ខេត្តកំពង់ធំ៖ អង្គការសុខុមាលភាពសត្វសកលឈ្មោះ FOUR PAWS បានបិទទីកន្លែងសំលាប់សត្វឆ្កែមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ៥ ខែសីហានិងបានជួយសង្គ្រោះសត្វឆ្កែសរុប ១៥ ក្បាល ដែលនេះត្រូវបានចាត់ទុកជាជោគជ័យថ្មីមួយទៀត បន្ទាប់ពីអង្គការមួយនេះបានបិទកន្លែងផ្គត់ផ្គង់សាច់សត្វឆ្កែដ៏ធំមួយកាលពីចុងឆ្នាំ ២០១៩ ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់អង្គការ FOUR PAWS ចុះថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០ ។
ការសម្រេចឈានដល់ការបិទទីកន្លែងសម្លាប់សត្វឆ្កែនេះគឺអាចធ្វើទៅបាន បន្ទាប់ពីការហាមឃាត់ការសម្លាប់និងជួញដូរសាច់ឆ្កែដែលត្រូវបានអនុវត្តដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដោយរដ្ឋាភិបាលខេត្តសៀមរាប។
អង្គការ FOUR PAWS បានលើកឡើងថា យ៉ាងហោចណាស់មានសត្វឆ្កែប្រមាណ ៣ លានក្បាលដែលក្នុងនោះរួមទាំងសត្វឆ្កែដែលត្រូវបានគេលួចចេញពីកន្លែងនានា ត្រូវបានសម្លាប់សម្រាប់យកសាច់របស់ពួកគេនៅក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។
ទន្ទឹមនឹងការបិទទីកន្លែងសម្លាប់សត្វឆ្កែធំមួយនេះនៅស្រុកសន្ទុក ខេត្តកំពង់ធំ អង្គការ FOUR PAWS កំពុងអំពាវនាវឱ្យមានការហាមឃាត់ជាដាច់ខាតនូវការធ្វើពាណិជ្ជកម្មសាច់ឆ្កែ និងសាច់ឆ្មាយ៉ាងសាហាវនៅកម្ពុជា ក៏ដូចជា នៅអាស៊ីអាគ្នេយ៍ផងដែរ ព្រោះវាជាការគំរាមកំហែងដល់សុខុមាលភាពសត្វ និងសុខភាពសាធារណៈ។
បើតាមការលើកឡើងរបស់អង្គការ FOUR PAWS បានឲ្យដឹងថា ទីសត្តឃាតដែលត្រូវបានបិទទ្វារកាលពីថ្ងៃទី ០៥ ខែសីហាកន្លងទៅនៅខេត្តកំពង់ធំ គឺបានសម្លាប់ឆ្កែរហូតដល់ ៣,០០០ ក្បាលជារៀងរាល់ឆ្នាំ ដែលភាគច្រើនត្រូវបានគេជួញដូរពីខេត្តសៀមរាបនិងបម្រើការជាអ្នកផ្គត់ផ្គង់សាច់ឆ្កែធំជាងគេនៅក្នុងតំបន់ ។ ដោយសារតែទីតាំងសត្តឃាតដែលត្រូវបានបិទនៅកំពង់ធំគឺជាទីតាំងយុទ្ធសាស្ត្រសំខាន់រវាងខេត្តសៀមរាបនិងភ្នំពេញសម្រាប់ជំនួញជួញដូរសាច់ឆ្កែនោះ ដូច្នេះការបិទទីសត្តឃាតមួយនេះ នឹងជះឥទ្ធិពលយ៉ាងធំធេង ដល់ការផ្គត់ផ្គង់សាច់ឆ្កែចូលខេត្តជិតខាងនិងរាជធានីភ្នំពេញ ។
ក្នុងកំឡុងពេលចុះបិទទីតាំងសត្តឃាតឆ្កែខាងលើ អង្គការ FOUR PAWS បានជួយសង្គ្រោះសត្វឆ្កែទាំង ១៥ ក្បាលនៅនឹងកន្លែងដែលកំពុងរង់ចាំការសម្លាប់និងដឹកពួកគេទៅកាន់អង្គការសប្បុរសធម៌ដៃគូក្នុងស្រុករបស់ពួកគេគឺ «សង្គ្រោះសត្វកម្ពុជា» ។ នៅទីនោះសត្វឆ្កែបានទទួលការព្យាបាលភ្លាមៗហើយនឹងត្រូវបានមើលថែទាំរហូតដល់ពួកគេរកឃើញផ្ទះដែលគួរឱ្យស្រឡាញ់ និងចិញ្ចឹម។
«វាមានសន្ទុះខ្លាំងក្លាមួយមិនគួរឱ្យជឿនៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះសត្វឆ្កែនិងការបញ្ចប់ការធ្វើពាណិជ្ជកម្មសាច់ឆ្កែ ។ ហើយយើងមានអារម្មណ៍ធូរស្បើយ និងរីករាយ នៅពេលឃើញទីសត្តឃាតដែលយកជីវិតឆ្កែរាប់ពាន់ក្បាលក្នុងមួយឆ្នាំៗត្រូវបានបិទ ។ ការបិទទីសត្តឃាតឆ្កែមួយនេះ យើងមិនត្រឹមផ្តល់ជីវិតសត្វឆ្កែដែលត្រូវបានជួយសង្គ្រោះនៅថ្ងៃនោះប៉ុណ្ណោះទេ ប៉ុន្តែថែមជួយដល់ទាំងឆ្កែរាប់ម៉ឺនក្បាលផ្សេងទៀត ដែលនឹងត្រូវរួចផុតពីសេចក្តីស្លាប់ដ៏គួរឱ្យរន្ធត់ ។ យើងក៏អាចធ្វើការនេះបានដោយជោគជ័យ ដោយម្ចាស់ទីតាំងផ្ទាល់បានសហការនិងសម្រេចចិត្តឈប់ចូលរួមក្នុងពាណិជ្ជកម្ម (សម្លាប់សត្វឆ្កែ) ទៀតទេ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Katherine Polak ប្រធានអង្គការ FOUR PAWS ទទួលបន្ទុកផ្នែកថែរក្សាសត្វនៅអាស៊ីអាគ្នេយ៍ ។
លោកវេជ្ជបណ្ឌិតបានបន្តថា «ប៉ុន្តែការងារមិនត្រឹមតែបញ្ចប់ដោយការបិទទីតាំងមួយនេះទេ។ ប៉ុន្មានសប្តាហ៍ទៅទៀត ឬប៉ុន្មានខែខាងមុខនេះ គឺជាដំណាក់កាលដ៏មានសារសំខាន់មួយទៀត ក្នុងការផ្តល់ការព្យាបាលដល់សត្វឆ្កែដែលបានជួយសង្គ្រោះ និងការមើលថែពួកគេដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដែលត្រូវការដើម្បីជួយពួកគេឱ្យរួចផុតពីបទពិសោធន៍ដ៏ឈឺចាប់នេះ» ។
ចែករំលែកព័តមាននេះ