តំបន់​ជួរ​ភ្នំក្រវាញ​និង​បឹង​ទន្លេសាប​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រមាណ៥​លាន​នាក់


ខេត្តសៀមរាប ៖ ថ្មី​ៗ​នេះ ក្រសួងបរិស្ថាន ក្រោម​កិច្ចសហការ​ពី​ក្រសួងទេសចរណ៍ បាន​រៀបចំ​វេទិកា​លើក​ទី​១០ ស្តី​ពី​ការ​ការពារ និ​អភិរក្ស​ធនធានធម្មជាតិ ក្រោម​ប្រធានបទ «​ជំរុញ​ផលិតកម្ម​អាហារ​នៅ​មូលដ្ឋាន ដើម្បី​ទាក់ទាញ​ទេសចរ​» ដោយ​ក្នុង​នោះ​បាន​លាតត្រដាង​ឲ្យ​ដឹង​ថា តំបន់​ជួរ​ភ្នំក្រវាញ​និង​តំបន់​បឹង​ទន្លេសាប​មាន​សារៈសំខាន់​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រមាណ ៥ លាននាក់​។

ក្នុង​វេទិកា​នេះ​ផង​ដែរ ក្រសួងទេសចរណ៍ ធ្វើការ​ផ្សព្វផ្សាយ និង​បាន​ណែរ​នាំ អំពី​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ និង​តំបន់​បឹង​ទន្លេសាប ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង ៣,៨ លាន​ហិ​កតា ត្រូវ​បាន​រួម​បញ្ចូល​ជាមួយ​ព្រៃ​ការពារ​ធំ​ជាងគេ​នៅ​តំបន់​ឥណ្ឌូចិន ជា​តំបន់​នេសាទ​ទឹកសាប​ដែល​មាន​ផលិតភាព​ធំ​ជាងគេ​បំផុត​មួយ នៅ​លើ​ពិភពលោក ដែល​គឺជា​ចំណុច​ជីវៈចម្រុះ​ជាស​កល និង​គាំទ្រ​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ប្រមាណ ៥ លាន នាក់​ដែល​ផ្តល់​នូវ​ប្រាក់​ចំណូល អាហារ និង​ទឹក​ប្រើប្រាស់​។

ផ្នែក​ដ៏​សំខាន់​នៃ​ទុន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​បឹង​ទន្លេសាប​ត្រូវ​បាន​គ្រប់គ្រង​តាមរយៈ​យន្តការ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​។ ផ្នែក​នៃ​ភ្នំក្រវាញ​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​ចំនួន ៦២% ត្រូវ​បាន​គេ​កំណត់​ថា​ជា​តំបន់ការពារធម្មជាតិ ដែល​មាន​គម្រប​ព្រៃឈើ​ប្រមាណ​ជា ៧០% ដែល​ធ្វើ​ឱ្យ​តំបន់​នេះ​ក្លាយជា​តំបន់​ព្រៃ​ធម្មជាតិ​ធំ​ជាងគេ នៅ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​។

តំបន់​នៃ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​» នឹង​គ្របដណ្តប់​លើ​ខេត្ត​គោលដៅ ចំនួន ៧ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ និង​ជុំវិញ​តំបន់​បឹង​ទន្លេសាប រួម​មាន​៖ ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង កំពង់ស្ពឺ កំពង់ធំ សៀមរាប និង​កំពង់ឆ្នាំង ដោយ​សកម្មភាព​គម្រោង កំពុង​អនុវត្តន៍​ក្នុង តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​ទន្លេសាប ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​ដែនជម្រកសត្វព្រៃ​តា​តៃ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ជួរ​ភ្នំក្រវាញ​។

តំបន់​ជួរ​ភ្នំក្រវាញជួរ​ភ្នំក្រវាញ គឺជា​តំបន់​ព្រៃ​ក្រាស់​ធំ​ជាងគេ​បំផុត​នៃ​ដែនដី​គោក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​គ្របដណ្ដប់​ដោយ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​តំបន់​ព្រៃស្រោង​។ តំបន់​ដែល​មាន​សម្រស់​ធម្មជាតិ និង​ជីវៈចម្រុះ​សំបូរ​បែប​អស្ចារ្យ បាន​ផ្តល់​នូវ​សក្តានុពល​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍ ប្រកបដោយ​ចីរភាព​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ក្នុង​ព្រៃ​។

គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ និង​ពេញ​និយម​នៅ​ក្នុង​តំបន់​នេះ​រួម​មាន​ចាប់ពី​កម្រិត​មជ្ឈមណ្ឌល ដំណើរ​ផ្សងព្រេង​តាម​ផ្ទះ នៅ​សហគមន៍​ជី​ផាត់ និង​សហគមន៍​ស្ទឹង​អា​រ៉ែ​ង កម្រិត​លំដាប់​មធ្យម​នៅ​តំបន់​តា​តៃ និង​លំដាប់​ពិភពលោក​ដែល​ទើបនឹង​បើក​ដំណើរការ​នា​ពេល​ថ្មី​ៗ​នេះ ដូច​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​នៅ Cardamom Tented Camp និង Shinta Mani Wild ជាដើម​។

តំបន់​បឹង​ទន្លេសាបអាង​ទន្លេសាប គឺជា​អាង​ទឹក​ដែល​មាន​លក្ខណៈ​ដ៏​សំខាន់​បំផុត​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ផ្តល់​នូវ​ជីវិត និង​ជីវភាព​រស់នៅ​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​។ បឹង​នេះ​ទ្រទ្រង់​ជីវិត​បក្សី​កម្រ​ជា​ច្រើន​ប្រភេទ​នៅ​តាម​ទីជម្រក​សត្វព្រៃ​ក្នុង​តំបន់ដីសើម ដូច​ជា​តំបន់​ព្រែក​ទាល់ និង​បឹង​ឆ្មារ និង​ភូមិ​អណ្តែត​ទឹក​ពិសេស​ៗ​ជា​ច្រើន​នៅ​តាម​បណ្តោយ​បឹង ដូច​ជា​សហ​គន៍​ទេសចរណ៍​កំពង់​ភ្លុក សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង និង​កំពង់ហ្លួង​។ លើស​ពី​បឹង​នេះ មាន​ភ្នំ​គូលែន​ដ៏​ពិសិដ្ឋ​ដែល​ជា​តំបន់ការពារធម្មជាតិ​សំខាន់​មួយ និង​ដែល​ជា​កន្លែង​កំណើត​នៃ​អាណាចក្រ​អង្គរ ជាទី​តាំង​បុរាណវត្ថុ​ជា​ច្រើន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​វេទិកា​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​» គឺជា​ស្ពាន​សម្រាប់​ទំនាក់ទំនង ផ្សារ​ភ្ជាប់​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​ជាមួយ​វិស័យ​ឯកជន និង​សហគមន៍ ក្នុង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ការ​គ្រប់គ្រង​តំបន់​ការពារ ធម្មជាតិ ជំរុញ​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ ទេសចរណ៍ធម្មជាតិ និង​បង្កើន​សង្វា​ក់​តម្លៃ​អនុ​ផល​ព្រៃឈើ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ