ប្រទេសអង់គ្លេស ៖ បន្ទាប់ពីដំណើរការអស់រយៈពេលដ៏យូរ សម្រាប់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត ដែលគាំទ្រដោយព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងការដេញថ្លៃទិញយកក្លិប Newcastle United ដែលមានតម្លៃប្រមាណ ២៥០លានផោនត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា បានទទួលរងបរាជ័យហើយ។

យោងតាមការចេញផ្សាយពី Sky Sport កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ផលវិបាកដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូវីដ១៩ និងដំណើរការយឺតយ៉ាវក្នុងការរត់ឯកសារ គឺជាហេតុផលនាំឱ្យទទួលបរាជ័យក្នុងដំណើរការដេញថ្លៃនេះ។

ប៉ុន្តែនៅពីក្រោយការនិយាយជាផ្លូវការបានបង្ហើបថា ការសំរេចចិត្តដើរចេញពីការដេញថ្លៃនេះ គឺពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស និងសម្ពាធជាច្រើនបានកើតឡើងនៅប្រទេសអង់គ្លេស ពីសំណាក់អង្គការលើកលែងទោសអន្តរជាតិ, អង្គការពាណិជ្ជកម្មពិភពលោក រួមជាមួយការទាមទាររកយុត្តិធម៌ពីគូដណ្តឹងរបស់អ្នកកាសែតលោក Jamal Khashoggi ដែលត្រូវបានសម្លាប់ និងជាពិសេសពីដៃគូផ្សាយផ្ទាល់របស់ពួកគេគឺ beIN Sports។

មូលហេតុទាំងនេះ បានធ្វើឱ្យព្រះអង្គម្ចាស់ Mohammed bin Salman ដែលដំបូងឡើយចង់បានក្លិប Manchester United បានសម្រេចចិត្តដកការចាប់អារម្មណ៍ចង់បានក្លិប Newcastle ដែលកំពុងឈរជើងក្នុងក្របខណ្ឌ Premier League ៕
ចែករំលែកព័តមាននេះ