រាជធានីភ្នំពេញ ៖ លោកអ្នកធ្លាប់ទទួលស្គាល់ និងអោយតម្លៃបេក្ខជនធ្លាប់ប្រឡងចម្រៀង កាលនៅកុមារភាព ពិតជាមានទេពកោសល្យ។ រហូតមកទល់ពេលនេះ ពួកគាត់បានធំធាត់ប្រសើរបន្តិចហើយ នៅក្នុងដំណើរវាយលុកសិល្បៈ។
អតីតបេក្ខជន អ៊ុក សុវណ្ណារី
បណ្តាបេក្ខជនដ៏លេចធ្លោ ទាំងនោះកំពុងតែស្រូបទាញដោយប្រជាប្រិយភាពគាប់ប្រសើរ និងប្រែមុខមាត់ គួរអោយគយគន់។ ជាពិសេសបានសាងជីវភាពថ្មីរកបានប្រាក់ចំណូលគួរអោយសរសើរជួយដល់ក្រុមគ្រួសារ។
អតីតបេក្ខជន កាលពីនៅវ័យកុមារទាំងនោះហើយ ឈ្មោះអោយមហាជនស្គាល់រួមមាន ៖ អតីតម្ចាស់ពាន ពេជ្រ ថៃ, ឡុង លីងគ័ង, ទេព ពិសិដ្ឋ, សុខ សុជាតា, រ៉ន ចាន់ឌីន, អ៊ុក សុវណ្ណារី និងម៉ីហៀង ជាដើម។ វត្តមានពន្លកសិល្បៈថ្មីនេះ កំពុងតែអង្រួនពិភពសិល្បៈយ៉ាងគគ្រឹកគគ្រែងក្រោមសំឡេងគាំទ្រពីទស្សនិកជនយ៉ាងជោកជាំទៀតផង។ ម្នាក់ៗកំពុងតែ មានការងារដើរសម្តែងតាមឆាក តន្ត្រីនានា នៅលើកញ្ចក់ទូរទស្សន៍ មួយចំនួននាចុងសប្តាហ៍។
បើពិនិត្យទៅលើរូបរាងកាយវិញ គឺប្រែប្រួល ខ្លះចង់ពេញកំលោះ និងពេញវ័យក្រមុំសឹងតែមើលមិនចង់ស្គាល់ រហូតខ្លះលាន់មាត់ថា ធំជាងមុនច្រើនណាស់។ មហាជន ដែលស្គាល់ក្មេងៗទាំងនោះតាមរយៈការប្រឡងចម្រៀងកម្រិតអន្តរជាតិ និងកាន់តែមើលឃើញ ប្រសិនបើពួកគេប្រឹងប្រែងតស៊ូជាមួយអាជីពនេះតទៅមុខទៀត ប្រាកដកាន់តែមានអនាគតទៅមុខជាលំដាប់។
អតីតបេក្ខជន ពេជ្រ ថៃ
លើសពីនេះទៀតសោត គ្រូបង្វឹកដែលជ្រើសរើសធ្វើជាកូនក្រុម ពិតជាមានមោទនភាព ដែលពន្លកដែលខិតខំបណ្តុះ មានអនាគតពន្លឺជះសម្បូរអ្នកស្រឡាញ់តទៅទៀត។
តារាក្មេងៗដែលមានសំឡេងល្អៗទាំងនោះ ប្រសិនបើមានការជម្រុញបន្ថែមទៀត ពីក្រុមអ្នកនិពន្ធ និងអ្នកជំនាញៗទៀតនោះ និងរុញអោយកាន់តែលូតលាស់។ នេះជាបទពិសោធន៍មួយ សម្រាប់ប្អូនៗរលកក្រោយ ដែលស្រឡាញ់ការសម្តែងច្រៀង គួរតែព្យាយាម ហើយក្លាហាន ដើម្បីឆក់ និងចាប់ឱកាសអោយបានដូចរៀមច្បង។
អតីតបេក្ខជន រ៉ន ចាន់ឌីន
ឯរៀមច្បងវិញ ត្រូវព្យាយាមធ្វើអ្វីដែលជាគម្រូល្អៗដល់សិស្សប្អូន។ លើសពីនេះ ចេះចែករំលែកបទពិសោធន៍អោយប្អូនៗក្រោយៗ ក្នុងន័យលើកស្ទួយសិល្បៈទាំងអស់គ្នា ។ មានតែទំពាំងនោះទេដែលស្នងឬស្សី បើឬស្សីមិនកើតនោះក៏ជាបញ្ហា។ បើបានល្បីល្បាញហើយគួរតែចេះទន់ភ្លន់ គោរពពេលវេលាការងារ មិនឫកពារ ហើយអោយតម្លៃអ្នកគាំទ្រតាមរយៈការបង្ហាញស្នាមញញឹមទៅវិញ។
អតីតបេក្ខជន អ៊ុក សុវណ្ណារី