ក្រៅពីពេលមានសង្គ្រាមហើយ បច្ចុប្បន្ននេះប្រៀបបានជាពេលដែលពិបាកបំផុតសម្រាប់ការធ្វើជាអាជីវករមួយរូប។ យ៉ាងណាក្តី មានអាជីវកម្មមួយចំនួនដែលមើលឃើញលទ្ធផលល្អជាងអាជីវកម្មដទៃទៀតក្នុងកំឡុងពេលេនះ ជាពិសេសអាជីវកម្មដែលផ្តល់នូវសេវាថ្មីៗដូចជាសេវាដឹកជញ្ជូនម្ហូបអាហារ និងអាជីវកម្មដែលលក់សម្ភារៈសំខាន់ៗដូចជាអាល់កុលលាងដៃនិងរបាំងមុខជាដើម។ ដូច្នេះតើអាជីវករគួរធ្វើយ៉ាងណាដើម្បីឆ្លងឲ្យផុតវិបត្តិដ៏ធំនេះដោយជោគជ័យ?

១. ផ្នត់គំនិត
ជាដំបូង អាជីវករដែលព្យាយាមគ្រប់គ្រងអាជីវកម្មក្នុងកំឡុងពេលនេះត្រូវតែមានផ្នត់គំនិតវិជ្ជមាន។ ព័ត៌មានលើទូរទស្សន៍ និងប្រព័ន្ធសង្គមងាយនឹងធ្វើឲ្យអ្នកទុទិដ្ឋិនិយមណាស់ ប៉ុន្តែអ្នកមិនត្រូវធ្លាក់ខ្លួនក្នុងអន្ទាក់នេះឡើយ។ ផ្ទុយមកវិញ ផ្នត់គំនិតវិជ្ជមាននឹងផ្តល់នូវភាពច្បាស់លាស់ពីអ្វីដែលអ្នកត្រូវធ្វើ និងអ្វីដែលអ្នកអាចធ្វើបាន។ ភាពច្នៃប្រឌិតក៏កើតមានឡើងពេលដែលមនុស្សមានផ្នត់គំនិតដូចនេះដែរ។
២. ការគិតទៅថ្ងៃមុខ
ក្រៅពីនេះហើយ អាជីវករត្រូវតែគិតទៅថ្ងៃមុខ ជាពិសេសទាក់ទិននឹងទិសដៅនៃអាជីវកម្មរបស់អ្នកដើម្បីជួយឲ្យអ្នកត្រៀមខ្លួននៅពេលដែលស្ថានការល្អដូចដើមវិញ។ ឧទាហរណ៍ដូចជា អ្នកគិតពីរូបភាពក្នុងកំឡុងពេល៦ខែទៀត បន្ទាប់មកព្យាយាមរកធនធានដែលជួយឲ្យអ្នករកចំណូលបានច្រើននៅពេលនោះជាដើម។
៣. ការវាយតម្លៃហានិភ័យ
ជាចុងក្រោយ អាជីវករត្រូវតែមានភាពក្លាហាន ហើយសមត្ថភាពក្នុងការវាយតម្លៃហានិភ័យប្រៀបបានជាគុណសម្បត្តិមួយដែលសហគ្រិនគ្រប់រូបគួរតែមាន ជាពិសេសក្នុងបរិស្ថានដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា។ ប្រសិនបើអ្នកមានភាពក្លាហានក្នុងការសាកល្បងអ្វីថ្មីក្នុងកំឡុងពេលនេះ អ្នកត្រូវតែត្រៀមខ្លួនសម្រាប់ការប្រឈមមុខនឹងឧបសគ្គជាច្រើនផងដែរ។
ជាក់ស្តែង ក្រៅពីចំណុចទាំងបីខាងលើ អាជីវករក៏ប្រហែលជាត្រូវការថវិកា និងធនធានផ្សេងៗដែរ។ ប៉ុន្តែអ្នកត្រូវចងចាំថា ក្នុងពេលដែលដៃគូប្រកួតប្រជែងរបស់អ្នកមិនព្យាយាមសម្របខ្លួនពួកគេទៅនឹងការផ្លាស់ប្តូរថ្មីនេះ វាជាឱកាសដែលអ្នកអាចដណ្តើមទីផ្សារដែរ។
ចែករំលែកព័តមាននេះ