ខេត្តកណ្តាល ៖ ក្រោយពិនិត្យឃើញថា តំបន់ព្រៃលិចទឹក និងតំបន់ការពារធម្មជាតិមួយចំនួន ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបុគ្គលមួយចំនួនធ្វើការបំផុសបំផុលចលនាឱ្យពលរដ្ឋចូលទៅធ្វើការកាប់រាន ហ៊ុមព័ទ្ធយកដីព្រៃលិចទឹក ដែលជាដីតំបន់ការពារធម្មជាតិ និងដីតំបន់អភិរក្សហើយធ្វើការទិញ-លក់ដីរដ្ឋយ៉ាងកក្រើកដូចផ្សារត្រីដែលជាទង្វើដោយខុសច្បាប់ យកធ្វើជាកម្មសិទ្ធិ ក្រោមលេសខ្វះដីអាស្រ័យផលឬបង្កបង្កើនផល ។
ក្នុងការការពារដីរបស់រដ្ឋអាជ្ញាធរស្រុកលើកដែកប្រញាប់ដាក់ចេញនូវវិធានការ និងណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវរាល់ការបំផុសដោយខុសច្បាប់ ទោះបីបុគ្គលណាក៏ដោយ ក៏ពុំមានសិទ្ធិរុករានដីព្រៃកាន់កាប់ និងបែងចែកដីនៅក្នុងតំបន់ព្រៃលិចទឹក ឬដីតំបន់អភិរក្សនោះទេ ។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកអភិបាលស្រុក ចាប ច័ន្ទវិទ្យា បានតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ ការិយាល័យ និងអង្គភាពពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ជាក់លើលិខិតទិញ-លក់ដីរបស់រដ្ឋ ការផ្ទេរសិទ្ធិ ឬបញ្ជាក់លើគំនូសបង្ហាញទីតាំងដីនៅក្នុងតំបន់ដីព្រៃលិចទឹក និងតំបន់ដីអភិរក្សរបស់រដ្ឋ នឹងត្រូវនិរាករណ៍រាល់លិខិតបញ្ជាក់លើលិខិតទិញ-លក់ដីរបស់រដ្ឋ ការផ្ទេរសិទ្ធិ ឬបញ្ជាក់លើគំនូសបង្ហាញទីតាំងដី ។
លោកបានព្រមានថា អ្នកដែលបានទន្ទ្រានកាន់កាប់ដីខុសច្បាប់កន្លងមក ត្រូវរុះរើខ្ទម តង់ និងសំណង់បណ្តោះអាសន្ន ហើយប្រគល់ដីមកជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ ។ គណៈកម្មការអធិការកិច្ចដីរដ្ឋថ្នាក់ស្រុក ត្រូវដឹកនាំមន្ត្រី ដោយសហការជាមួយការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនិងតំបន់ព្រៃលិចទឹក និងតំបន់ដីអភិរក្ស ក្នុងស្រុកលើកដែកដល់មហាជន ជាពិសេសប្រជាជនមូលដ្ឋាន ។
គណៈកម្មការអធិការកិច្ចដីរដ្ឋថ្នាក់ស្រុក ការិយាល័យ អង្គភាពជំនាញ ត្រូវចាត់វិធានការការទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានដីព្រៃលិចទឹក និងតំបន់ដីអភិរក្ស ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ និងបញ្ឈប់ការបញ្ជាក់លើឯកសារកាន់កាប់ដីរបស់រដ្ឋ ដើម្បីស្នើសុំធ្វើជាកម្មសិទ្ធិ ។ នៅឃុំព្រែកទន្លាប់លោក ងី សារី ក៏បានកោះអញ្ជើញមេ៥០ខ្នង មេភូមិ កម្លាំងប្រជាការពារ មន្ត្រីនគរបាលប៉ុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំចំនួន៩រូបមកកាន់សាលាឃុំនៅព្រឹកថ្ងៃទី១០ ខែសីហាដើម្បីផ្សព្វផ្សាយពីការដាក់វិធានការទប់ស្កាត់នេះផងដែរ ព្រោះអ្នកភូមិកំពុងចាញ់បោកឈ្ហមួញដីដែលឈរចាំទិញ ។
នៅក្នុងការផ្សព្វផ្សាយនោះលោក ងី សារី និយាយថា កន្លងមកជាច្រើនឆ្នាំរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានក្រុមឈ្មួញបានប្រើប្រាស់គ្រប់រូបភាព ធ្វើយ៉ាងណាទិញដីនេះ ឈានទៅដល់ការកាន់កាប់ និងស្នើសុំធ្វើជាកម្មសិទ្ធិ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន ដែលមិនបានគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយចាញ់កលល្បិចរបស់ឈ្មួញ ដោយឈ្មួញឃោសនាថា ឲ្យចុះទៅវាស់ដីទៅគេឲ្យក្នុងមួយគ្រួសារ១ពាន់ដុល្លារ ។ ដែលនេះ គឺជាពាក្យចចាមរាម ហើយពាក្យចចាមរាមទាំងអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតូចមានការជឿជាក់ ក៏លើកគ្នាទៅវាស់ដីរដ្ឋចែកគ្នាកាប់ឆ្ការ ។
លោកអភិបាលស្រុកបានចាត់វិធានការ ទាំងការផ្សព្វផ្សាយអប់រំ និងវិធានការអនុវត្តទៅដល់ទីតាំងកើតហេតុជាក់ស្តែង ។ ដោយឡែកកិច្ចប្រជុំថ្ងៃនេះ លោកសូមឲ្យក្រុមប្រឹក្សាឃុំ មន្ត្រីភូមិ ក៏ដូចជា មេ៥០ខ្នង ជួយផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងនេះឲ្យបានទូលំទូលាយចែកជូនទៅដល់ក្រុមមេខ្យល់ដែលប្រកបរបរដើរទិញដីធ្លី ឬក៏យកបិទផ្សាយនៅតាមតំបន់ទីប្រជុំជន តាមហាងកាហ្វេ និងនៅតាមតូបលក់ដូរនានានៅតាមផ្សារក្តី នៅតាមភូមិក្តីកុំឱ្យចាញ់បោកឈ្មួញដីទុច្ចរិត ។
លោកបន្តថា ក្រោយពីការផ្សព្វផ្សាយនេះហើយ បើសិនជាពួកគាត់នៅតែបន្តប្រព្រឹត្តទៀតនោះ រដ្ឋបាលឃុំនឹងសុំគោលការណ៍ទៅរដ្ឋបាលស្រុក សុំកិច្ចសហការពីសមត្ថកិច្ចនានាដែលពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ