រាជធានីភ្នំពេញ ៖ បើទោះជាក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថា កីឡាគុនដាវបានពង្រឹងសមត្ថភាពរបស់ខ្លួនយ៉ាងណាក្ដី ក៏កីឡាមួយនេះ នៅតែមិនសូវត្រូវបានមហាជនចាប់អារម្មណ៍ ។ ដើម្បីដឹងច្បាស់ សាកមកដឹងពីស្ថានភាពចុងក្រោយរបស់កីឡាមួយនេះ។

យោងតាមការបញ្ជាក់របស់លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវ កម្ពុជា បានប្រាប់ឲ្យដឹងថា ក្នុងរយៈចុងក្រោយ កីឡាគុនដាវកាន់តែមានការយកចិត្តទុកដាក់ និងមានការផ្លាស់ប្ដូរជាងមុន ។ ជាក់ស្ដែង កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២០ សហព័ន្ធកីឡាគុនដាវអន្ដរជាតិបានប្រកាសជាផ្លូវការពីសេចក្ដីសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិ ដឹកនាំប្រជុំដោយលោក អាលីហ្សា អូស្មាណូវ ប្រធានសហព័ន្ធកីឡាគុនដាវ អន្ដរជាតិ ថា សហព័ន្ធកីឡាគុនដាវអន្តរជាតិ សម្រេចលុបថ្លៃសមាជិកភាពសម្រាប់ឆ្នាំ២០២០ ហើយសម្រាប់សហព័ន្ធដែលបានបង់រួចនឹងធ្វើការទូទាត់សម្រាប់ឆ្នាំ២០២១ និងលុបចោល ការប្រកួតជាច្រើនទៀតផង ដើម្បីជំរុញ និងលើកទឹកចិត្តដល់កីឡាមួយនេះ ។

ការប្រកាសរបស់លោក គឺមានន័យថា កីឡាគុនដាវកាន់តែមានការឈានឡើង ។ លោកបន្ដថា បច្ចុប្បន្ន ពិភពលោកកំពុងប្រកួតប្រជែងជាមួយជំងឺ រាតត្បាតជាសាកល COVID-19 ក្នុងនោះរួមមានខឿនសេដ្ឋកិច្ចជាសាកល សុខភាព មនុស្សលោក និងកម្លាំងចិត្តរបស់គ្រប់គ្នា ។
យោងតាមការប្រកាសនេះ គេកត់សម្គាល់ថា ទន្ទឹមការប្រកាសបង្កើនការយកចិត្តទុកដាក់ កីឡាករ-កីឡាការិនី និងសហព័ន្ធជាតិទាំងអស់ ក៏ត្រូវបានបង្ខំចិត្តកាត់បន្ថយ និងបញ្ឈប់គ្រប់ សកម្មភាពស្ទើរទាំងស្រុងផងដែរ ព្រោះតែបញ្ហាកូវីដ-១៩ បណ្ដាលឱ្យបាត់បង់ការឧបត្ថម្ភនានា។

យ៉ាងណាមិញ កីឡាករគុនដាវ និងក្រុមគ្រូបង្វឹក នៅតែសប្បាយចិត្តនឹងគោលការណ៍នេះ ដោយម្នាក់ៗ បានទាំងយល់ថា នោះគឺគោលការណ៍សម្រាំងយកតែធនធានខ្លាំងដើម្បីឱ្យសហព័ន្ធ មានការឈានឡើង ។ ក្នុងន័យសាមគ្គីភាព និង រួបរួម ជាពិសេសជួយដល់គ្រួសារកីឡាគុនដាវ របស់ពួកយើង ក្នុងដំណាក់កាលដ៏លំបាកនេះ សមាជិកប្រតិបត្តិទាំងអស់ បានធ្វើសេចក្ដី សម្រេច
ដោយឥតព្រាងទុក ក្នុងការជួយដល់ក្រុមគ្រួសារកីឡាមួយនេះ ។

យោងតាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធអន្តរជាតិបានប្រកាសថា នឹងលុបថ្លៃសមាជិកភាពសម្រាប់ឆ្នាំ ២០២០ សម្រាប់សហព័ន្ធដែលបានបង់រួច នឹងធ្វើការទូទាត់សម្រាប់ឆ្នាំ២០២១ ។ ជាមួយនេះ សហព័ន្ធក៏សម្រេចផ្ដល់ជូន ៤០០០ ហ្វ្រង់ស្វីស ជាពិសេសដល់គ្រប់សហព័ន្ធកីឡាគុនដាវជាតិ ដែលជាសមាជិកផងដែរ ខណៈដែលសហព័ន្ធទ្វីបនីមួយៗសម្រេចផ្ដល់ថវិកាចំនួន១០០០អឺរ៉ូ ដល់អាជ្ញាកណ្ដាលដែលបានចាត់តាំង ដោយ សហព័ន្ធអន្តរជាតិ ។ ក្នុងរដូវកាល២០២០-២០២១ លុបចោលថ្លៃរៀបចំការប្រកួតទាំងអស់សម្រាប់រដូវកាល២០២០-២០២១ ដោយចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១ ។ ថវិកាដែលបានផ្ដល់ជូនកីឡាករ ឬកីឡាការិនី ម្នាក់ ចូលរួមការប្រកួតយុវជនពិភពលោកឆ្នាំ ២០២០ ត្រូវបានបង្វែរទៅលើការចំណាយ សម្រាប់ការចូលរួមការប្រកួតថ្នាក់ទ្វីបក្នុងឆ្នាំ ២០២១ ។
លោក សុខ អាង បានឲ្យដឹងទៀតថាគណៈកម្មការប្រតិបត្តិក៏សម្រេចចិត្តបន្ទាប់ពីមានការផ្ដល់យោបល់ពីគណៈកម្មការវេជ្ជសាស្ត្រ ក្រុមប្រឹក្សាកីឡាគុនដាវវ័យចាស់ និងគណៈកម្មការអត្តពលិក រួមមាន ការប្រកួតជ្រើសរើសជើងឯកយុវជនពិភពលោក ឆ្នាំ២០២០ត្រូវបានលុបចោល ហើយសហព័ន្ធ កីឡាគុនដាវអាមេរិកសម្រេចធ្វើជាម្ចាស់ផ្ទះ ការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវយុវជនឆ្នាំ ២០២២ ក្នុងខែមេសា ការប្រកួតជ្រើសរើស ជើងឯកកីឡាគុនដាវវ័យចាស់ពិភពលោកឆ្នាំ២០២០ ត្រូវបានលុបចោល សហព័ន្ធកីឡា គុនដាវក្រូអាត សម្រេចធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតជ្រើសរើសកីឡាគុនដាវវ័យចាស់ពិភពលោកឆ្នាំ២០២២។

លោកបានបន្ថែមទៀតថា ដោយសារ ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទៅឆ្នាំ២០២១ ដូច្នេះការសម្រេចផ្ដល់ជាម្ចាស់ផ្ទះក្នុងការរៀបចំ ការប្រកួតជ្រើសជើងឯកកីឡាគុនដាវ ពិភពលោកឆ្នាំ២០២១ នៅប្រទេស អេហ្ស៊ីបត្រូវបានលើកទៅឆ្នាំ២០២២ វិញ ។ សម្រាប់ សិទ្ធិចូលអូឡាំពិក ប្រសិនជាម្ចាស់ផ្ទះក្នុង ឆ្នាំ២០២០ យល់ព្រម យើងនឹងរៀបចំវា ម្ដងទៀតនៅប្រទេសទាំងនោះ ទាំងកាលបរិច្ឆេទ និងទីកន្លែងប្រកួត ។ សម្រាប់ការប្រកួត ដណ្ដើមសិទ្ធិថ្នាក់ទ្វីប នឹងរៀបចំចាប់ពីថ្ងៃទីទី ១៥ ដល់ ៣០ ខែ មេសា ឆ្នាំ ២០២១ វិញ ។
ការប្រឡងអាជ្ញាកណ្ដាល ក្នុងឆ្នាំ២០២០ ត្រូវ បានលើកទៅឆ្នាំ២០២១ ក្នុងចន្លោះខែកញ្ញា ដល់ ខែតុលា ៕
ចែករំលែកព័តមាននេះ