ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ យ៉ា​នុ​ត ៖ ​បើកូ​វី​ដ១៩​ស្ងប់ស្ងាត់​ នឹង​ចាត់​ចែង​មង្គល​ការ​ភ្លាម​មិន​ដំអក់​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​គូស្នេហ៍​ដែល​ភ្ជាប់ពាក្យ​ហើយ​កំណត់​យក​ឆ្នាំ​ណា ខែ​ណា ដើម្បី​រៀប​ការ សម្រាប់​គូស្នេហ៍​កញ្ញា អេ យ៉ា​នុ​ត និង គូ​ដណ្ដឹង…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​គូស្នេហ៍​ដែល​ភ្ជាប់ពាក្យ​ហើយ​កំណត់​យក​ឆ្នាំ​ណា ខែ​ណា ដើម្បី​រៀប​ការ សម្រាប់​គូស្នេហ៍​កញ្ញា អេ យ៉ា​នុ​ត និង គូ​ដណ្ដឹង គឺ​មិន​ដូច​គ្នា​ទេ ដោយ​ទាំង​សាមីខ្លួន និង ឪពុក​ម្ដាយ​​ទាំង​សងខាង​សុទ្ធតែ​ឯកភាព​គ្នា​រៀបចំ​មង្គលការ​ឱ្យ​បាន​ឆាប់​បំផុត​មិន​មាន​គម្រោង​ដំអក់​ទេ ពោល​គឺ​រង់​ចាំតែ​កូ​វី​ដ​-១៩​ស្ងប់ស្ងាត់​ប៉ុណ្ណោះ គឺ​នឹង​ចាត់ចែង​ភ្លាម ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី សាំង សុ​ម៉ា​លី ជា​ម្ដាយ និង​ជា​ភរិយា​របស់​លោក អេ ភូ​ថង តាម​ការ​សម្ភាសន៍ របស់​ភ្នាក់ងារ​កោះសន្តិភាព​។

បន្ទាប់​ពី​ភ្ជាប់ពាក្យ​ហើយ​កាលពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០២០ ម្ដាយ​របស់ អេ យ៉ា​នុ​ត បាន​អះអាង​ថា អេ យ៉ា​នុ​ត នឹង​អាច​កាត់​បន្ថយ​ការ​ប្រដាល់ ឬ​អាច​នឹង​លាឈប់​ឡើង​សង្វៀន​តែ​ម្ដង ជា​ពិសេស​បើ​នាង​បាន​ចូល​រោងការ​រួចរាល់ ។

ម្យ៉ាង​មក​ពី​នាង​យល់​ថា ខ្លួន​ឈាន​ដល់​វ័យ​ត្រូវធ្វើ​ជា​ស្ត្រី​មេផ្ទះ និង​ធ្វើ​ជា​ភរិយា​របស់​អនាគត​ស្វា​មីនោះ​ផង ទើប​គ្រួសារ​ទាំងមូល​គិត​ថា បើ​ទោះជា​នាង​នៅ​ចង់​សកម្ម​ក្នុង​ពិភព​ប្រដាល់ ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ ។ អ្នកស្រី​បន្ត​ថា ការ​ប្រដាល់​ការ​ពិត​គ្រួសារ​ជា​ពិសេស​គឺ​ខ្មោច​លោកយាយ​របស់​នាង មិន​ដែល​គាំទ្រ​នោះ​ទេ ប៉ុន្តែ​មក​ពី​នាង​ចង់បាន​លុយ​សម្រាប់​ខ្លួនឯង​ផង និង ស្រលាញ់​ផង ទើប​ចេះ​តែ​ទទួល​ប្រដាល់​រហូត​ក្លាយជា​អាជីព ។ ក្នុង​នោះ​សូ​ម្បី​តែ​គូ​ដណ្ដឹង​របស់​នាង ក៏​ចង់ឱ្យ​អេ យ៉ា​នុ​ត រយាល​ការ​ប្រដាល់​ផង​ដែរ ដោយសារ​តែ​នាង​ពេញវ័យ និង​ត្រូវ​ត្រៀមខ្លួន​ចូល​រោង​ការ។

អ្នកស្រី សាំង សុ​ម៉ា​លី បន្ត​ថា អេ យ៉ា​នុ​ត ស្រលាញ់​ការ​ប្រដាល់ ប៉ុន្តែ​បើ​ឱ្យ​តាម​ចិត្ត​ដោយ​ទទួល​ឡើង​រេញ​ដដែល​ជា​ដដែល គឺ​មិន​អាច​នោះ​ទេ ដើម្បី​កុំឱ្យ​ប៉ះពាល់​អារម្មណ៍​អនាគត​ស្វាមី និង​ក្រុម​គ្រួសារ​សាច់ថ្លៃ ។ យ៉ាងណាមិញ​បើ​ឱ្យ​នាង​ឈប់​ដាច់ ក៏​មិន​ឈប់​នោះ​ដែរ ដោយ​សារ​តែ​នាង​នៅ​ស្រលាញ់ និង​ចង់​បន្តការងារ​ជា​កីឡាការិនី​ជម្រើសជាតិ​ឱ្យ​បាន​មួយ​រយៈ​សិន​។ អ្នកស្រី​ថា ហេតុ​ផល​គឺ​ដោយសារ​តែ​គ្រួសារ​ទាំង​សងខាង សុទ្ធតែ​ព្រមព្រៀង​គ្នា​ឱ្យ​អេ យ៉ា​នុ​ត និង​គូស្នេហ៍ រៀប​ការ​ឱ្យ​បាន​ឆាប់ ដោយ​មិន​ដំអក់​យូរ​ទេ ។

អ្នកស្រី​ថា ការ​ពិត​បើ​កូ​វី​ដ​-១៩ មិន​មាន​រាលដាល អ្នកស្រី​ចង់​រៀប​ការ​ឆាប់​ៗ​ផង ដើម្បី​ឱ្យ​កូន​មាន​​លំនឹង ប៉ុន្តែ​បណ្ដាល​មក​ពី​ខ្លាច​ខ្សត់​ភ្ញៀវ​ទើបត្រូវ​រង់ចាំ ។ អ្នកស្រី​ថា មង្គលការ​នឹង​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​ឡើង​ឆាប់​ៗ ដោយ​តាម​គម្រោង​ឱ្យ​តែ​កូ​វី​ដ​-១៩​ស្ងប់ស្ងាត់​ពេល​ណា នឹង​ទៅ​រក​គ្រូ​មើល​ខែ​ថ្ងៃ​សិរី​ពេល​ហ្នឹង ហើយ​បាន​វេលា​ថ្ងៃ​ណា​រៀប​ការ​ថ្ងៃ​ហ្នឹង​តែ​ម្ដង គឺ​អត់​រង់ចាំ​ទេ ។

អ្នកស្រី​ថា បើ​ទោះជា​រៀប​ការ​ហើយ ក៏​យ៉ាង​ហោច​ណាស់ អេ យ៉ា​នុ​ត នៅ​ធ្វើ​ជា​កីឡាការិនី​ជម្រើស​ជាតិ​រហូត​ដល់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ទើប​ពិចារណា​ក្នុង​ការ​កាត់​បន្ថយ ឬ​លាឈប់​ពី​ការ​ប្រដាល់​ដែល​ខំតស៊ូ ។ ក្នុង​នោះ អ្នកស្រី​ក៏​នៅ​តែ​ជំរុញ​ឱ្យ​កូនស្រី​បន្ត​ការងារ​ជា​គ្រូបង្វឹក ឬ ការងារ​ជួយ​ដល់​សហព័ន្ធ ជំនួស​ឱ្យ​ការ​កាត់​បន្ថយ​ការ​ឡើង​រេញ​ផង​ដែរ ។ អ្នកស្រី​ថា កូនប្រសា​មិន​ហាមឃាត់​កូនស្រី​អ្នកស្រី​ឡើង​ប្រកួត​នោះ​ទេ ប៉ុន្តែ​នាង​ក៏​មិន​អាច​មាន​គូ​ដណ្ដឹង​ឬ​ស្វាមី​ទៅ​ហើយ​ចេះ​តែ​ឡើង​ប្រកួត​ដោយ​គ្មាន​ពេល​ធ្វើខ្លួន​ជា​ស្ត្រី​មេផ្ទះ​បាន​ទេ ។

អ្នកស្រី​ថា រាល់​ការ​ឡើង​ប្រកួត គឺ​រវល់​ច្រើន​ណាស់ ទាំង​ការ​ត្រៀមខ្លួន ទាំង​ការ​គិត​ច្រើន និង​ការ​ហ្វឹកហាត់​ត្រៀម ដូច្នេះ ហើយ​ទើប​នាង​ពិបាក​ក្នុង​ការ​ទទួល​ប្រកួត​ច្រើន​ក្រោយ​ពេល​មាន​គូ ដោយ​​នាង​បញ្ជាក់​ថា គឺ​ដើម្បី​ទុក​ពេល​ធ្វើខ្លួន​ឱ្យ​សមជា​ស្ត្រី​ម្ដង​។

យោង​តាម​ការ​អះអាង កញ្ញា អេ យ៉ា​នុ​ត បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ឈ្មោះ លៀប ប៉​ហេង កាលពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០២០ បន្ទាប់​ពី​បាន​ចំណាយពេល​ស្វែង​យល់ចិត្ត​គ្នា​ជា​យូរ​មក​ហើយ ដោយ​មាន​ឪពុក​ម្ដាយ​ទាំង​សងខាង​ទទួល​ដឹង​ឮ ។ គូ​ដណ្ដឹង​របស់​នាង​ត្រូវ​បាន​គេ​អះអាង​ថា គឺជា​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ តែ​នៅ​មិន​ទាន់​ដឹង​ថា មាន​តួនាទី​ជា​អ្វី​នៅឡើយ​ទេ ដោយ​គ្រាន់តែ​មានការ​បង្ហើប​ថា គឺជា​កូន​អ្នកមាន​មុខមាត់​ម្នាក់​ដែរ​នៅ​ក្នុង​ជួរ​មន្ត្រីរាជការ​។

អ្នក​ទាំង​ពីរ​ធ្លាប់​ត្រូវ​បាន​គេ​ឃើញ​បណ្ដើរគ្នា និង​ស្រលាញ់​ពេញចិត្ត​គ្នា​ជា​យូរ​មក​ហើយ តែ​មក​ពី​មិនសូវ​មានការ​ចាប់អារម្មណ៍ ទើប​ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​អេ យ៉ា​នុ​ត បង្ហាញ​មុខ​គូ​ដណ្ដឹង​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ ។ ពិធី​នេះ ក៏​បង្ហាញ​ថា កីឡាការិនី​រូប​នេះ​រក​ឃើញ​គូ​អ​នា​គត ខុស​ពី​ការ​បារម្ភ​របស់​អ្នកគាំទ្រ​ដែល​ថា​ កីឡាការិនី​ប្រដាល់​នឹង​ពិបាក​រក​គូស្នេហ៍ ដោយ​សារ​តែ​បុរស​ៗ​មិន​សូវ​ចង់បាន​នារី​ៗ​ពូកែ​ក្បាច់​គុន និង​វាយតប់​ដើម្បី​យក​មក​ធ្វើ​ជា​ភរិយា​នោះ ។

អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​ពិធី​មង្គលការ​ពេល​ណា​ឱ្យ​ប្រាកដ​នៅឡើយ​ទេ នៅ​ក្នុង​កាលៈ​ទេសៈ ដែល​ជំងឺ​កូ​វី​ដ​-១៩​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នា​ពេល​នេះ ។ ភាគី​ខាង​លោក អេ​ភូ​ថង បាន​ត្រឹមតែ​បង្ហើប​ថា នឹង​ចាំ​អ៊ុត​មើល​វេលា​សិន ហើយ​បើ​ល្អ​ត្រូវ​ចំ​ខែ​ណា ពេល​ណា​គឺ​នឹង​ចាត់ចែង​តាម​ហ្នឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ