ខេត្តសៀមរាប ៖ នៅពេលខេត្តសៀមរាបចំឲ្យកម្មវិធីជាច្រើន បម្រើដល់ការសម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋនៅក្នុងឱកាសឈប់សម្រាកនាសប្តាហ៍ក្រោយនេះ ស្រុកបន្ទាយស្រី ពិសេសតំបន់ភូមិព្រះដាក់ ដែលជាកន្លែងអ្នកទេសចរឆ្លងកាត់ ទៅរមណីយដ្ឋាននានាក៏មានការរៀបចំកម្មវិធីកម្សាន្ត ប្លែកៗ បង្កប់នូវអត្តសញ្ញាណអ្នកស្រុក ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងសហគមន៍របស់ខ្លួន ។
លោក ឃីម ហ្វីណង់ បានឲ្យដឹងថា នៅក្នុងភូមិព្រះដាក់ ដែលល្បីល្បាញនំបញ្ចុកឆ្ងុយឆ្ងាញ់នោះនឹងមានលក់ចំណីចំណុចបន្ថែមទៀតដូចជា មាន់អាំង កង្កែបបោក កសិកផលនិងសិប្បកម្ម ជាច្រើនមុខ ដែលស្មារដៃរបស់ប្រជាពលរដ្ឋមូលដ្ឋាន ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ដោយសារ អាជ្ញាធរខេត្តបានរៀបចំដំណើរទេសចរជិះកង់មួយពីទីរួមខេត្ត មកកាន់ឃុំព្រះដាក់ ដូច្នេះស្រុករៀបចំការលក់ដូរនេះ ដើម្បីទទួលស្វាគមន៍អ្នកទេសចរដែលបានមកដល់សហគមន៍របស់ខ្លួន ។
បើតាមលោកអភិបាលស្រុកថា អាជ្ញាធរមានគម្រោងរៀបចំកម្មវិធីច្រើន ប៉ុន្តែដោយសារបារម្ភ ពីបញ្ហាកូវីដ១៩ ស្រុកនឹងខិតខំសម្រួលមិនឲ្យមានការប្រមូលម្តុំមនុស្សច្រើននោះឡើយ ហើយវិធានការការពារកូវីដ១៩ នឹងអនុវត្តយ៉ាងតឹងតែង។
លោក ឃីម ហ្វីណង់ បញ្ជាក់ថា អាជ្ញាធរនឹងចែករបាំងមុខការពារសុវត្ថិភាព ដល់ពលរដ្ឋអ្នកលក់មាន់អាំង កង្កែបបោក នំបញ្ចុក ដើម្បីការពារកុំឲ្យកម្ទេចទឹកមាត់គាត់ ខ្ទាតចូលចំណីអាហារ ។ អាជ្ញាធរស្រុកបានកំពុងតុបតែង លម្អរតំបន់ព្រះដាក់យ៉ាងមមាញឹក ។ រំយោល ផ្កាភ្ញី បានកំពុងព្យួរ តាំង តាមដងផ្លូវយ៉ាងស្រស់បំព្រង មានពណ៌ចម្រុះគ្នា ។
នៅក្នុងនោះអាជ្ញាធរបានស្នើឲ្យពលរដ្ឋអ្នកលក់ដូរដកឆ័ត្រកៅស៊ូ ចេញដោយសង់ជំនួសមកវិញកូនតូបៗប្រកស្លឹកវិញ។ លោកអភិបាលស្រុកនៅក្នុងស្រុកបន្ទាយស្រីនេះ មានកង់សម្រាប់ជួល ដល់ភ្ញៀវទេចរ ជិះកម្សាន្តមើលភូមិស្រុក ឬទៅប្រាសាទបន្ទាយស្រីផងដែរ។
សូមជម្រាបថានៅក្នុងការរៀបចំកម្មវិធីជាច្រើនបម្រើដល់ការកន្សាន្តសប្បាយពលរដ្ឋ នាឱកាសឈប់សម្រាកនៅសប្តាហ៍ក្រោយនេះ ខេត្តសៀមរាបបានរៀបចំកម្មវិធីសាសនា ព្រឹត្តិការណ៍សប្បាយ និងប្លែកៗ ដូចជាផ្សារទឹក ការតាំងពិព័រណ៍កសិផល ការជិះកង់ជាដើម ។ ការជិះកង់ ដើម្បីការកៀរគរថវិកាសម្រាប់សកម្មភាពកិច្ចការមនុស្សធម៌ មានរយៈពេល ៣ ថ្ងៃ គឺធ្វើឡើងនៅថ្ងៃទី ១៦ ១៨ និង ២១ សីហា ឆ្នាំ២០២០ ។
រដ្ឋបាលខេត្តបានអំពាវនាវឲ្យពលរដ្ឋចូលរួមកម្មវិធីនេះ ដោយទិញសំបុត្រចូលរួមបាននៅទីតាំងមាត់ស្ទឹងសៀមរាបទល់មុខមន្ទីរគណបក្សខេត្ត(វេទិកាអុំទូក)។ សំបុត្រមួយថ្លៃ២៥ដុល្លារ៕
ចែករំលែកព័តមាននេះ