រាជធានីភ្នំពេញ ៖ មួយរយៈនេះមានការជជែកដេញដោលច្រើននៅលើបណ្តាញសង្គម ដែលមហាជនកំពុងតែលើកជាចម្ងល់ ទៅលើសេចក្តីព្រាងច្បាប់មួយស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលក្រសួងមហាផ្ទៃកំពុងពិនិត្យដែលមានជំពូកមួយនោះចែងអំពីប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ ក្នុងនោះបានបញ្ជាក់ថា ហាមមិនឲ្យបុរសស្ត្រីស្លៀកពាក់ប៉ះពាល់ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរនៅទីសាធារណៈ ។
ចំពោះបុរសសេចក្តីព្រាងច្បាប់ ហាមស្លៀកតែខោអត់ពាក់អាវនៅទីប្រជុំជន ឬស្លៀកតែខោទ្រនាប់បង្ហាញផ្នែកខ្លះនៃកេររ្តិ៍ភេទ។ ចំណោះនារី ហាមស្លៀកពាក់ខ្លី ខើចលើខើចក្រោម ឬស្លៀកពាក់ស្តើងឃើញកេររ្តិ៍ភេទ ឬស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេររ្តិ៍ភេទ ។
ជាក់ស្តែង អ្នកនាង ម៉េង សុភារី ដែលជាមេធាវីស្រីមួយរូបក៏បានលើកជា ចំណោទមួយផងដែរថា តើការស្លៀកពាក់ឈុតហែលទឹកនៅមាត់សមុទ្រនឹងត្រូវហាមប្រាមដែរ ឬទេ ខណៈនៅកន្លែងហែលទឹកមួយចំនួនក៏តម្រូវឲ្យស្លៀកឈុតប៊ីគីនី ទើបឲ្យចូលអាងហែលទឹក ។ អ្នកនាងម៉េង សុភារីបានចោទជាសំណួរថា «តាមពង្រៀងច្បាប់ថ្មី តើការស្លៀកប៊ីគីនីងូតទឹកនៅសមុទ្រ ឬអាងហែលទឹកសាធារណ: ខុសច្បាប់ដែរឬទេ?» ។
ងាកទៅអ្នកលេងបណ្តាញសង្គមផ្សេងទៀតក៏បានបញ្ជាក់ថា បើសិនជា «ស្រវឹងស្រា មានម៉ាស៊ីនវាស់ និងមានកម្រឹតជាតិស្រវឹង និងមានភ្នាក់ងាររដ្ឋដែលមានជំនាញនេះចុះមកត្រួតពិនិត្យ រួចចេញវិក័យប័ត្រឱ្យ។ តើស្លៀកខើចលើ ខោចក្រោម កម្រឹតណា យកអ្វីមកវាស់ អ្នកណាជាអ្នកវាស់? បើវាជាបទល្មើស ចឹងតើត្រូវបង្កើតអង្គភាពប៉ូលីសថ្មី ដើម្បីតាមដានអ្នកស្លៀកខោចលើខោចក្រោមទេ? បើឃើញ នឹងត្រូវចាប់វាស់ ពីកម្រឹតខោច? ខ្ញុំគ្រាន់តែឆ្ងល់ទេ កុំអគតិលើការឆ្ងល់របស់ខ្ញុំពេក» ។
ជុំវិញបញ្ហានេះផងដែរ សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលមានអន្តរក្រសួងពាក់ព័ន្ធ គឺពិតជាមានជំពូកមួយនិយាយពីប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ។ ត្រង់ចំនុចនោះ ក្នុងសេចក្តីព្រាងច្បាប់បានចែង «ហាមមិនឲ្យបុរសស្ត្រី ស្លៀកពាក់ប៉ះពាល់ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរនៅទីសាធារណៈ។ ចំពោះបុរសសេចក្តីព្រាងច្បាប់ ហាមស្លៀកតែខោអត់ពាក់អាវនៅទីប្រជុំជន ឬស្លៀកតែខោទ្រនាប់បង្ហាញផ្នែកខ្លះនៃកេរ្តិ៍ភេទ។ ចំណោះនារី ហាមស្លៀកពាក់ខ្លី ខើចលើខើចក្រោម ឬស្លៀកពាក់ស្តើងឃើញកេរ្តិ៍ភេទ ឬស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរ្តិ៍ភេទ» ។
ទោះយ៉ាងណាសេចក្តីព្រាងច្បាប់ បានចែងថា ការអនុវត្តកថាខណ្ឌខាង «ត្រូវលើកលែងចំពោះវិស័យទេសចរណ៍ សិល្បៈ កីឡា ប្រពៃណី ឬតំបន់ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នផ្តួចផ្តើមតាក់តែងសេចក្តីព្រាងច្បាប់សណ្តាប់ធ្នាប់សាធារណៈនេះឡើង បានផ្សាយឲ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានា ការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ។ មន្ត្រីបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ អាចនឹងអនុម័តនៅចុងឆ្នាំ២០២០ឬដើមឆ្នាំ២០២១។សេចក្តីព្រាងច្បាប់ ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈខាងលើនេះ មាន ៨ជំពូក នឹង ៤៨មាត្រា នៅពេលនេះ ក្រសួងមហាផ្ទៃបានបញ្ជួនទៅរដ្ឋបាលខេត្ត រាជធានីទូទាំងប្រទេស ដើម្បីពិនិត្យ សិក្សាដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយ។
លោក ខៀវ សុភក្រ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ប្រាប់កោះសន្តិភាពថាការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈមានច្រើនណាស់ ដែលកន្លងមកសមត្ថកិច្ចមានការលំបាកនៅក្នុងការគ្រប់គ្រងដោយសារមិនទាន់មានច្បាប់ ។ លោកបានលើកឡើងបញ្ហាខ្លះថា ដូចជាការរៀបចំបរិស្ថាន គឺការបូជាសព ដែលកន្លងមកតាមទំនៀបទម្លាប់ ពលរដ្ឋបានបូជាសព នៅកណ្តាលវាលប៉ះពាល់បរិស្ថាននិងសាធារណជន ប៉ុន្តែសកម្មភាពនោះបានធ្វើតៗគ្នាតាំងពីដើមមក។ លោកថា នៅមានច្បាប់ នឹងរៀបរយបញ្ហានេះ មិនឲ្យប៉ះពាល់ដល់បរិស្ថាននិងសាធារណជនឡើយ។«ច្បាប់មានវិសាលភាពធំ ងាយស្រួលដល់អាជ្ញាធរអនុវត្តវិធានការ ។ ជាធម្មតាច្បាប់មានការអប់រំ និងការដាក់ពិន័យ» ។ នេះជាការបញ្ជាក់របស់លោក ខៀវ សុភក្រ័។
យ៉ាងណាមិញ សេចក្តីព្រាងច្បាប់ដែលអ្នកសារព័ត៌មានទទួលបាន មិនទាន់ឃើញចែងលម្អិតពីទោសប្បញ្ញត្តិឡើយ ដោយត្រឹមសរសេរថា អំពីល្មើសនឹងច្បាប់នេះ «ត្រូវផ្តន្ទាទោសដោយការព្រមាន ការពិន័យអន្តរការណ៍ ការដាក់វិន័យរដ្ឋបាល ឬការផ្តន្ទាទោសដាក់ពន្ធនាគារ ឬនិងពិន័យជាប្រាក់» ៕
ចែករំលែកព័តមាននេះ