ជាទូទៅ ការប្រកាសរកបុគ្គលិកភាគច្រើនមិនប្រាប់ពីប្រាក់ខែដែលអ្នកនឹងទទួលបានទេ។ ជាក់ស្តែង ការមានប្រាក់ខែខ្ពស់មិនអាចធានាថា មនុស្សម្នាក់នឹងមានសុភមង្គលឡើយ ប៉ុន្តែមនុស្សម្នាក់ៗត្រូវការលុយសម្រាប់ការរស់នៅប្រចាំថ្ងៃ ។
យ៉ាងណាក្តី ប្រធានបទនេះមិនងាយនឹងលើកឡើងទេ សូម្បីតែពេលសម្ភាសន៍ដែលអាចបង្កនូវបញ្ហាជាច្រើនដូចជា ការរើសអើងទៅលើក្រុមមនុស្សមួយចំនួន និងក្រុមមនុស្សដែលមិនមានបទពិសោធន៍ការងារច្រើនផងដែរ ។ យោងទៅតាមអ្នកជំនាញ អ្នកគួរតែអនុវត្តតាមវិធីខាងក្រោមនេះដើម្បីទទួលបានប្រាក់ខែដែលអ្នកចង់បាន៖

១. កំណត់នូវចំនួនដែលអ្នកចង់បាន
អ្នកគួរតែធ្វើការស្រាវជ្រាវពីតំណែងដែលអ្នកកំពុងចាប់អារម្មណ៍ថាប្រាក់ខែសម្រាប់តំណែងនេះមានរវាងប៉ុន្មានទៅប៉ុន្មាន។ វិធីងាយស្រួលជាងគេគឺការនិយាយជាមួយអតីតបុគ្គលិក ឬបុគ្គលិកដែលកំពុងធ្វើការក្នុងស្ថាប័នការងារនោះ។
២. រើសពេលល្អសម្រាប់ការនិយាយពីរឿងប្រាក់ខែ
ប្រសិនបើអ្នកត្រូវបានទាមទារឲ្យចារចំនួនប្រាក់ខែដែលអ្នករំពឹងទុកពេលដែលដាក់ពាក្យនោះ អ្នកគួរតែចារតាមការស្រាវជ្រាវរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនបានទាមទារឲ្យធ្វើដូច្នេះទេ អ្នកគួរតែពន្យាពេលចរចាពីប្រាក់ខែក្រោយពេលសម្ភាសន៍ ជាពិសេសប្រសិនបើអ្នកដឹងថាមានមនុស្សជាច្រើនដែលចាប់អារម្មណ៍នឹងតំណែងដែលអ្នកកំពុងដាក់ពាក្យ។
៣. និយាយឲ្យត្រង់ៗ
ពេលដែលអ្នកប្រាកដថាអ្នកត្រូវបានជ្រើសរើសសម្រាប់ការងារដែលអ្នកបានដាក់ពាក្យហើយ អ្នកត្រូវរកឱកាសដើម្បីលើកពីប្រធានបទនេះឡើង។ អ្នកមិនគួរអនុញ្ញាតឲ្យប្រាក់ខែនៅកន្លែងការងារចាស់របស់អ្នកដាក់កំហិតលើប្រាក់ខែនៅកន្លែងការងារថ្មីឡើយ ជាពិសេសប្រសិនបើអ្នកជាស្ត្រី។
អ្នកអាចសួរថាប្រាក់ខែអាចចរចាបានដែរទេ ឬមានអត្ថប្រយោជន៍ផ្សេងៗដែលអ្នកអាចទទួលបានឡើយ? ប្រសិនបើអ្នកគិតថាអ្វីដែលបានផ្តល់ជូនអ្នកមិនស្របទៅនឹងតម្រូវការ បទពិសោធន៍ និងតម្លៃខ្លួនរបស់អ្នកទេនោះ អ្នកមិនគួរភ័យខ្លាចក្នុងការដើរចេញឡើយ។
ចែករំលែកព័តមាននេះ