ការបរិច្ចាគទានរបស់មនុស្សធម្មតាមិនអាចប្រៀបនឹងព្រះសម្មាសម្ពុទ្ធបានឡើយ ព្រះអង្គលះបង់ជីវិតជាទាន ឱ្យប្រពន្ធកូនជាទាន លះទ្រព្យសម្បត្តិមហាសាលធ្វើទានជាដើម ដែលលោកពោលថា ទានបារមី ។
ការបំពេញទានទាំងអស់នេះលោកផ្គងចិត្តតែម្យ៉ាងគត់គឺ យកព្រះនិព្វានជាអារម្មណ៍ លោកមិនប្រាថ្នាសុខក្នុងឋានទេវលោក ឬមនុស្សលោកនោះទេ ព្រោះសុខទាំងអស់នេះជាសុខក្លែងក្លាយ សុខលាយឡំទៅដោយសេចក្តីទុក្ខ ទីបំផុតក៏វិលរកសេចក្តីទុក្ខវិញដដែល ។
ចំណែកបុថុជ្ជនវិញធ្វើទានប្រាថ្នាសេចក្តីសុខទាំងពីរគឺ សុខក្នុងជាតិនេះ និងសុខក្នុងបរលោក។ ទានរបស់បុថុជ្ជនជាប់ទៅដោយសេចក្តីប្រាថ្នាដូច ប្រាថ្នាឱ្យមានរូបស្អាត ប្រាថ្នាឱ្យខ្លួនមានទ្រព្យច្រើន កើតក្នុងត្រកូលខ្ពង់ខ្ពស់ ប្រាថ្នាឱ្យបានទៅកើតក្នុងឋានទេវលោកជាដើម ។
សុខក្នុងសេចក្តីប្រាថ្នាទាំងអស់នេះជាសុខមិនអស់មិនហើយ សុខជាប់ទៅដោយសេចក្តីទុក្ខច្រើនជាងសុខ ដែលលោកហៅថា សាមីសសុខ សុខជាប់ទៅដោយគ្រឿងសៅហ្មង ។ សាន សារិន
ចែករំលែកព័តមាននេះ