លោក ម៉ាលខម គ្លេតវេល (Malcolm Gladwell) ដែលជាអ្នកនិពន្ធ និងពិធីករកម្មវិធី Revisionist History ដ៏ល្បីល្បាញបានប្រាប់ដល់ CNBC Make It ក្នុងពេលថ្មីៗនេះថា ការមានជំនឿចិត្តលើខ្លួនឯងពេក គឺគ្រោះថ្នាក់ជាងការមានការខ្វះខាតសមត្ថភាពទៅទៀត ។

លោកបានបកស្រាយថា វាមកពីការមានជំនឿចិត្តលើខ្លួនឯងពេកគឺជាជំងឺរបស់អ្នកជំនាញ ហើយការខ្វះខាតសមត្ថភាព គឺជាជំងឺរបស់មនុស្សល្ងង់ ។ ក្នុងពេលដែលមនុស្សល្ងង់មិនអាចដើរបានឆ្ងាយក្នុងពិភពលោកនេះពិតមែន អ្នកជំនាញភាគច្រើនដើរតួជាអ្នកដឹកនាំសំខាន់ៗក្នុងសង្គម ។
ជាមួយគ្នានេះដែរ អ្នកដឹកនាំដែលជឿជាក់លើខ្លួនឯងពេកភាគច្រើនគិតថាខ្លួនមានសមត្ថភាពខ្ពស់ជាងកម្រិតសមត្ថភាពពិតជាក់ស្តែង ។ វាជាបញ្ហាធ្ងន់ធ្ងរមួយ ហើយអាចបង្កទៅជាកំហុសឆ្គងដែលធ្ងន់ធ្ងរជាងកំហុសឆ្គងបង្កពីការខ្វះសមត្ថភាពក្នុងការបំពេញកិច្ចការអ្វីមួយទៅទៀត ។ហើយមនុស្សដែលកាន់តែមានជំនឿចិត្តលើខ្លួនឯង ភាគច្រើនជាមនុស្សដែលមិនងាយនឹងស្តាប់ទស្សនៈរបស់អ្នកដទៃដែរ ។
លោកមហាសេដ្ឋីរ៉េយ ដាលីអូ (Ray Dalio) ធ្លាប់បាននិយាយដោយខ្លួនឯងផ្ទាល់ថា លោកស្ទើរតែបានធ្វើឲ្យក្រុមហ៊ុនក្ស័យធុន ព្រោះតែការជឿជាក់លើខ្លួនឯងពេកនេះ ប៉ុន្តែលោកបានរៀនសូត្រពីកំហុសឆ្គងរបស់លោកហើយ ។
កាលពីឆ្នាំ ១៩៨២ លោក ដាលីអូ គិតថា សេដ្ឋកិច្ចពិភពលោកនឹងជួបនឹងវិបត្តិ ប៉ុន្តែលោកគិតខុសយ៉ាងខ្លាំង ហើយទីផ្សារភាគហ៊ុនបានរីកចម្រើនយ៉ាងខ្លាំងផងដែរដែលបានធ្វើឲ្យក្រុមហ៊ុនលោកខាតបង់ថវិកាជាច្រើនរហូតលោកត្រូវសម្រេចចិត្តកាត់បន្ថយបុគ្គលិក និងខ្ចីលុយ ៤ពាន់ដុល្លារពីឪពុកម្តាយរបស់លោកសម្រាប់ការរស់នៅប្រចាំថ្ងៃផងដែរ ។
សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោក ដាលីអូ ព្យាយាមជំរុញទឹកចិត្តឲ្យមនុស្សគ្រប់គ្នាចែករំលែកទស្សនៈដោយស្មោះត្រង់ ហើយវាជាប្រព័ន្ធដ៏ល្អបំផុតសម្រាប់ស្ថាប័នការងារក្នុងការចៀសវាងមនុស្សដែលមានជំនឿចិត្តលើខ្លួនឯងពេក ។
លោក គ្លេតវេល បានបន្តថា គោលដៅគឺការមានមនុស្សមកពីក្រុមផ្សេងៗគ្នាក្នុងសង្គមចែករំលែកគំនិត និងធ្វើការសម្រេចចិត្ត ៕
ចែករំលែកព័តមាននេះ