ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​មួយ​នៅ​ថៃ ប្រើប្រាស់​បាល់ទាត់​ដើម្បី​អប់រំ និងបំពេញក្តីស្រមៃ​ក្មេង​ៗក្នុង​តំបន់

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ Wat United គឺជា​ឈ្មោះ​ក្រុមបាល់ទាត់​មួយ ដែល​បង្កើត​ឡើង​ដោយ​វត្តបាងយ៉ៃ (Bang Yai) ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុកផុនហ្វីន (Phunphin)…

ប្រទេស​ថៃ ៖ Wat United គឺជា​ឈ្មោះ​ក្រុមបាល់ទាត់​មួយ ដែល​បង្កើត​ឡើង​ដោយ​វត្តបាងយ៉ៃ (Bang Yai) ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុកផុនហ្វីន (Phunphin) ខេត្តស៊ូរ៉ាតថានី ដោយ​មាន​ព្រះសង្ឃ​​មួយ​អង្គជា​គ្រូបង្វឹក​ផ្ទាល់​។

ជា​រៀង​រាល់​ល្ងាច​​ចាប់ពីម៉ោង​៥ ដល់​ម៉ោង ៨​យប់​គេ​តែង​ឃើញ​វត្តមាន​ក្មេង​ៗ​មួយ​ក្រុម ដែល​មាន​អាយុ​ចន្លោះ​ពី ១១-១៦​ឆ្នាំ តែងតែ​មក​ហ្វឹកហាត់​បាល់ទាត់​នៅ​លើ​ទីលាន​ហ្វូ​ត​សាល (futsal) ដែល​សង់​ឡើង​​ក្នុងបរិវេណ​វត្តបាងយ៉ៃផ្ទាល់​តែ​ម្តង​។

បើ​តាម​ការ​បញ្ជាក់​ពី​ព្រះ​អង្គ Baimut Nanthachot មាន​ព្រះ​ជន្ម ២៩​ព្រះ​វស្សា ដែល​មាន​ចំណង់​ចំណូលចិត្ត ចំពោះ​បាល់ទាត់​តាំងពី​កុមារភាព ​បាន​មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា «គោលបំណង​ដ៏​ធំ​ក្នុង​ការ​បង្កើត​ក្រុមបាល់ទាត់​ហ្វូ​ត​សាល​នេះ​ឡើង គឺ​ដើម្បី​ឱ្យ​ក្មេង​ៗ​ធ្វើការ​ហ្វឹកហាត់​បាល់ទាត់​យ៉ាង​ស្ទាត់ជំនាញ ដើម្បី​បំពេញ​ក្តី​ស​ម្រៃ​ពួក​គេ​ក្នុង​វិស័យ​នេះ​។ ជា​ពិសេស ​គឺ​ដើម្បី​ប្រើប្រាស់​ពេលវេលា​ទំនេរ​​ពួក​គេ​ឱ្យ​ដើរ​លើ​ផ្លូវ​ល្អ និង​ពង្រឹង​សហគមន៍​ជៀស​ឆ្ងាយ​ពី​ការ​សេពគប់​គ្រឿងញៀន»​។

​ព្រះ​អង្គ​បាន​សិក្សាស្រាវជ្រាវលើ​បណ្តាញ Youtube ពី​ជំនាញ​របស់​កីឡាករ និង​ក្រុមបាល់ទាត់​ល្បី​ៗ ដើម្បី​យកមក​បង្រៀន​ណែនាំ​ដល់​កុមារ​ទាំងនោះ ​អស់​រយៈពេល ២​ឆ្នាំ​កន្លង​មក​ហើយ​។ ព្រមទាំង​មានការ​​ណែនាំ​ខ្លះ​ៗ ពី​សំណាក់​គ្រូបង្វឹក និង​កីឡាករ​បាល់ទាត់​អាជីពមួយចំនួន ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​អារាមមួយនេះ​។

ក្រុម Wat United ក៏​ធ្លាប់​បាន​ចូលរួម​ការ​ប្រកួត​ជា​ច្រើន​ក្នុង​តំបន់​កន្លង​មក ហើយ​បាន​ឈ្នះ​ពានរង្វាន់​មួយ​ចំនួន​ផង​ដែរ​។ ព្រះ​អង្គ Baimut Nanthachot បាន​បន្ថែម​ទៀត​ថា «​ការ​លេង​កីឡា​អាច​រាប់​បញ្ចូល​ក្នុង​គោលការណ៍​ព្រះពុទ្ធ​សាសនា ហើយ​ក្មេង​ៗ​ក៏​ចូល​ចិត្ត​មក​ព្រះ​វិហារ​កាន់តែ​ច្រើន​។ ក្នុង​នោះ​លោក​អភិបាលស្រុក​ផ្ទាល់ និង​សហគមន៍ រួម​ទាំង​អង្គការ​មូលដ្ឋាន​ផ្សេង​ទៀត ក៏​បាន​គាំទ្រ​ថវិកា​ក្នុង​ការ​កែ​លម្អ​ទីលាន​បាល់ទាត់ និង​សំភារៈកីឡា​ផ្សេង​ទៀត​។ ខណៈ​ដែល​អាណាព្យាបាល​របស់​ក្មេង​ៗ​ទាំងនោះ បាន​គាំទ្រ​ដល់​មធ្យោបាយ​ធ្វើ​ដំណើរ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួតប្រជែង​»៕ (​ដកស្រង់​ចេញពី Springnews | រូបភាព​ពី Siamsport)