអរ​ណាស់​បាន​ឡើង​ច្រៀង​បទ «​រាត្រី​សូ​ម៉ា​» ជា​បទ​ចម្រៀង​របស់​អ្នកស្រី​ម៉ៅ សា​រ៉េ​ត ។ នៅ​ខាង​ដើម​នៃ​បទ​ចម្រៀង​នោះ យុវតី​បាន​ប្រើ​ទឹកដម​សំនៀង អត្ថាធិប្បាយ​តាម​នឹកឃើញ​ភ្លាម​ៗ ដោយ​ពោល​បញ្ចូល​សាច់​រឿង មុន​បន្តិច​សិន​ទើប​ចាប់​ចូល​ដល់​ត្រង់​ច្រៀង សំឡេង​សូ​ឡូ​ម្នាក់ឯង​បន្តិចទៀត ទើប​សាច់ភ្លេង​រោទ៍​នាំ​អ្នក​ច្រៀង​ចូល​បន្ត​តាម​ក្រោយ ជា​បទ​ចម្រៀង​តែ​ម្តង​។ ទេព​កោសល្យ​នេះ​បាន​កែប្រែ​ទឹកដម​បទ​ចម្រៀង​ដើម​របស់​អ្នកស្រី​ម៉ៅ សា​រ៉េ​ត ឱ្យ​រឹតតែ​ពីរោះ មាន​អត្ថន័យ ខ្លឹមសារ​ខ្លាំង​ថែម​ទៀត​រក​អ្វី​ប្រៀប​ពុំ​បាន​រហូត​ដល់​បាន ជាប់​ជ័យ​លា​ភី​លេខ​មួយ​ប្រចាំ​ខេត្ត ។ ថ្វីបើ​កាល​ណោះ​ខ្ញុំ​នៅ​ក្មេង​បន្តិច​ក៏​ដោយ ក៏​ខ្ញុំ​មាន​អារម្មណ៍​ព្រឺ​សម្បុរ ដោយ​ក្តី​រំភើប​សប្បាយ ចម្លែក​ណាស់ ពេល​ខ្ញុំ​បាន​ស្តាប់​សំនៀង​របស់​យុវតី​ហួយ​មាស ដែល​កំពុង​ប្រឡង​ប្រកួត​នៅ​ពេល​នោះ ។

អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ និទាន​បន្ត​ថា លោកឪពុក​របស់ខ្ញុំ​រំភើបចិត្ត​ជាងគេ ដ្បិត​លោក​បានឃើញ​សិស្ស​របស់​លោក ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

ចំណែក​លោកឪពុក អ្នក​ម្តាយ​របស់​យុវតី​ហួយ មាស វិញ​មាន​មោទនភាព​ចំពោះ​កូនស្រី រហូត​និយាយ​លែង​រួច ។

នៅ​ឆ្នាំ​ដដែល ពេល​យុវតី​ហួយ មាស ប្រឡង​ឌី​ប្លូ​ម​វគ្គ​ទី​មួយ​ធ្លាក់ យុវតី​ខកចិត្ត​ជា​ខ្លាំង លែង​មាន​កម្លាំងចិត្ត ចង់​ចូល​ប្រឡង​លើក​ទី​ពីរ ។ កាលនោះ​លោក​អឹុម សុង​សឺ​ម ដែល​ជា​សិស្ស​ច្បង បាន​ប្រឡង​ជាប់​ធ្វើ​គ្រូបង្រៀន តែ​លោក​មិន​បាន​ចូល​ធ្វើការ​ខាង​ផ្នែក​នេះ​ទេ បែរជា បន្តការងារ​ខាង​តន្ត្រី​យោធា ក្រសួង​ឃោសនាការ​នោះ​ទៅ​វិញ ដ្បិត​លោក​ធ្លាប់​បាន​ចូលរួម​ការងារ នៅ​ទីនោះ​តាំងពី​នៅ​រៀន​មក​ម្ល៉េះ ដូច្នេះ​ហើយ​ពុំ​ដាច់​អាល័យ​ពី​កន្លែង​នោះ ។

លុះ​បាន​ដំណឹង​ថា សិស្ស​ប្អូន​ហួយ មាស​បាក់ទឹកចិត្ត កើតទុក្ខ គេច​មុខ មិន​ជួប​នរណា ក៏​ចេញ​ទៅ​តាម​រក​នាង​ឱ្យមក​បង្ហាញ​ទេព​កោសល្យ​របស់​នាង តាម​រយៈ​ក្រុម​តន្ត្រី​ខេត្ត ដែល​ចេញផ្សាយ​ស្នាដៃ​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​លើក​ស្ទួយ​កម្លាំងចិត្ត​នាង ។ អាស្រ័យ​ប្រការ​នោះ​ហើយ ដែល​នាំ​ឱ្យ​យុវតី​មានឱកាស​បាន​បញ្ចេញ​ទេព​កោសល្យ​របស់​ខ្លួន ផ្នែក​សំនៀង​វោហារ តាម​និស្ស័យ​សម្បទា​ដែល​នាង​ពេញចិត្ត​បំផុត តាំងពី​កុមារភាព​រហូត​ដល់​បាន​ល្បីឈ្មោះ​ពេញ​ខេត្ត​ទាំងមូល​ក្នុង​រយៈពេល​ដ៏​ខ្លី ។

នៅ​ឆ្នាំ​ដដែល ពេល​លោក​អឹុ​ម សុង​សឺ​ម​ត្រូវ​ផ្លាស់​ទៅ​នៅ​ភ្នំពេញ ដើម្បី​បណ្តុះ​អាជីព​ជា​តារាចម្រៀង​ប្រចាំ​ប្រទេស លោក​ក៏​បាន​ស្វែងរក​ផ្លូវ ណែនាំ​សិស្ស​ប្អូន​របស់​លោក​ទៅ​សិល្បករ​រៀមច្បង​ផ្នែក​តូរ្យតន្ត្រី និង​វិទ្យុជាតិ​នៅ​ភ្នំពេញ​ដើម្បី​ជួយ​ឱ្យ​ពួក​គេ​អាច​បន្ត​ការ​រីក​ដុះដាល​នៅ ភ្នំពេញ ដូច​លោក​ដែរ (​នៅ​ក្នុង​នោះ​មាន​សិស្ស​ប្អូន​ហួយ មាស ប៉ែន រ៉​ន និង​រស់ សេរី​សុទ្ធា ដែល​ចេញ​ទៅ​ភ្នំពេញ​បន្តបន្ទាប់​ក្នុង​ឆ្នាំ​តែ​មួយ​)​។ ដោយសារ​ទេព​កោសល្យ​ឯក គ្មាន​នរណា​ធ្វើ​ដូច ពិសេស​ផ្នែក​អត្ថាធិប្បាយ និង​ផ្នែក​ចម្រៀង​មនោសញ្ចេតនា យុវនារី​ហួយ មាស ក៏​បាន​ទទួល​ការ​កត់សម្គាល់​ពី​អ្នកនិពន្ធ​រៀមច្បង ម៉ា​ឡៅ​ពី ឱ្យមក​សាង​ថ្នាល​ជីវិត​ថ្មី​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​១៩៦៥ ។

ប្រវត្តិ​ដំបូង​នៃ​ជីវិត​ជា​អ្នក​ផ្សាយ​វិទ្យុជាតិ និង​ជា​អ្នកចម្រៀង
ពេល​យុវតី​ហួយ មាស បាន​មក​ដល់​ភ្នំពេញ​ដំបូង​ក្នុង​ឆ្នាំ​១៩៦៥ យុវតី​យើង​បាន​ចូល​បម្រើ​ការ​ក្នុង​វិទ្យុជាតិ​ជាមួយ​លោក​ម៉ា ឡៅ​ពី លោក​ពៅ យូ​ឡេ​ង ដោយ​មាន​ចេញ​សម្តែង​ជា​អ្នក​អត្ថាធិប្បាយ​កម្មវិធី​ចម្រៀង​សម័យ កម្មវិធី​ល្ខោននិយាយ កម្មវិធី​វប្បធម៌​ជាដើម ។ នៅ​ពេល​នោះ​យុវតី​បាន​ដើរតួ​បញ្ចូល​សំឡេង​ជាមួយ​លោក​មាស គក លោក​ឃុន ប៉ុ​ល អ្នកស្រី​យក់ កែម ក្នុង​ល្ខោននិយាយ​តាម​វិទ្យុ រៀង​រាល់​ចុង​ស​ប្តា​ហ៍ ។

ចំណែក​ខាង​ចម្រៀង និង​តន្ត្រីសម័យ​វិញ ដំបូង​ឡើយ​យុវតី​ហួយ មាស ច្រើន​ច្រៀង​បទ​ទោល​តែ​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​ច្រៀង​ចម្រៀង​ឆ្លើយឆ្លង​វិញ យុវតី​ច្រើន​តែ​ជ្រើស​ដៃគូ​ជាមួយ​លោក​អឹុ​ម សុង​សឺ​ម ដែល​ជា​សិស្ស​ច្បង​របស់​ខ្លួន មិនសូវ​ឃើញ​ច្រៀង​ជាមួយ​នរណា​ទៀត​ឡើយ ។ ធីតា​យើង ប្រកាន់​វិន័យ​ខ្ជាប់ខ្ជួន​ណាស់ មិនសូវ​ច្រៀង​ឆ្លើយឆ្លង​ជាមួយ​បុរស​ណា​ទេ រហូត​ដល់​ពេល​យុវតី​រៀប​ការ​មានកូន​ហើយ ទើប​មាន​ចាប់​ដៃគូ​ចម្រៀង ផ្សេង​ៗ​ទៀត​ក្រៅពី​លោក​អឹុម សុង​សឺ​ម ។ នោះ​ក៏​ដោយសារ យុវតី​យើង​នៅ​លីវ​មាន​សោភ័ណ​ស្រស់​ស្អាត មានការ​ចេះ​ដឹង​ក៏​សមរម្យ មាន​សម្ដីសំដៅ និង​មារយាទ​ថ្លៃថ្នូរ ម្ល៉ោះហើយ​មាណវី តែងតែបាន​ទទួល​នូវ​ការ​ចោមរោម​ពី​កំលោះ​ទីក្រុង មិន​ថា​វណ្ណៈ​ណា វ័យ​ណា​ឡើយ ។

ដូច្នេះ ប្រសិនបើ​យុវតី​មិន​ប្រយ័ត្នប្រយែង​មារយាទ របស់​ខ្លួន​ទេ​នោះ នាង​អាច​ក្លាយជា​ចំណី​របស់​ខ្លា​ទីក្រុង​ឥតអំពើ​ពុំខាន ។

ប្រវត្តិ​គ្រួសារ​ពេល​រក្សា​អាជីព
ប៉ុន្មាន​ខែ​បន្ទាប់​ពី​យុវនារី​ហួយ មាស បាន​មក​ដល់​ភ្នំពេញ លោក​អ៊ុំ សុ​ផា​នុ​រក្ស (​ឈ្មោះ​ហៅ​ក្រៅ​យែ​ល​) ដែល​ជា​កំលោះ​វាយ​ស្គរ​ដៃឯក​មួយ​រូប នៅ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​ប្រចាំ​ភ្នំពេញ​បាន​ចូល​ស្តីដណ្តឹង​នាង ហើយ​បាន​រៀប​ការ​តាម​ប្រពៃណី ដោយ​មាន​ឪពុក​ម្តាយ ទាំង​សងខាង​ចងដៃ​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម ។ អាពាហ៍ពិពាហ៍​នេះ​បាន​នាំ​មក​នូវ​ចំណងដៃ​ដ៏​ថ្លៃថ្លា​មួយ​រវាង​អ្នក​ទាំង​ពីរ គឺ​កូនស្រី​ដ៏​ស្រស់​ស្អាត​ឈ្មោះ​អ៊ុំ សោ​មា​វ​តី ។ ប៉ុន្តែ​ចៃដន្យ ជីវិត​អាពាហ៍ពិពាហ៍​រវាង​អ្នក​ទាំង​ពីរ​មិន​ទាន់​មាន​អាយុ​គ្រប់​បី​ឆ្នាំ​ផង ក៏​ចែកផ្លូវ​គ្នា​ដើរ ដោយ​ប្រការ​គំនិត​មារយាទ​ចូល​គ្នា​មិន​ចុះ ។

អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ បន្ត​ថា កាលនោះ មុន​នឹង​លែងលះ​គ្នា អ្នកស្រី​ហួយ មាស បាន​ទៅ​លេង​ស្រុក​កំណើត ហើយ​បាន​មក​ជួបនឹង​លោកឪពុក អ្នក​ម្តាយ​របស់ខ្ញុំ ហើយ​យំ​ជម្រាប​លោក​ថា អ្នកស្រី​មាន​អារម្មណ៍ មិន​សប្បាយ​ចិត្តនឹង​ជីវិត​អាពាហ៍ពិពាហ៍ ដ្បិត​ស្វាមី​ចូល​ចិត្ត​ទទួលទាន​ស្រា​ស្រវឹង​ជាមួយ​មិត្ត​ភក្ត្រ ខូច​មារយាទ ជួនកាល​រហូត​ដល់​វាយ​ស្គរ​ខុស​ចង្វាក់ ខាន​សម្តែង ព្រោះតែ​ស្រវឹង​ខ្លាំង​ពេក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គ្រួសារ​របស់​អ្នកស្រី​ត្រូវ​បាក់មុខ បាក់​មាត់ ស្រកស្រុត​កេរ្តិ៍ឈ្មោះ ដោយសារ​ស្វាមី​មិន​រក្សា​មារយាទ​ឱ្យ​ថ្លៃថ្នូរ​សមរម្យ ។ ម្យ៉ាងទៀត​លោក​សុ​ផា​នុ​រក្ស ចេះ​តែ​វាយ​ស្គរ​មួយ​មុខ​ប៉ុណ្ណោះ តែ​មិន​ចេះ​ច្រៀង​ទេ ។ កាលបើ​ខាន​ឡើង​ឆាក​សម្តែង លោក​សុ​ផា​នុ​រក្ស ក៏​បាត់បង់​ប្រាក់​កម្រៃ​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកស្រី​ហួយ មាស មានការ​តានតឹង​ក្នុង​ចិត្ត ដ្បិត​គ្រួសារ​អ្នកស្រី​បែរជា​ត្រូវ​រស់នៅ​ពឹង​លើ​ប្រាក់បៀវត្សរ៍​របស់​ស្ត្រី​ជា​ភរិយា​ទៅ​វិញ ។

បន្ថែម​ពីលើ​នោះ អ្នកស្រី​ហួយ មាស បាន​ស្រដី​ថា អ្នកស្រី​ចង្អៀតចង្អល់​ចិត្តនឹង​ម្តាយក្មេក ដែល​ចេះ​តែ​មក​ជំរិត​ទារប្រាក់​រក​ទិញ​ឡាន​ថ្មី​ជិះ ព្រោះ​ចង់​មានមុខមាត់​នឹង​គេ មិន​ចង់ឱ្យ​គេ​មើលងាយ​ថា មានកូន​ប្រសា​ជាតា​រា​ល្បីឈ្មោះ ប្រចាំ​នគរហើយ ម្តេច​ក៏​នៅ​តែ​ក្រ​ដដែល ។ ជួនកាល លោក​បាន​ខ្សឹប​បោះសម្ដី​ឱ្យ​អ្នកស្រី ញយ​ៗ​ថា ធ្វើការ​ច្រើន​មុខ​ល្បីល្បាញ​ស្ទើរ​ស្លាប់ តើ​លួច​លុយ​យក​ទៅ​លាក់​ទុក​នៅឯណា​អស់ ? ការណ៍​ពិត អ្នកស្រី​ហួយ មាស មិន​សម្បូរ​ប្រាក់​កាស ដូច​គេ​គិតស្មាន​នោះ​ទេ ដ្បិត​អ្នកស្រី​ជា​មនុស្ស​មាន​សន្តាន​ចិត្ត​។ មាន​កិច្ចការ​ច្រើន​ណាស់ ដែល​អ្នកស្រី​ពេញចិត្ត​នឹង​ជួយ​ធ្វើ តែ​ពុំ​សូវ​ទារប្រាក់​កម្រៃ​តប​មក​វិញ​ទេ គឺ​ជួយ​ធ្វើ​ដោយ​ចិត្ត​សទ្ធា​សប្បុរស របស់​អ្នកស្រី​តាំងពី​កំណើត​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ សាច់ថ្លៃ​របស់​អ្នកស្រី​មិន​យល់​ទេ ចេះ​តែ​គិត​ថា អ្នកស្រី​រវល់​ច្រើន គឺ​ច្បាស់​ជា​បាន​ប្រាក់​ច្រើន​។

ម្យ៉ាងទៀត​អ្នកស្រី​ហួយ មាស មាន​ប្រសាសន៍​ថា អ្នក​ម្តាយក្មេក​គិត​សង្ស័យ ច្រឡំ​ស្មានថា អ្នកស្រី​លួច​សន្សំ​ប្រាក់​ទុក​ឱ្យ​ឪពុក​ម្តាយ​របស់​អ្នកស្រី ទើប​គាត់​ចេះ​តែ​មាន​ពាក្យ​បោះសម្ដី​ដាក់​នាង​មិនសូវ​លស់​ពេល ។

លុះ​អ្នកស្រី​ហួយ មាស វិល​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ ស្រាប់តែ​មាន​ទំនាស់​សម្ដី​នឹង​ស្វាមី​ក្នុង​រឿង​ដដែល គឺ​រឿង​សង្ស័យ​ថា អ្នកស្រី​លួចលាក់​លុយ​ផ្ញើ​នឹង​ឪពុក​ម្តាយ​របស់​អ្នកស្រី ពុំ​ឱ្យ​ស្វាមី​ដឹង ។ ជម្លោះ​នេះ​បាន​ក្លាយទៅជា​ហិង្សា រហូត​ដល់​អ្នកស្រី​ហួយ មាស ភ័យ​ញ័រ​រន្ធត់ រត់គេច​ខ្លួន​ចេញពីផ្ទះ​ទាំង​យប់ រក​សុវត្ថិភាព​យ៉ាង​ទាន់ហន់​បំផុត ដ្បិត​ខ្លាច​ត្រូវ​ឈឺ​គ្រាំ​ខ្លួន ដូច​អ្នកស្រី​រស់ សេរី​សុទ្ធា និង​លោក​សុស ម៉ាត់ ដែល​ធ្លាប់​កើត​មាន​ជា​គំរូ​រួច​មក​ហើយ ។

លុះ​ថ្ងៃស្អែក​ឡើង អ្នកស្រី​ហួយ មាស បាន​វិល​មក​ផ្ទះ ដើម្បី​ទទួលយក​កូន ស្រាប់តែ​ត្រូវ​គេ​ជេរ​ស្តីឱ្យ​អ្នកស្រី​លុតក្រាប សំពះ​សូមទោស ចំពោះ​ការ​ដែល​អ្នកស្រី​រត់​ចេញពីផ្ទះ​ទាំង​យប់​ចោល​កូន និង​ប្តី ។

កាលបើ​អ្នកស្រី​ហួយ មាស មិន​អាច​ធ្វើ​តាម​សម្ដី​របស់​លោក​បាន លោក​សុ​ផា​នុ​រក្ស​បាន​ជេរ​ស្តី ប​ណេ្ត​ញ​អ្នកស្រី​ចេញ​សា​ជា​ថ្មី​ម្តងទៀត មិន​ឱ្យ​ជួប​កូនស្រី​របស់​អ្នកស្រី​ឡើយ លុះណាតែ​អ្នកស្រី ព្រម​ទទួលកំហុស​សិន​។

អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ និទាន​ថា អ្នកស្រី​ហួយ មាស នឹក​ហួសចិត្ត​នឹង​ស្វាមី ដែល​មិន​ព្រម​ក្រឡេក​មើល​កំហុស​របស់​ខ្លួន ហើយ​កែប្រែ​ទេ បែរជា​ទម្លាក់​ទោស​កំហុស​មក​លើ​អ្នកស្រី​ទាំងស្រុង​ទៅ​វិញ ។ ទីបំផុត​អ្នកស្រី​ក៏​បោះ​ជំហាន​ចាកចេញ​ទៅ​ទាំង​ទឹកភ្នែក ដោយ​ក្តី​អាល័យ​ចំពោះ​បុត្រី​តូច​ក្រូចឆ្មារ មិន​ទាន់​ដឹងក្តី​នៅឡើយ ។

ការណ៍​ពិត​ទៅ​លោក​សុ​ផា​នុ​រក្ស នៅ​មានចិត្ត​ស្រឡាញ់​ភរិយា​នៅឡើយ គ្រាន់តែ​លោកប្រកាន់ឫក​ឆ្មើងកន្ទ្រើង​ជា​បុរស​មិន​ព្រម​ទទួលស្គាល់​ចំណុចខ្សោយ​របស់​ខ្លួន ហើយ​កែប្រែ​ឱ្យ​ល្អជា​មក​វិញ​។ ម្យ៉ាង​លោក​សង្ឃឹមថា បើ​លោក​នៅ​ឃុំគ្រង​កូនស្រី​តូច​សោ​មា​វ​តី​បាន នោះ ប្រហែលជា​នៅ​ទាក់ទាញ​ឱ្យ​ភរិយា​ទន់​ចិត្ត​ព្រម​ចុះចាញ់​លោក ហើយ​វិល​ត្រឡប់​មក​សុំ​ទោស​លោក​ដើម្បី​សុំ​ជានា រស់នៅ​ជាមួយ​គ្នា​ដូច​ដើម​វិញ ។ ប៉ុន្តែ​ការណ៍​ពិត​ខុសស្រឡះ​ពី​លោក​គិតស្មាន​ទុក ។ ម្ល៉ោះហើយ​លោក​សុ​ផា​នុ​រក្ស ក៏​កាន់តែ​មានចិត្ត ក្តៅក្រហាយ​ឡើង​ៗ ពិសេស​នៅ​ពេល​ណា​ដែល​ឃើញ​បុរស​ដទៃ សម្តែង​ភាព​គោរព​ស្និទ្ធស្នាល​នឹង​អ្នកស្រី​ហួយ មាស ដែល​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ចិត្ត​ស្រឡាញ់ និង​ចិត្ត​ប្រច័ណ្ឌ​របស់​លោក​ចំពោះ​នាង ។ កាលបើ​អ្នកស្រី​ជា​ភរិយា មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ដូច​បំណង លោក​សុ​ផា​នុ​រក្ស ពុំ​អាច​ទទួល​នាទី​ជា​បិតា ថែរក្សា​កូនស្រី​បន្ត​ទៅ​ទៀត​បាន ក៏​នាំ​នាង​យក​ទៅ​ផ្ញើ​នឹង​ឪពុក​ម្តាយ​របស់​លោក​ឱ្យ​ជា​អ្នក​ថែទាំ​នាង​ជំនួស​ទៅ ។

នៅ​អំឡុង​ពេល​នោះ​ឯង​គេ​ឃើញ​គូស្រករ​បែកបាក់​គ្នា​ទាំង​សងខាង បាន​និពន្ធ​ចម្រៀង ច្រៀង​ឌឺដង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​ទាំង​សងខាង​មាន​គូ​ថ្មី រៀង​ៗ​ខ្លួន ទើប​កំហឹង​នោះ​ស្រាកស្រាន្ត​ទៅ​វិញ ។ បើ​និយាយ​ឱ្យ​ពិត​ទៅ អ្នកស្រី​ហួយ មាស មានការ​សិក្សា និង​ការ​អប់រំ​គំនិត​មារយាទ​ខ្ពស់ ជាង​លោក​អ៊ុំ សុ​ផា​នុ​រក្ស ច្រើន​ណាស់ ដែល​ជា​ហេតុ​នាំ​បណ្តាល​ឱ្យ​លោក​សុ​ផា​នុ​រក្ស គិត​ថា អ្នកស្រី​ហួយ មាស វាយឫក​ឆ្មើងឆ្មៃ មានការ ប្រកាន់​ចំពោះ​ប្តី​ច្រើន នៅ​ពេល​ប្តី​មាន​កំហុស ដោយ​សម្ដី ឬ​កិរិយា ម្តង​ៗ គឺ​ភរិយា​មិនសូវ​លើសលស់ អធ្យាស្រ័យ​ឱ្យ​លោក​ឡើយ ។ ទីបំផុត គេ​ទាំង​ពីរ​ក៏​ផ្តាច់ចំណង​និស្ស័យ​ពី​គ្នា​ដោយ​ឥត​ស្តាយស្រណោះ​នៅ​ចុងឆ្នាំ​១៩៦៨ ។ កាលនោះ​កុមារី​សោ​មា​វ​តី ទើបតែ​មាន​វ័យ​ប្រមាណ​ពីរ​ខួប​ប៉ុណ្ណោះ ។

នៅ​រវាង​ដើមឆ្នាំ​១៩៦៩ ក្នុង​ឱកាស​ដែល អ្នកស្រី​រស់ សេរី​សុទ្ធា បាន​ទទួល​គោរមងារ​ពី​ព្រះមហាក្សត្រ​ខ្មែរ​ថា «​រាជិនី​សំនៀង​មាស​» ប្រចាំ​កម្ពុជា អ្នកស្រី​ហួយ មាស ក៏​បាន​ទទួល​គោរមងារ​ដ៏​ថ្លៃថ្លា​មួយ​ថា «​តារា​សំនៀង​មាស មេត្រី​» ប្រចាំ​វិទ្យុជាតិ​កម្ពុជា ។ (​រនាប​បាក់​យក​រនាប​ជួស អ្នកស្រី​ហួយ មាស បាន​ស្ម័គ្រ​ស្នេហ៍​នឹង​បុរស​ថ្មី​ជំនួស​ស្វាមី​ដែល​បែក​ព្រាត់ ។ តើ​រវាង​ស្នេហា​ថ្មី និង​អតីត​ស្វាមី នៅ​មាន​បញ្ហា​អ្វី​សម្រាប់​អ្នកស្រី​ហួយ មាស ?​) ។

អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ បន្ត​ថា នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ អ្នកស្រី​ហួយ មាស បាន​ទទួល​ចំណង​មេត្រីភាព​ពី​លោក​វណ្ណ​លី កេស​រោ ដែល​ជា​នាយ​ប៉ូលិស មាន​ឋានន្តរស័ក្តិ ឧត្តម​មួយ​រូប ដែល​ធ្លាប់​លួច​ពេញចិត្ត​នឹង​អ្នកស្រី​តាំងពី​យូរ​មក​ហើយ ហើយ​ដែល​តាម​ជួយ​ជ្រោមជ្រែង លើកទឹកចិត្ត​អ្នកស្រី​រហូត​មក ។

អ្នក​ទាំង​ពីរ​បាន​ចាប់ដៃ​គ្នា​ជា​គូជីវិត​រស់នៅ​យ៉ាង​សុខក្សេមក្សាន្ត មាន​សុភមង្គល​ជាមួយ​គ្នា ដោយ​បរិបូរណ៍​គ្មាន​ភាព​រកាំរកូស សៅហ្មង ដូច​គ្រា​មុន​ទៀត​ឡើយ​។

ថ្វីបើ​យ៉ាងនេះ​ក៏​ដោយ ក៏​លោក​សុ​ផា​នុ​រក្ស នៅ​មិន​ព្រម​លែង​អតីត​ភរិយា​ពី​ក្នុង​បេះដូង​របស់​លោក​ទេ ។ លោក​នៅ​តែ​តាម​ច្រៀង​ដាក់​ផ្លែ​ដាក់​ផ្កា​អ្នកស្រី​ហួយ មាស ម្យ៉ាង​ដោយ​លោក​នៅ​អាល័យ​អតីត​ភរិយា ចង់​ជានា​នឹង​គ្នា​វិញ ។ ប៉ុន្តែ​អ្នកស្រី​ហួយ មាស បាន​សម្រេចចិត្ត​ដាច់អហង្ការ​មិន​ត្រឡប់​ក្រោយ ទៅ​ឱ្យ​គេ​ដៀលត្មះ ជេរ​ស្តី​ដូច​សត្វ​ក្នុង​ជីវិត​ពិត ក្រៅ​ឆាក​វេទិកា ឬ​តាម​ការ​ផ្សាយ​ចម្រៀង​តាម​វិទ្យុ​ជេរ​ជា​សាធារណៈ​ទៀត​ហើយ ហើយ​អ្នកស្រី​ក៏​សម្រេចចិត្ត​បែរខ្នង ឈប់​ច្រៀង​តបត និង​លោក​សុ​ផា​នុ​រក្ស តទៅ​ទៀត​ដែរ ទុក​ឱ្យ​លោក ច្រៀង​ឌឺដង​អ្នកស្រី​រហូត​រសាយចិត្ត ហើយ​ក៏​ឈប់​ច្រៀង​ខ្លួនឯង​ទៅ ដោយ​គ្មាន​នរណា​សម្លុត​គម្រាម ឬ​សំណូមពរ​ឱ្យ​ឈប់​ឡើយ ។ ក្រោយមក​លោក​សុ​ផា​នុ​រក្ស ក៏​បាន​រៀប​ការ​ភរិយា​ថ្មី រួច​ក៏​បិទ​វាំងនន​សាវតារ​ពី​អ្នកស្រី​ហួយ មាស រហូត​រៀង​មក ។

រីឯ​ចំណង​មេត្រី​រវាង​លោក​កេស​រោ និង​អ្នកស្រី​ហួយ មាស បាន​ផ្តល់​នូវ​កូនប្រុស​ពីរ​រូប​ឈ្មោះ​វណ្ណ​លី ដា​លី និង​វណ្ណ​លី ដូ​ដូ ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។ ដោយសារ​កិច្ចការ​មមាញឹក​ទាំង​ស្វាមី និង​ភរិយា អ្នកស្រី​ហួយ មាស ក៏​បាន​ជួល​មេដោះ ឱ្យ​ជួយ​ថែរក្សា​កូន នៅ​ពេល​អ្នកស្រី​ចេញ​ទៅ​បំពេញការងារ ។ នៅ​ពេល​នោះ​ឯង ទើប​គេ​ចាប់​ឃើញ​អ្នកស្រី​ហួយ មាស ចាប់ផ្ដើម​ច្រៀង​ចម្រៀង​ឆ្លើយឆ្លង ជាមួយ​ដៃគូ​ចម្រៀង​បុរស​ច្រើន​ជាង​មុន ។ នោះ​ក៏​ព្រោះ​លោក​កេស​រោ មានការ​ជឿជាក់​ទៅ​លើ​ភរិយា ថា​ជា​មនុស្ស​ថ្លៃថ្នូរ​ម្នាក់​នៅ​ក្នុង​សង្គម ពិតជា​មិន​ប្រព្រឹត្ត​អ្វី​នាំ​ឱ្យ​អាប់ឱន​កេរ្តិ៍ឈ្មោះ​របស់​អ្នកស្រី ឬ​របស់​លោក​ជា​ស្វាមី​ឡើយ ។ នៅ​ពេល​នោះ​ដែរ គេ​បានឃើញ អ្នកស្រី​ហួយ មាស មានការ​ងារ​ទទួលខុសត្រូវ មមាញឹក​ជាង​មុន​កាន់តែ ច្រើន​ឡើង​ៗ​ជា​លំដាប់ ។

អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ បន្ត​ថា នៅ​ពេល​ទៅ​លេង​បាត់ដំបង ម្តង​ៗ អ្នកស្រី​ហួយ មាស តែងតែ​ពោល​ទាំង​ទឹកភ្នែក​រលីងរលោង​ថា អ្នកស្រី​នឹករលឹក ហើយ​អាណិត​ដល់​សោ​មា​វ​តី ជា​កូន​ខ្លោច​ថ្លើម ខ្លោច​ប្រមាត់​ណាស់ ប៉ុន្តែ​ទំនាស់​គ្រួសារ បាន​ធ្វើ​អោយ​អ្នកស្រី​មានការ​លំបាក​ក្នុង​ពេល​សុំ​ជួប​កូនស្រី ម្តង​ៗ ។ ម្យ៉ាងទៀត កុមារី​ក៏​មានមុខមាត់​ដូច​ឪពុក​របស់​នាង​បេះ​ដាក់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកស្រី​ទទួល​នូវ​ការ​ឈឺចាប់​ក្នុង​អារម្មណ៍ នៅ​ពេល​ជួប​មុខ​កូន ម្តង​ៗ ព្រោះ​ចេះ​តែ​នឹកឃើញ​ទៅ​ដល់​ការ​ដៀលត្មះ​ដ៏​សែន​គ្រោតគ្រាត របស់​លោក​សុ​ផា​នុ​រក្ស ចំពោះ​រូប​នាង​ជា​ភរិយា ជា​ពិសេស​គឺ​ការ​ផ្សាយ​ចម្រៀង​ជេរ​តិះដៀល​អ្នកស្រី​ជា​សាធារណៈ​តាម​វិទ្យុជាតិ​នោះ​តែ​ម្តង ។

អ្នកស្រី​ហួយ មាស ធ្លាប់​មាន​ប្រសាសន៍​ថា អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​មាន​វិប្បដិសារៈ​ជាងគេ​បំផុត នៅ​ក្នុង​ជាតិ​នេះ គឺ​ការណ៍​ដែល​អ្នកស្រី​មិន​បាន​ថែទាំ​រក្សា​កូនស្រី​របស់​ខ្លួន ដូច​មាតា​នានា ទូទៅ ប៉ុន្តែ​អ្នកស្រី​សង្ឃឹមថា ទេវតា​លោក​មាន​ព្រះ​នេត្រ អាច​ទ្រង់​ញាណ​ការណ៍​ពិត ហើយ​អភ័យទោស ដល់​អ្នកស្រី​ជា​មាតា ដែល​ពុំ​បាន​បំពេញភារកិច្ច​គ្រប់លក្ខណៈ​ជា​មាតា ចំពោះ​កុមារី​សោ​មា​វ​តី កន្លង​មក​។

ចំពោះ​ចម្រៀង​ដែល​លោក​អ៊ុំ សុ​ផា​នុ​រក្ស បាន​ច្រៀង​ផ្ទាល់ គឺ​បទ​ដែល​មាន​ចំណងជើង​ថា «​សំឡេង​ទ្រខ្មែរ​» និង​ចម្រៀង​បី​បទ​ទៀត ដែល​និពន្ធ​ដោយ​លោក​សុ​ផា​នុ​រក្ស គឺ​បទ «​ឈាម​អនាថា​» (​ច្រៀង​ដោយ​លោក​ជា សា​វឿ​ន​) «​កវី​ចាញ់​ស្នេហ៍​» (​ច្រៀង​ដោយ​លោក​ជា សា​វឿ​ន​) និង​បទ «​បក្សី​ក្ងោកមាស​» (​ច្រៀង​ដោយ លោក​មាស ហុ​ក​សេង​) ។

ទាំង​អស់នេះ​សុទ្ធ​សឹង​ជា​បទ ដែល​លោក​សុ​ផា​នុ​រក្ស និពន្ធ និង​ផ្សាយ​ចេញ​ជា​បន្តបន្ទាប់ តាម​វិទ្យុជាតិ នៅ​ឆ្នាំ​១៩៦៩ ដើម្បី​ឌឺដង ដាក់​ផ្លែ បន្ថែម​ផ្កា ផ្ញើ​ទៅ​អតីត​ភរិយា​របស់​ខ្លួន ។ ចំណែក​បទ​ដែល​អ្នកស្រី​ហួយ មាស ច្រៀង​ឆ្លើយ​តប​ទៅ​លោក​សុ​ផា​នុ​រក្ស វិញ​នោះ គឺ​បទ «​ចិត្ត​ខុស​ពី​មុន​» និង​បទ «​ផ្កាស្លា​រុះ​រោយ​» ផ្សាយ​ចេញ នៅ​ឆ្នាំ​១៩៦៩ ដូច​គ្នា​ដែរ​។

ចំណែកឯ​កូនស្រី​របស់​អ្នកស្រី​ហួយ មាស និង​លោក​អ៊ុំ សុ​ផា​នុ​រក្ស ដែល​មាន​នាម​ថា អ៊ុំ​សោ​មា​វ​តី នោះ​ក៏​បាន​បណ្តុះ​ទេព​កោសល្យ​របស់​ខ្លួន​នៅ​​សាកល​វិទ្យា​ល័យ​វិចិត្រសិល្បៈ​ភ្នំពេញ ជា​អ្នក​រាំ​របាំ​ប្រពៃណី និង​ជា​អ្នកចម្រៀង​ដ៏​ឆ្នើម​មួយ​រូប ថែម​ទាំង​បាន​ច្រៀង​ចម្រៀង លក់​ជា​កាស្សែត ជា​ច្រើន​រាប់​មិន​អស់​ជាមួយ​តារាចម្រៀង​បុរស ដ៏​ល្បី​មួយ​រូប​ទៀត គឺ​លោក​ប៊ុ​ន ចាន់​ថន ដែល​កំពុង​ប្រជែង​ទីផ្សារ​ជាមួយ​លោក​កែវ សា​រ៉ាត់ អ្នកស្រី​ឆោម ឆ​វិ​ន និង​លោក​រ៉​ម រើ​ន នៅ​ដើម​ទសវត្សរ៍​៩០ ។ បច្ចុប្បន្ន​នេះ​អ្នកស្រី​អ៊ុំ សោ​មា​វ​តី បាន​រស់នៅ​ស្ងាត់ស្ងៀម នៅ​ប្រទេស​ស្វ៊ី​ស ជាមួយ​ស្វាមី និង​បុត្រ ។

អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ បន្ត​ថា យោង​ទៅ​តាម​ឯកសារ «​មាស​ស្រោប​នគរ​» ភាគ​ពីរ ផ្សាយ​នៅ​ឆ្នាំ​២០០៧ អ្នកស្រី​ហួយ មាស និង​បុត្រ​ក្រោយ​ទាំង​ពីរ បាន​ត្រូវ​អង្គការ​បដិវត្តន៍ ជំលៀស​ចេញពី​ភ្នំពេញ តាម​រថភ្លើង ទៅ​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង នៅ​ថ្ងែ​១៧​មេ​សា ១៩៧៥ ។ ប៉ុន្តែ កាលនោះ គ្មាន​នរណា​ដឹង​ទេ ថា​លោក​កេស​រោ​វិញ មានដំណើរ​ទៅ​ខាង​ណា​ទេ ។

(​ពួក​ខ្មែរក្រហម​បាន​ស្រាវជ្រាវ​ដឹង​អត្តសញ្ញាណ និង​ប្រវត្តិ​របស់​អ្នកស្រី​ហួយ មាស ដូច្នេះ​តើ​វាសនា​ជីវិត​អ្នកស្រី​ទៅ​ជាយ៉ាង​ណា ?​)​។

អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ ដោយ​យោង​តាម​ឯកសារ «​មាស​ស្រោប​នគរ​» បន្ត​ថា អ្នកស្រី​ហួយ​មាស បាន​លាក់ខ្លួន រស់​ស្ងាត់ស្ងៀម ក្រោម​ការ​ត្រួតត្រា​របស់​អង្គការ​បដិវត្តន៍ រហូត​ដល់​ពេល​បុណ្យខួប​រំលឹក ជោគជ័យ​បដិវត្តន៍​លើក​ទី​ពីរ នៅ​ឆ្នាំ​១៩៧៧ ទើប​ខ្មែរក្រហម​បាន​ស្រាវជ្រាវ អត្តសញ្ញាណ​របស់​អ្នកស្រី​ឃើញ ហើយ​ក៏​នាំ​ខ្លួន អ្នកស្រី​ចេញ​ទៅ ដោយ​មិន​បាន​ប្រកាស​ថា​យក​ទៅ​ណា​ឡើយ​។ ចាប់តាំងពី​ថ្ងៃ​នោះ​មក អ្នកស្រី​ហួយ មាស ក៏​លែង​មាន​វត្ត​មាននៅ​ក្នុង សង្គម​គ្រួសារ​របស់​អ្នកស្រី​តទៅ​ទៀត ហើយ​កម្ពុជា​ទាំងមូល​ក៏​លែង​បានឮ​សំនៀង​ដ៏​ស្រទន់​ពីរោះ របស់​អ្នកស្រី ចាប់តាំងពី​ពេល​នោះ​មក​។

ចំពោះ​ញាតិ​មិត្ត​ដែល​ស្គាល់ អ្នកស្រី​ហួយ​មាស​ជិតដិត តែងតែ​ពោល​ថា អ្វី​ដែល​នាំ​ឱ្យ​ពួក​បដិវត្តន៍​ខ្មែរក្រហម តាម​រក​យាយី​ជីវិត​អ្នកស្រី​នោះ គឺ​ទី​មួយ​មក​ពី​អ្នកស្រី​ជា​ភរិយា​របស់​នាយ​ប៉ូលិស បម្រើ​រដ្ឋាភិបាល​ដែល​ប្រឆាំង នឹង​ខ្មែរក្រហម​ផង ហើយ​ទី​ពីរ អ្នកស្រី​ក៏​បាន​ចូលរួម​ជាមួយ​កងទ័ព​សាធារណរដ្ឋ​ខ្មែរ ក្រោម​ការ​ដឹកនាំ​របស់​លោក​លន់ ន​ល់ ច្រៀង​ចម្រៀង​ជាតិនិយម ប្រឆាំង​នឹង​លទ្ធិ​ខ្មែរក្រហម ដែល​កំពុង​ឈ្លានពាន​កម្ពុជា ផ្សាយ​តាម​វិទ្យុជាតិ រាប់​មិន​អស់​រៀងរាល់ថ្ងៃ រយៈពេល​៥​ឆ្នាំ​ពេញ ។ ចំពោះ​អ្នក​ដែល​មាន​ប្រវត្តិ​ដូច្នេះ អង្គការ​បដិវត្តន៍ មិន​ដែល​ប្រណី អត់អោន​ឱ្យ​ឡើយ ។

រីឯ​លោក​កេស​រោ ដែល​បាត់​ខ្លួន​ទៅ​នោះ​ក៏​ត្រូវ​សាច់ញាតិ​សន្មត​ថា លោក​ត្រូវ​អង្គការ​នាំ​ខ្លួន​យក​ទៅ​ទទួល​សម្តេចឪ គឺ​ទៅ​បាត់​រហូត​លែង​វិល​វិញ (​ជា​ភាសា​សម្ងាត់​របស់​អង្គការ សម្រាប់​នាំ​ខ្លួន​អ្នក​ដែល​ប្រឆាំង​នឹង​អង្គការ យក​ទៅ​ប្រហារជីវិត​)​។

បទ​ចម្រៀង​របស់​អ្នកស្រី​ហួយ មាស ដែល​មាន​ប្រជាប្រិយភាព​ច្រើន​ជាងគេ ជា​ពិសេស​ពី​ញាតិ​មិត្ត និង​អ្នកគាំទ្រ នៅ​បាត់ដំបង គឺ​បទ «​វាសនា​ចំការ​សំរោង​» «​វាល​សោះ​ខ្យល់​» និង​«​សំនៀង​ដួងចិត្ត​ក្រមុំ​» ដ្បិត​ជា​និមិត្តរូប​របស់​ខេត្តបាត់ដំបង ។

រឿងរ៉ាវ​ស្នេហា​ដ៏​កក្រើក​រញ្ជួយ​របស់​អ្នកចម្រៀង​ហួយ មាស
អ្នកស្រី​ហួយ មាស ជា​សិល្ប​ការិនី​មួយ​រូប​ដែល​មាន​ទេព​កោសល្យ​ចម្រុះ (​ចម្រៀង ល្ខោននិយាយ និង​ជា​អ្នក​អត្ថាធិប្បាយ​) ។ កាលពី​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៦០ និង​ទស​វត្ស ឆ្នាំ​១៩៧០ ប្រជាពលរដ្ឋ​ក្នុង​ជំនាន់​នោះ​ដឹង​ថា អ្នកស្រី​ហួយ មាស មាន​ស្វាមី​ពីរ​នាក់ ដែល​ស្វាមី​ទី​មួយ គឺ​លោក​អ៊ុំ សុ​ផា​នុ​រក្ស ហៅ​យែ​ល អាជីព​ជា​អ្នក​វាយ​ស្គរ​ក្នុង​វង់ភ្លេង​ឃោសនាការ និង​ស្វាមី​ទី​ពីរ គឺ​លោក​វ៉ា​ន់​លី កេស​រោ អ្នកមាន​ទ្រព្យសម្បត្តិ និង​អំណាច ។

ស្វាមី​ទី​មួយ​របស់​អ្នកស្រី​ហួយ មាស ជា​សិល្បករ​ដូច​គ្នា និង​ធ្វើការ​រួម​គ្នា​នៅ​វិទ្យុជាតិ ដោយ​បាន​រៀប​ការ​តាម​ប្រពៃណី​នៅ​ទីក្រុង​ភ្នំពេញ​ប្រហែល​អំឡុង​ឆ្នាំ​១៩៦៦-៦៧ ។ ប៉ុន្តែ​ចំណងស្នេហា​របស់​អ្នកស្រី​ហួយ មាស និង​លោក​អ៊ុំ សុ​ផា​នុ​រក្ស ហៅ​យែ​ល ពុំ​សូវ​ទទួល​បាន​សុភមង្គល​តាម​បំណងប្រាថ្នា​ឡើយ គឺ​ផ្អែមល្ហែម​តែ​គ្រា​ដំបូង​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ។ លុះ​បន្ទាប់​មក​គ្រួសារ​មួយ​នេះ​តែងតែ​កើតរឿង​រកាំរកូស​មិនសូវ​លស់​ពេល​ឡើយ ។

អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ (​សូម​បញ្ជាក់​ថា ការ​និទាន​ពី​ប្រវត្តិ​អ្នកស្រី​ហួយ មាស នេះ ហាក់ដូចជា​មាន​ផ្នែក​ច្រំ​ដែល តែ​មក​ពី​ផ្នែក ដំបូង​ៗ​អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ និទាន​តាម​ការ​ដឹង​ឮ​ផ្ទាល់ខ្លួន ហើយ​អ្នកស្រី​ភ្ជាប់​នឹង​ឯកសារ «​មាស​ស្រោប​នគរ​» ដែល​រៀបរាប់​ក្បោះក្បាយ​ជាង​) បន្ត​ថា ក្រោយ​ពី​រួមរស់​ជាមួយ​គ្នា​ក្នុង​ភាព​ជា​ប្តី​ប្រពន្ធ​បាន​ជាង​២ ឆ្នាំ និង​ទទួល​បាន​បុត្រី​ម្នាក់​ជា​ចំណង​និស្ស័យ ការ​ប្រេះឆា ក៏​រីក ធំ​ឡើង​ៗ ហើយ​ទីបំផុត​អ្នកស្រី​ហួយ មាស បាន​លែងលះ​លោក​អ៊ុំ សុ​ផា​នុ​រក្ស ហៅ​យែ​ល​ទៅ​ចងមេត្រី​ជាមួយ​បុរស​ម្នាក់​ទៀត​ឈ្មោះ​វ៉ា​ន់​លី កេស​រោ ដែល​ជា​មន្ត្រី​ប៉ូលិស​មានមុខមាត់​ម្នាក់ ព្រមទាំង​មានបុណ្យ​ស័ក្តិ និង​ទ្រព្យសម្បត្តិ​ជាង​ស្វាមី​ដើម​របស់​អ្នកស្រី​ឆ្ងាយ​ណាស់ ដោយ​មាន​រថយន្ត​បើក​យ៉ាង​ហឺ​ុ​ហា​ទៀត​ផង ប៉ុន្តែ​ការ​រួមរស់​ជាមួយ​លោក​វ៉ា​ន់​លី កេស​រោ ពុំ​បាន​រៀប​ការ​ទេ ។

ចំណែក​កូនស្រី​របស់​អ្នកស្រី​ហួយ មាស ជាមួយនឹង​លោក​អ៊ុំ សុ​ផា​នុ​រក្ស ហៅ​យែ​ល ដែល​ទើប​អាយុ​បាន​ជិត​២​ឆ្នាំ​នោះ​ឈ្មោះ​អ៊ុំ សុ​ម៉ា​វ​ត្តី ត្រូវ​លោក​អ៊ុំ សុ​ផា​នុ​រក្ស យក​ទៅ​ចិញ្ចឹម​រហូត ។

ការ​បែកបាក់​បាន​ធ្វើ​ឱ្យ​អ្