ប្រទេសកាតា ៖ Xavi បានបញ្ជាក់កាលពីថ្ងៃពុធ ទី២៩ ខែកក្កដាថា លោកបានជាសះស្បើយពីវីរុសកូវីដ១៩ ហើយបានវិលត្រឡប់ទៅផ្ទះវិញ ដើម្បីត្រៀមខ្លួនមកបំពេញតួនាទីជាគ្រូបង្វឹករបស់ក្រុម Al-Sadd វិញក្នុងពេលឆាប់ៗ។

អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ បានសរសេរនៅលើបណ្តាញសង្គម Instagram របស់ខ្លួនដោយភ្ជាប់ជាមួយរូបភាពពកូនស្រីថា «អរគុណច្រើនចំពោះសារជូនពរ និងយកចិត្តទុកដាក់ ដែលខ្ញុំបានទទួលក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ។ ខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាថា ខ្ញុំបានជាសះស្បើយ ហើយត្រឡប់មកផ្ទះវិញជាមួយក្រុមគ្រួសារ និងក្រុម Al-Sadd»។

សូមរំលឹកថា Xavi ដែលឈានដល់វ័យ ៤០ឆ្នាំ ត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា បានធ្វើតេស្តវិជ្ជមានលើវីរុសនេះ បន្ទាប់ពីទទួលការត្រួតពិនិត្យជាទៀងទាត់ទៅលើកីឡាករ និងបុគ្គលិកនៅក្នុងក្របខណ្ឌលីគកំពូលរបស់ប្រទេសកាតា។
សូមបញ្ជាក់ថា ប្រទេសកាតាគិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ត្រូវបានរាយការណ៍ថាមានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ១១០,១៥៣ករណី និងមានអ្នកស្លាប់សរុប ១៦៩នាក់ ដែលមានន័យថាជាប្រទេសមួយមានអត្រាអ្នកស្លាប់ ដោយសារវីរុសទាបបំផុតមួយនៅលើពិភពលោក ខណៈអ្នកឆ្លងរហូតដល់ ១០៦,៨៤៩នាក់បានជាសះស្បើយពីវីរុសនេះ៕ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ