សារព័ត៌មានបរទេស កាលពីថ្ងៃទី២០ មករា ២០១៥ ផ្សាយថា លោកហ្គាឡូស ដឺឡា ហ៊្វុយអេនតេ ម៉ាកូស អ្នកតារាសាស្ត្រនៅមហាវិទ្យាល័យហ្គុមព្លូតេនហ្សេ ក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ រួមជាមួយអ្នកតារាសាស្ត្រនៅមហាវិទ្យាល័យខេមប្រ៊ីដ របស់អង់គ្លេស បានបង្ហាញនៅក្នុងឯកសារប្រចាំខែរបស់សមាគមតារាសាស្ត្រអង់គ្លេសថា អាចមានផ្កាយព្រះគ្រោះយ៉ាងតិច២ដួង នៅក្រៅរង្វង់គោចររបស់ផ្កាយភ្លូតូ ស្ថិតនៅក្នុងប្រព័ន្ធសុរិយគតិ ។
ការសន្និដ្ឋាននេះ ផ្អែកលើការសង្កេតពីរូបភាពការគោចររបស់ក្រុមផ្កាយនៅក្រៅរង្វង់គោចររបស់ផ្កាយនេបទូន ជាផ្កាយព្រះគ្រោះនៅឆ្ងាយពីប្រព័ន្ធសុរិយគតិ ឬហៅថា ក្រុមវត្ថុស្ថិតនៅឆ្ងាយពីផ្កាយនេបទូន (trans Neptunian Objects) ដែលតាមធម្មតាពួកវារប៉ាត់រប៉ាយនៅក្នុងរយៈ១៥០រង្វាស់តារាសាស្ត្រ (AU) ពីពន្លឺព្រះអាទិត្យ ដោយ១AU ស្មើនឹងរយៈចម្ងាយពីផែនដីដល់ព្រះអាទិត្យ ឬស្មើនឹង១៥០លានគីឡូម៉ែត្រ និងគោចរនៅក្នុងរយៈចម្ងាយជិត ឬឆ្ងាយជាងផ្កាយព្រះគ្រោះ ។
តាមការសង្កេតរបស់ក្រុមអ្នកវិទ្យាសាស្ត្រឃើញថា មានលក្ខណៈមួយចំនួនខុសប្លែកពីទ្រឹស្តីដែលគួរកើត ។ កាលពីឆ្នាំមុនម៉ាស៊ីនថតទូរទស្សន៍ «អាល់ម៉ា» ដែលមានទីតាំងស្ថិតនៅលើវាលខ្សាច់ «អាតាហ្គាម៉ា» ភាគខាងជើងប្រទេសស៊ីលី ប្រទះឃើញថា មានផ្កាយព្រះគ្រោះក្នុងប្រព័ន្ធសុរិយគតិផ្សេងទៀត ដែលនៅឆ្ងាយពីព្រះអាទិត្យ ដោយមានរយៈចម្ងាយជាច្រើនរយ AU ប៉ុន្តែសម្រាប់ផ្កាយនេបទូន ត្រូវជាផ្កាយព្រះគ្រោះនៅខាងក្រៅប្រព័ន្ធសុរិយគតិរបស់យើងនោះ នៅឆ្ងាយពីព្រះអាទិត្យប្រហែល ៣០AU ខណៈពេលផ្កាយព្រះគ្រោះ «ក្រិនភ្លូតូ» ស្ថិតនៅឆ្ងាយពីព្រះអាទិត្យប្រហែល ៤០AU ៕
ចែករំលែកព័តមាននេះ