រាជធានីភ្នំពេញ ៖ បន្ទាប់ពីអគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក ស៊ុប៉ាឆៃ ដែលត្រូវគេស្គាល់ផងដែរថា ជាប្រធានក្រុមបាល់ទាត់ក្រសួងការពារជាតិ ដែលទើបប្ដូរឈ្មោះថ្មី ដឹកនាំកីឡា ករបាល់ទាត់ប្រមាណ៦០រូបឱ្យធ្វើសមាធិនៅវត្តសំរោងអណ្ដែត នៅតាមបណ្ដាក្លិបបាល់ទាត់ផ្សេងទៀត ក៏បានដឹកនាំក្រុមកីឡាកររបស់ខ្លួនឱ្យធ្វើសមាធិបែបនេះដែរ ។ ជាការកត់សម្គាល់នាពេលថ្មីៗនេះ គឺក្រសួងអប់រំ យុវជន និង កីឡា ក៏បានបង្ហើបជាផ្លូវការថា ក្រសួងនឹងឈានទៅដល់ដាក់ការធ្វើសមាធិជាពិធីផ្លូវការមួយនៅក្នុងវិស័យកីឡាគ្រប់ប្រភេទដោយមិនគ្រាន់តែក្មុងវិស័យកីឡាបាល់ទាត់នោះឡើយ។

យោងតាមការបញ្ជាក់របស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ថា លោកនឹងសហការជាមួយលោក សុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដើម្បីបង្កើតវគ្គសិក្សាខ្លីៗស្តីពីការធ្វើសមាធិ ។ ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់រូបនេះ គឺបន្ទាប់ពីលោកបានកត់សម្គាល់ថា ការធ្វើសមាធិ គឺជាការរម្ងាប់ចិត្តក្រេវក្រោធ និងធ្វើឱ្យកីឡាករកាត់បន្ថយការកាច់កុងគ្នា គុំគួនគ្នា និងមានគំនិតចង់ឈ្នះចាញ់គ្នាដោយការសងសឹក ឬកំហឹងជាដើម។

ស្របពេលដែលកីឡាករធ្វើសមាធិរួចហើយ ហាក់មានចិត្តស្ងប់ ខុសពីអ្នកមិនទាន់ធ្វើសមាធិផង ទើបក្រសួងយល់ថា ពិធីសមាធិគួរតែមានចំពោះគ្រប់រូបកីឡាករ ។ ក្រសួងនឹងឈានទៅដាក់កម្មវិធីធ្វើសមាធិនេះក្នុងកាលវិភាគហ្វឹកហាត់របស់ក្រុមយុវជនថ្នាល និងក្រុមជម្រើសជាតិ បើទោះមិនទាន់ដឹងនៅឡើយថានឹងចាប់អនុវត្តនៅពេលណា ។ ដកស្រង់សម្ដីនាពេលថ្មីៗលោក ស សុខា និយាយថា « ខ្ញុំនឹងធ្វើការ ជាមួយលោក ស៊ុប៉ាឆៃ ដើម្បីបង្កើតវគ្គខ្លីៗ និង ទៅរៀនពីគាត់ដើម្បីធ្វើតាម ។ ទាល់តែយើង បានចូលរួមខ្លួនឯងទើបដឹងថាប្លែក ហើយ ពេលចេញមកនៅក្នុងខ្លួននៅឈឺ តែមាន អារម្មណ៍មួយអត់ដឹងឈឺ យើងចង់បានអ៊ីចឹង ។

ខ្ញុំគិតថាក្នុងវិស័យកីឡា មិនមែនតែបាល់ទាត់ គឺ កីឡាផ្សេងៗទៀតក៏អាចធ្វើសមាធិដែរ យើង នឹងរៀបចំពាក់ព័ន្ធបញ្ហាហ្នឹង» ។ លោកបន្តថា គម្រោងដាក់ការធ្វើសមាធិក្នុងកម្មវិធីហ្វឹកហាត់ របស់ក្រុមយុវជនថ្នាល និងជម្រើសជាតិនេះ នឹងក្លាយជាផ្នែកមួយក្នុងការរួមចំណែកជួយអភិវឌ្ឍផ្នែកស្មារតីបន្ថែមលើការពង្រឹងផ្នែកបច្ចេកទេស របស់កីឡាករ ដោយតាមគម្រោងលោកគ្រោង ដាក់ឲ្យមានរយៈពេល១ថ្ងៃ ក្នុងមួយសប្តាហ៍ ។

ជាមួយនឹងការប្រកាសនេះ លោកអគ្គនាយក ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ធ្លាប់អះអាងកន្លងមកថា ការធ្វើសមាធិនឹងធ្វើឲ្យកីឡាករមានចិត្តស្ងប់ អារម្មណ៍ស្រស់ថ្លា និងប្រាជ្ញាវាងវៃ ពិសេស ជួយបង្កើតស្មារតីកីឡាករឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការប្រកួត ។ ការធ្វើបែបនេះ ក៏ជាការរួមចំណែកកាត់បន្ថយភាពខឹងក្រោធរបស់ កីឡាករពេលជួបបញ្ហាបានមួយកម្រិតផងដែរ ។

លោកសាទរយ៉ាងខ្លាំងប្រសិនបើពិធីមួយនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងវិស័យកីឡា ដោយលោកបញ្ជាក់ថា សមាធិ គឺជាដំណើរតាំងស៊ប់ មាំនៃចិត្តឱ្យស៊ប់ ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ ដែលរំពឹង, ការនឹករំពឹងស្លុងចិត្ត ឬ ដំណើរស្លុង ចិត្តស៊ប់នៅក្នុងអង្គឈានជាដើម ពោលគឺធ្វើឱ្យចិត្តមោហៈ ទោសៈ បាត់បង់ ។ លោកបន្តថា នាពេលកន្លងមក លោក និងក្រុមការងារធ្លាប់បានដឹកនាំកីឡាករបាល់ទាត់ និងក្រុមគ្រូបង្វឹកប្រមាណ៦០រូបរួចមកហើយឱ្យចូលរួមធ្វើសមាធិរម្ងាប់ភាពឆេវឆាវ កាលពីព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០ បន្ទាប់ពីកត់សម្គាល់ថា កីឡាករមួយចំនួនបានបង្កជាជម្លោះដាក់គ្នាផង នៅពេលមានការប្រកួតម្ដងៗ ។
ពិធីនោះត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តសំរោងអណ្ដែត ក្រោមអធិបតីសម្ដេច រ័ត្ន សារឿន ជាព្រះចៅអធិការវត្ត ថ្នាក់ដឹកនាំសហព័ន្ធប្រដាល់ និងមន្ត្រីជាន់ខ្ពស់ប្រចាំប៉ុស្តិ៍លេខ៥ ដោយមានទាំងកម្មវិធីអាហារសាមគ្គី នៅបន្ទាប់ពីធ្វើសមាធិ និងស្ដាប់ឳវាទព្រះសង្ឃសម្រួលផ្លូវចិត្តនោះផង។

លោកអគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាប្រធានក្រុមបាល់ទាត់ Tyfi Army FC អតីតក្រុមបាល់ទាត់ក្រសួងការពារជាតិ បានបន្តទៀតថា ពិធីដែលបានធ្វើនេះ មិនមែនគ្រាន់តែក្រើនរំលឹកឱ្យកីឡាករបាល់ទាត់ដែលបានចូលរួមស្ងប់ចិត្ត និងបាត់អារម្មណ៍តានតឹងប៉ុណ្ណោះទេ តែក៏ដើម្បីឱ្យកីឡាករទាំងនោះមានចិត្តសន្តិភាព និងគ្មានភាពឆេវឆាវដាក់គ្នា នៅក្នុងករណីមានការប៉ះទង្គិចណាមួយនៅពេលមានការប្រកួតបាល់ទាត់នោះផងដែរ ។
លោកថា ពិធីនេះដ្បិតថាមើលទៅសាមញ្ញ ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញ គឺនឹងធ្វើឱ្យកីឡាករមានចិត្តធ្ងន់ជាងមុន មានចិត្តអភ័យ និងគ្មានគំនិតអាក្រក់លើគ្នា ដែលមិនខុសពីជួយឱ្យវិស័យបាល់ទាត់មានតែការប្រកួតដោយមិត្តភាព និងពោរពេញដោយកម្លាំងសាមគ្គី។

ក្នុងនោះក៏ជាការជួបជុំរវាងកីឡាករជាមួយគ្រូបង្វឹក និងជាមួយថ្នាក់ដឹកនាំ ដែលកាន់តែបង្កើនកម្លាំងសាមគ្គី។លោកក៏សម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមបាល់ទាត់ កីឡាករ គ្រូបង្វឹក និង មន្ត្រីបម្រើការនៅប៉ុស្តិ៍លេខ៥ទាំងអស់ដែលបានសហការចូលរួមនៅក្នុងពេលនោះ ។ លោកមានគម្រោងដឹកនាំធ្វើពិធីនោះឱ្យបានញឹកញាប់សម្រាប់ក្រុមរបស់ខ្លួន ដើម្បីជាការបំផុសឱ្យកាន់តែមើលឃើញពីតម្លៃនៃពិធីសមាធិនៅក្នុងវិស័យកីឡា ។
លោកថា បើការធ្វើសមាធិនេះ មានសកម្មភាពជាទូទៅនៅក្នុងវិស័យកីឡា នោះមិនខុសពីធ្វើឱ្យវិស័យកីឡាកាន់តែមានសន្តិភាពផ្លូវចិត្ត និងគ្មានការចង់ឈ្នះចង់ចាញ់គ្នាដោយភាពអវិជ្ជមាននៅខាងក្រោយខ្នងនោះទេ៕

ចែករំលែកព័តមាននេះ