ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ឯកទេស វី​ង ចូលរួម​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា​លើក​ស្ទួយ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ពេល​ដែល​ស្ត្រី​មួយ​ចំនួន​កំពុង​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត ធនាគារ​ឯកទេស​វី​ង បាន​ចូលរួម​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការ​នារី​ដើម្បី​ជំរុញ​កំណើន​ចំនួន​ស្ដ្រី​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ​នៅ​កម្ពុជា ​។ កាលពី​ថ្ងៃ​ទី​២៧-២៨ ខែកក្កដា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី…

ខណៈ​ពេល​ដែល​ស្ត្រី​មួយ​ចំនួន​កំពុង​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត ធនាគារ​ឯកទេស​វី​ង បាន​ចូលរួម​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការ​នារី​ដើម្បី​ជំរុញ​កំណើន​ចំនួន​ស្ដ្រី​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ​នៅ​កម្ពុជា ​។

កាលពី​ថ្ងៃ​ទី​២៧-២៨ ខែកក្កដា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី ដោយ​មានការ​គាំទ្រ​របស់​ក្រុមហ៊ុន វី​សា បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តី​ពី «ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​» នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក​ជំទាវ អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី និង​មានការ​ចូលរួម​ពី ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​, លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា និង ឯកឧត្តម រ័​ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​។

ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​៣៨​រូប​ដែល​ជា​បុគ្គលិក​មក​ពី​មន្ទីរ​ជុំវិញ​ខេត្តសៀមរាប រួម​មាន មន្ទីរ​អប់រំ មន្ទីរ​កិច្ចការ​នារី និង​មន្ទីរ​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ និង​ដើម្បី​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​បន្ត​ក្នុង​គោលដៅ​ជួយ​ដល់់​ធុរៈកិច្ច​និង​អាជីវកម្ម​របស់​ស្ត្រី នៅ​តាម​មូលដ្ឋាន​។

លោក​ជំទាវ ជា សិរី បាន​មាន​ប្រសាសន៍​ថា​៖ «​ថ្មី​ត្បិត​តែ​បច្ចុប្បន្ន​វិស័យ​ហិរញ្ញវត្ថុ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ស្ត្រី​មួយ​ចំនួន​ធំ​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ជា​ពិសេស​នៅ​ពេល​ចំណេះដឹង​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​មាន​កម្រិត​» ​។

ហេតុ​ដូច្នេះ​ហើយ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រួម​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី និង​ដៃគូ​ពាក់ព័ន្ធ​នានា​ដើម្បី​ជំរុញ​លទ្ធភាព​ស្ត្រី​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ទាំងនោះ​ដោយ​ការ​ទទួលខុសត្រូវ និង​ត្រឹមត្រូវ​តាម​គោលដៅ​។

លោក​ជំទាវ អគ្គនាយក​បច្ចេកទេស បាន​បន្ត​ថា​៖ «​កាលណា​ស្ត្រី​អាច​ទទួល​បាន​ហិរញ្ញប្បទាន​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន ពួក​គេ នឹង​អាច​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​របស់​ពួក​គេ​»​។

អ្នកស្រី ឆាយ កញ្ញា ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ផ​លិ​ផល​នៃ​ធនាគា​ឯកទេស​វី​ង និង​ជា​អ្នកសម្របសម្រួល​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ «​ការ​ជួយ​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​ជំរុញ​ពួក​គេ​ឱ្យ​ក្លាយជា​សហគ្រិន​ស្រី្ត វា​ជា​ទិស​ដៅ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ស្ត្រី​ក្លាយជា​អ្នក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ក៏​ដូច​សេដ្ឋកិច្ច​គ្រួសារ​ដ៏​មាន​ប្រសិទ្ធភាព​។ កាលណា​ស្ត្រី​មានមុខ​របរ​និង​មាន​ប្រាក់​ចំណូល​សមរម្យ នោះ​ស្ត្រី​នឹង​មាន​សិទ្ធិ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការ​ធ្វើការ​សំរេចចិត្ត​ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​ក៏​ដូច​មាន​ឥទ្ធិពល​ក្នុង​សង្គម​និង​ក្រុម​សារ​ផង​ដែរ​» ​។

ក្រៅពី​ចូលរួម​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ជំរុញ​កំណើន​ចំនួន​ស្ដ្រី​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ​នៅ​កម្ពុជា ធនាគារ​ឯកទេស​វី​ង កន្លង​មក​បាន​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​«​អក្ខរកម្ម​ហិរញ្ញវត្ថុ​»​របស់​ក្រសួង​អប់រំ ការ​លើកកំពស់​សិទ្ធិ​នារី​នៃ​៨​មីនា​ជាមួយ​ក្រសួង​កិច្ចការ​នារី និង​សហការ​ជាមួយ​ស្ថាប័ន​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ការ​លើកកំពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ​របស់​ស្ត្រី​និង​ជំរុញ​ការ​អភិវឌ្ឍ​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជាដើម​។

ក្នុង​ទិស​ដៅ​លើកកំពស់​ស្ត្រី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​សហគ្រិន​ស្ត្រី ធនាគារ​ឯកទេស​វី​ង​មាន​ភ្នាក់ងារ​វី​ង​ជិត​៨០០០​កន្លែង​ទូ​ទាំង​ប្រទេស ដែល​ក្នុង​នោះ​៨០%​គឺជា​ស្ត្រី​។ ពួក​គេ​ទាំងនេះ កំពុង​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​។ ជាង​នេះ​ទៅ​ទៀត ភ្នាក់ងារ​វី​ង​ដែល​ជា​ស្ត្រី​បាន​កំពុង​ដើរតួរ​យ៉ាង​សំខាន់​ជួយ​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​និង​ជួយ​គាំទ្រ​សេដ្ឋកិច្ចជាតិ​និង​ក្រុម​គ្រួសារ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ