ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ស្រុក​ម្នាក់ រង​ទទួល​នូវ​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលរង​ស្រុក​កែវ​សីមា​មួយ​រូប ដែល​សកម្ម​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​ឈើ​ខុសច្បាប់ បែរជា​ត្រូវ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ធ្វើ​ពាក្យ​បណ្តឹងសុំ​ដក​អភិបាលរង​នោះ ដោយ​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ ជាង​២០០​នាក់ ស្ម័គ្រចិត្ត​ផ្តិត​មេដៃ ព្រោះតែ​លោក​អភិបាលរង​ស្រុក​ធ្វើទុក្ខ​មុ​បុក​ម្នេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ…

ខេត្តមណ្ឌលគិរី ៖ អភិបាលរង​ស្រុក​កែវ​សីមា​មួយ​រូប ដែល​សកម្ម​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​ឈើ​ខុសច្បាប់ បែរជា​ត្រូវ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ធ្វើ​ពាក្យ​បណ្តឹងសុំ​ដក​អភិបាលរង​នោះ ដោយ​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ ជាង​២០០​នាក់ ស្ម័គ្រចិត្ត​ផ្តិត​មេដៃ ព្រោះតែ​លោក​អភិបាលរង​ស្រុក​ធ្វើទុក្ខ​មុ​បុក​ម្នេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ រកស៊ី​ដឹកឈើ​បាន​។ យោង​តាម​ពាក្យបណ្តឹង​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​០២ សីហា ២០២០ មាន​ខ្លឹមសារ​ថា នាង​ខ្ញុំ​ឈ្មោះ ឈាង តៃ​ស្រ៊ី​ន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នាង​ខ្ញុំ និង​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កែវ​សីមា កើតទុក្ខ​មិន​សុខចិត្ត សូម​ដាក់​ពាក្យ​ប្ដឹង ពី​ឈ្មោះ ហឿ​ន សុខ​ណា ភេទ​ប្រុស ជា​អភិបាលរង​ស្រុក​កែវ​សីមា​។

ដោយ​រូប​នេះ​មាន​បំណង​ប៉ុនប៉ង​ធ្វើបាប ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា ដែល​មាន​ចេតនា​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​កូនចៅ​ក្នុងស្រុក​របស់​ខ្លួន ក្នុងស្រុក​កែវ​សីមា​។ ពាក្យបណ្តឹង​ដដែល​បន្ត​ថា លោក ហឿ​ន សុខ​ណា នេះ​គាត់​អាង​អំណាច​ធំ​បាន​យក​កាំភ្លើងខ្លី ភ្ជង់​គំរាម​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​។ ហើយ​គាត់​បាន​យក​ឡាន​ទៅ​ដេញ​បំ​បុក និង​ប៉ុនប៉ង​ធ្វើឃាត ប្រជាពលរដ្ឋ​ដែល​គ្នា​ដឹក​ចំនៀរ​ឈើ​បន្តិចបន្តួច យក​ទៅ​លក់​តាម​គេ​តាម​ឯង​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ​។

រូប​នាង​ខ្ញុំ ឈាង តៃ​ស្រ៊ី​ន និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា សំណូមពរ​គ្រប់​មន្ត្រី​មេត្តា​ដក​ឈ្មោះ ហឿ​ន សុខ​ណា ដែល​ជា​មន្ត្រី​ឃោរឃៅ​គ្មាន​សីលធម៌ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​។ ម្យ៉ាងទៀត​ឈ្មោះ ហឿ​ន សុខ​ណា នេះ​មើលឃើញ​តែ​អ្នក​ដឹក​ចំនៀរ​ឈើ​តិច​បន្តួច បើ​ឈ្មួញ​មាន​ឡាន​ធំ​ដឹក​យក​ទៅ​លក់​ឲ្យ​យួន លោក ហឿ​ន សុខ​ណា មិន​ដែល​ឃើញ​ទេ ពីព្រោះ​មន្ត្រី​រូប​នេះ​ស៊ីសំណូកសូកប៉ាន់​ពី​ឈ្មួញ​ធំ​ៗ​ច្រើន​ណាស់ ។ អាស្រ័យ​ដូច​ខាងលើ​នាង​ខ្ញុំ ឈាង តៃ​ស្រ៊ី​ន និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា​ទាំងមូល ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ដើម្បី​ជួយ​រក​យុត្តិធម៌ ដល់​នាង​ខ្ញុំ និង​ប្រជាពលរដ្ឋ​ផង​ចុះ​។

ឆ្លើយ​តប​ករណី​ខាងលើ លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ សីហា ថា នេះ​ជា​សិទ្ធ​របស់​បងប្អូន​ប្រជាពលរដ្ឋ បើ​ពួក​គាត់​មានការ​មិន​សប្បាយចិត្ត គាត់​អាច​ប្តឹង​បាន​។ តែ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋបាល​ស្រុក​នៅ​មិន​ទាន់​ទទួល​ពាក្យបណ្តឹង​នៅឡើយ​ទេ​។ ចំពោះ​ករណី​នេះ​លោក​អភិបាលស្រុក​លើក​ឡើង​ថា សកម្មភាព​កន្លង​មក​លោក ហឿ​ន សុខ​ណា បាន​បំពេញការងារ ជាមួយ​អ្នក​ពាក់ព័ន្ធ​ដើម្បី​សហការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ខណៈ​ប្រតិបត្តិការ​ខ្លះ​សមត្ថកិច្ច​ត្រូវ​ប្រើ​វិធានការ​ក្តៅ ព្រោះតែ​ជនល្មើស​មាន​ចរិត​កាច​សាហាវ​។ ប៉ុន្តែ​មិនមែន​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់នោះ​ទេ​។

លោក នួន សា​រ៉​ន ក៏​បាន​បញ្ជាក់​ដែល​ថា ចំពោះ​ស្នាម​មេដៃ​ដែល​ប្រជាពលរដ្ឋ​បាន​ផ្តឹ​ត​ធ្វើ​ពាក្យបណ្តឹង​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​មើល​ថា តើ​ពិតជា​ត្រឹមត្រូវ​មែន ឬ​ស្នាម​មេដៃ​ក្លែងក្លាយ​។ ដ្បិត​រឿង​នេះ​មន្ត្រី​ជំនាញ បាន​បញ្ជូន​សំណុំរឿង​ទៅ​ស្ថាប័ន​អយ្យការ​រួចរាល់​ហើយ តែ​មិន​ទាន់​ឃើញ អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​ហៅ​ទៅ​បំភ្លឺ​បែរជា លេចឮ​ថា គេ​ប្តឹង​មន្ត្រី​ទៅ​វិញ​។ ដោយឡែក​រដ្ឋបាល​ស្រុក​កែវ​សីមា នៅ​ថ្ងៃ​ទី​២៣ កក្កដា ២០២០ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ក្រោយ​មហាជន មានការ​ភាន់ច្រឡំ​ទៅ​នឹង​ប្រតិបត្តិការ​បង្ក្រាប បទល្មើស​ព្រៃឈើ​របស់​លេខាធិការដ្ឋាន​នៃ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា​ថា​ជា​ការ​បើក​បំ​បុក ឡាន​របស់​ក្រុម​ឈ្មួញ​ដើម្បី​ចាប់​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បង្ហាញ​ថា នៅ​វេលា​ម៉ោង​៤ និង​៤៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ក្រុមការងារ​លេខាធិការដ្ឋាន នៃ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ដឹកនាំ​ដោយ​លោក ហឿ​ន សុខ​ណា អភិបាលរង​ស្រុក និង​ជា​ប្រធាន​ក្រុមការងារ​លេខាធិការដ្ឋាន បាន​ធ្វើការ​ចាប់​ឃាត់​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ១​គ្រឿង​គ្មា ន​ស្លាក​លេខ ដែល​ដឹកឈើ​ប្រភេទ​លេខ​១ សុ​ក្រំ​ចំនួន​៣​ដុំ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក អៀង​សុគន្ធ ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។

ក្នុង​សកម្មភាព​នោះ ក៏​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនល្មើស ដោយ​បាន​រក​ឃើញ​គំនរ​ឈើ​ប្រភេទ​លេខ​១ សុ​ក្រំ និង​គគីរ ដែល​ក្រុម​ជនល្មើស​បាន​ដឹក​យក​មក​ទុក ចំនួន​៣៤​ដុំ ក្នុង​នោះ​មាន​សុ​ក្រំ​ចំនួន​២៨​ដុំ និង​គគីរ​ចំនួន​៦​ដុំ នៅ​ចំណុច បរិវេណ​ផ្ទះ​របស់​ឈ្មោះ ណា​ង តៃ​ស្រ៊ា​ន ស្ថិត​នៅ​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន បាន​បញ្ជាក់​ប្រាប់​ថា វត្ថុ​តាង​ដែល​រឹបអូស​រួម​មាន​៖ រថយន្ត​ឆ្លាម ពណ៌​ទឹកប្រាក់ ចង្កូត​ឆ្វេង​គ្មាន​ស្លាក​លេខ ១​គ្រឿង ឈើ​អារ​បួន​ជ្រុង ចំនួន​៣៤​ដុំ ដែល​ឈើ​ទាំងនោះ ត្រូវ​ប្រគល់​ជូន​ផ្នែក​រដ្ឋបាល ព្រៃឈើ​ជា​អ្នកគ្រប់គ្រង​។

ការ​ប្រកាស​ព័ត៌មាន​នោះ បាន​បន្ត​ទៀត​ថា ករណី​ខាងលើ​មានការ​ភាន់ច្រឡំ ដល់​មហាជន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បាន​ធ្វើការ​ចោទប្រកាន់ ថា​ក្រុមការងារ​បង្ក្រាប​បទល្មើស របស់​លេខាធិការដ្ឋាន គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​បើក​បំ​បុក​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ពីក្រោយ ធ្វើ​ឲ្យ​អ្នកបើកបរ​មាន​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​។ ជាក់ស្ដែង ករណី​ខាងលើ​នេះ ជា​ករណី​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​ក្រុម​ជនល្មើស​ដឹកឈើ​ខុសច្បាប់ បាន​បើករថយន្ត​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ បំ​បុក​សមត្ថកិច្ច​ចម្រុះ​បម្រុង​គេចខ្លួន តែ​ត្រូវ​បាន​ជាប់​ជាមួយនឹង​កាង​រថយន្ត​មន្ត្រី កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅ​មុខ​ពុំ​រួច នៅ​ចំណុច​កើត​ហេតុតែ​ម្ដង​។ ក្រុម​គ្រួសារ​ជនល្មើស បាន​ចេញ​មក​ជួយ និង​បាន​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា និង​ជេរ​បញ្ចោរ​ក្រុម​សមត្ថកិច្ច​គ្រប់​បែប​យ៉ាង ព្រមទាំង​បាន​រារាំង​សមត្ថកិច្ច​ជំនាញ ពុំ​ឲ្យ​រឹបអូស​វត្ថុ​តាង និង​ជន​បង្ក​ថែម​ទៀត​ផង​៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ