កម្ពុជា​ត្រូវ​ប្រយ័ត្ន​ការ​រាលដាល​កូ​វី​ដ​-១៩ ពី​វៀតណាម និង​ថៃ


កូ​វី​ដ​-១៩ ៖ ប្រទេស​វៀតណាម​កំពុង​ភ័យ​ខ្លាំង​ពី​ការ​រាលដាល​រលក​ទី​ពីរ​នៃ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស ពិសេស​នៅ​ដា​ណា​ង ហូ​ជី​មិ​ញ និង​ហាណូយ ចំណែក​ថៃ​ក៏​នៅ​តែ​ប្រយ័ត្ន​រឿង​កូ​វី​ដ​-១៩​នេះ ដោយ​បន្ត​ការ​ដាក់ ប្រទេស​នៅ​ក្នុង​ស្ថានភាព​អាសន្ន​រហូត​ដល់​ចុងខែ​សីហា​។ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​ក៏​មាន​កំណើន​កូ​វី​ដ​-១៩ ដល់​ជាង ២៣០​នាក់​ហើយ ដែល​សុទ្ធតែ​ជា​ករណី​នៃ​ការ​នាំ​ចូល​ពី​ខាងក្រៅ​។ ប៉ុន្តែ​វា​ហាក់ដូចជា​មិន​មាន​ករណី នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ថៃ​ទេ​។

ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​របង​ជាប់​កម្ពុជា​នោះ វា​ជា​ការ​ចាំបាច់​ត្រូវ​ធានា​ថា កម្ពុជា​មិន​ត្រូវ​ប្រហែស តាម​ព្រំដែន​ជាមួយ​ប្រទេស​ទាំង​ពីរ​ឡើយ ហើយ​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​កុំ​ឲ្យ​មានការ​នាំ​ចូល​តាម​ច្រកព្រំដែន​ប្រទេស​ទាំង​ពីរ​នេះ​តាម​រយៈ​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ព្រំដែន​។ ស្ថានភាព​កូ​វី​ដ​-១៩ នៅ​វៀតណាម​ត្រូវ​ប្រកាស​ឲ្យ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បន្ទាប់​ពី​បាន​រក​ឃើញ​ការ​ឆ្លង​ក្នុងស្រុក​នៅ​ទីក្រុង​សំខាន់​ពីរ​របស់​ខ្លួន​គឺ​ហាណូយ និង​ហូ​ជី​មិ​ញ​។ នាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​ព្រមាន​ថា គ្រប់​ខេត្ត និង​ក្រុង​ទាំងអស់ ស្ថិត​នៅ​ក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ឡើង​វិញ ហើយ​លោក​ឲ្យ​មានការ​ចាត់វិធានការ កាន់តែ​ខ្លាំង និង​បន្ទាន់​ដើម្បី​ទប់ស្កាត់​។

ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ថ្មី​មួយ​ពីរ​ករណី​នៅ​ហាណូយ ហូ​ជី​មិ​ញ និង​ខេត្ត​ដាក់ ឡាក់ កើត​មាន​បន្ទាប់​ពី​ខេត្ដ​ដា​ណា​ង​ត្រូវ​បិទ​យ៉ាង​តឹងតែង​នៅ​ពេល​មានការ​រក​ឃើញ​អ្នកមាន កូ​វី​ដ​-១៩ ជាង​៤០​ករណី​។ ការ​រក​ឃើញ​ករណី​ថ្មី​ៗ​នៃ​កូ​វី​ដ​-១៩ នេះ​បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​វៀតណាម ដែល​ជោគជ័យ នៅ​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩​កន្លង​មក​។ កន្លង​មក​មុន​នេះ វៀតណាម​មិន​មាន​អ្នក​ណា​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩ ឡើយ ហើយ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ចំនួន​៤៥៩​ករណី​គិត​ត្រឹម​ថ្ងៃ​ព្រ​ហ្ប​តិ៍​នេះ​។

ចំណែក​ប្រទេស​ថៃ​វិញ បាន​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ដើម្បី​បន្ត​ទប់ស្កាត់​កូ​វី​ដ​-១៩​។ ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ចំនួន​ជាង​៣ ៣០០​នាក់​។ អ្វី​ដែល​សំខាន់​គឺ​ប្រទេស​ទាំង​ពីរ​មាន​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ហើយ​កន្លង​មក​មានការ​ចេញចូល​មនុស្ស​ច្រើន និង​ក៏​ធ្លាប់​មាន​ករណី​ចេញចូល​ដែល​ខុសច្បាប់​ផង​ដែរ ដែល​ករណី​នេះ​ត្រូវ​តែ​ប្រយ័ត្ន​ដើម្បី​បញ្ចៀស​ការ​នាំ​ចូល​កូ​វី​ដ​-១៩ តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​ទោះបីជា​ការ​ចេញចូល​ដោយ​ស្របច្បាប់ និង​ខុសច្បាប់​ក្តី​៕ ដោយ​៖ អ​, សួស្តី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ