បិទ​ការ​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម ស ខេ​ង


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេ​ង លើក​ទី​៣ ឆ្នាំ​២០២០ បាន​បិទ​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​២៥ កក្កដា បន្ទាប់​ពី​បាន​រៀប​​ចំ​ធ្វើ​តាំងពី​ថ្ងៃ​ទី​២៣ កក្កដា នៅ​ទីលាន​មជ្ឈមណ្ឌល​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។

លោក ជាតិ ខេមរា ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ​នេះ​មាន​៣​ប្រភេទ​កីឡា​ចូលរួម​ក្នុង​នោះ​មាន​តេ​ក្វា​ន់​ដូ​WT​ដែល​មាន​កីឡាករ​ចូលរួម​ចំនួន​១៥​នាក់ ចែក​ចេញ​ជា​៣​ប្រភេទ​ម្ង​ន់គឺ​ទម្ងន់​៥៨​គីឡូក្រាម ៦៨​គីឡូក្រាម និង​៨០​គីឡូក្រាម។

ប្រភេទ​កីឡា​យូ​ដូ មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១៧​នាក់​ចែក​ចេញ​ជា​៣​ប្រភេទ​ទម្ងន់​គឺ​ទម្ងន់​៧៣​គីឡូក្រាម​ឡើង ចម្រុះ​បុរស​នារី​ទម្ងន់​៦០​គីឡូក្រាម ឯកត្តជន​បុរស និង​ទម្ងន់​៥៧​គីឡូ​ក្រាម​ឡើង​ឯកត្តជន​នារី និង​កីឡា​កា​រ៉ា​តេ​មាន​កីឡាករ​ចូលរួម​ចំនួន​១៧​នាក់​ចែក​ចេញ​ជា​៤​ប្រភេទ​ទម្ងន់​គឺ​ផ្នែក​ប្រយុទ្ធ​បុរស​ទម្ងន់​៦០​គីឡូក្រាម និង​ក្រោម​៦០​គីឡូក្រាម ផ្នែក​ប្រយុទ្ធ​បុរស​ទម្ងន់​៦៧​គីឡូក្រាម​និង​ក្រោម​៦៧​គីឡូក្រាម ផ្នែក​ប្រយុទ្ធ​បុរស​ទម្ងន់​៧៥​គីឡូក្រាម​និង​ក្រោម​៧៥​គីឡូក្រាម និង​ផ្នែក​ប្រយុទ្ធ​បុរស​ទម្ងន់​៨០​គីឡូក្រាម​និង​ក្រោម​៨០​គីឡូក្រាម​។

ចំពោះ​លទ្ធផល​បច្ចេកទេស​វិញ ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​WT សមាគម​កីឡា​ក្រសួងមហាផ្ទៃ​ដណ្ដើម​​បាន​មេដាយ​ច្រើន​ជាងគេ​គឺ​មេដាយមាស​៤​គ្រឿង មេដាយ​ប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង ។ ក្លិប​I Can​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​២​គ្រឿង និង​និង​ក្លិប​ហូ​សា​ណា​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​២​គ្រឿង​ដូច​គ្នា ។ ប្រភេទ​កីឡា​យូ​ដូ សមាគម​កីឡា​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយមាស​៣​គ្រឿង និង​មេដាយ​ប្រាក់​៣​គ្រឿង ។ ក្លិប​ឥន្ទ្រី​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​៦​គ្រឿង និង​ប្រភេទ​កីឡា​កា​រ៉ា​តេ សមាគម​កីឡា​ក្រសួងការពារជាតិ​ដណ្ដើម​បាន​មេដាយមាស​៣​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង​។ ចំណែក​សមាគម​កីឡា​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង និង​មេដាយ​ប្រាក់​២​គ្រឿង​។

ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ជា ប៊ុ​ន​ហេង ប្រធាន​អង្គភាព​កីឡា​នគរបាល​ជា​បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​ដល់​កីឡាករ​កីឡាការិនី​ទាំងអស់​ឱ្យ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​បន្ត​ទៀត ព្រោះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ​។
លោក​ថា មាន​តែ​ពួក​យើង​ទាំងអស់​គ្នា​នេះ​ហើយ​ដែល​ជា​អ្នកតំណាង​ឱ្យ​ជាតិ​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​មក​ជូន​ជាតិ ។ ជាមួយ​គ្នា​នេះ លោក​បាន​សន្យា​ថា ព្រឹត្តិការណ៍​បែប​នេះ​នៅ​ឆ្នាំ​ក្រោយ​នឹង​រៀបចំ​ធ្វើ​ឱ្យ​ធំ​ជាង​នេះ រីឯ​ប្រាក់​រង្វាន់​ក៏​កើនឡើង​ទ្វេ​ដង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ