ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដាក់​បញ្ចូល​ក្នុង​សុ​ី​ហ្គេ​ម ល្បុក្ក​តោ​​ប្រកាស​ពី​ការ​ត្រៀមខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​ថា CAMSOC និង ជា​អនុប្រធាន​សហព័ន្ធ​កីឡា ល្បុក្កតោ​កម្ពុជា បាន​អះអាង​ថា កីឡា​ល្បុក្កតោ នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ បើ​ទោះជា​កីឡា​នេះ​ជា​កីឡា​ចំណាស់ ឬ​អាច​ហៅ​ថា​ជា​កីឡា​ដែល​មាន​ប្រភព​ដើម​នៅ​កម្ពុជា ដែល​រំពឹង​ថា​មិន​ពិបាក​ដណ្ដើម​មេដាយ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ប៉ុន្តែ​មន្ត្រី​ជំនាញ​នៅ​តែ​អះអាង​ថា គ្រប់យ៉ាង​គឺ​នៅ​តែ​ត្រូវការ​ត្រៀម​ទុក​។

លោក​បាន​ថ្លែង​បញ្ជាក់​ពី​បញ្ហា​នេះ​ថា ល្បុ​ក្កតោ គឺជា​កីឡា​ប្រពៃណី​មួយ​ដែល​កម្ពុជា​នឹង​ដាក់​បញ្ចូល​​ជា​វិញ្ញាសា​មួយ​ដើម្បី​ឱ្យ​បរទេស ពិសេស​ប្រទេស​នៅ​អាស៊ាន​ប្រកួត​ដណ្ដើម​មេដាយ ដោយ​លោក​ថា កម្ពុជា​អាច​នឹង​មាន​អាទិភាព​ជាងគេ​។

យ៉ាងណា​ក៏​ដោយ​លោក​ថា អ្វី​ៗ​មិន​អាច​មើល​ស្រាល​បាន​ទេ ក្នុង​ពេល​ដែល​រយៈពេល​ចុង​ក្រោយ ក្បាច់គុន​ល្បុក្កតោ​ត្រូវ​បាន​ប្រទេស​នៅ​អាស៊ាន​មិន​តិច​ទេ បើក​ការ​ហ្វឹកហាត់ និង​សិក្សា​ស្វែង​យល់​ផង​ដែរ ដោយសារ​តែ​គេ​ដឹង​ថា កីឡា​នេះ គឺ​កម្ពុជា​នឹង​ជ្រើស​ជា​វិញ្ញាសា​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ដូច្នេះ​ហើយ​ទើប​លោក​យល់​ថា ល្បុក្កតោ​លែង​ជា​កីឡា​ដែល​មាន​តែ​ពលរដ្ឋ​កម្ពុជា​ចេះ​ស្ទាត់​ដូច​មុន​ទៀត​ហើយ គឺ​ជនបរទេស​នៅ​អាស៊ាន​ក៏​ចេះ​មិន​អន់​ដែរ​។ ស្រួល​មិន​ស្រួល​ជាតិ​សាសន៍​គេ​អាច​សម្ងំ​ហ្វឹកហាត់​បាន​ល្អ​ជាង​ម្ចាស់​ដើម​ផង ប្រសិនបើ​កម្ពុជា​មើល​ស្រាល ។

លោក​ថា កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​លើ​ច្បាប់ បទបញ្ជា​នៃ ការ​ប្រកួត ដើម្បី​ឲ្យ​ចេះ​ពី​បច្ចេក​ទេស​លើ​គ្រប់​ដំណាក់​កាលកំណត់​ឡើង ។ ម្យ៉ាង​ដ្បិតថា កម្ពុជា​គឺជា​អ្នក​កំណត់​លើ​លក្ខខណ្ឌ​ផ្សេង​ៗ ប៉ុន្តែ​បើ​បរទេស​ស្វែង​យល់​បាន​ស៊ីជម្រៅ​លើ​លក្ខខណ្ឌ​ដែល​បាន​ប្រកាស​ឡើង​ច្បាស់​លាស់ ក៏​មាន​ន័យ​ថា កម្ពុជា​នឹង​របូត​ឱកាស​ផង​ដែរ ។ ដើម្បី​ជា​ការ​ត្រៀមខ្លួន នៅ​ឆ្នាំ​២០២២ កម្ពុជា នឹង​រៀបចំ​ការ​ប្រកួត Pre-SEA Games (​មុន​ការ​ប្រកួត​ផ្លូវការ​) ដែល​ឲ្យ​តែ​ប្រភេទ​កីឡា ថ្មី​ត្រូវ​រៀបចំ​ការ​ប្រកួត Pre-SEA Games នេះ ដែល​ជា​គោលការណ៍​របស់​ស៊ី​ហ្គេ​ម ។

អ្វី​ដែល​ជា​កង្វល់​របស់​កម្ពុជា​បច្ចុប្បន្ន គឺ​គុណភាព កីឡាករ កីឡាការិនី​របស់​យើង ដែល​យើង គឺជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ក្បាច់គុន គឺ​យើង​ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ ចិត្ត ឆន្ទៈ​ដ៏ មោះមុត ជា​ពិសេស​គឺ​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី សម្រួច​គោលដៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្ដើម មេដាយ​ជូន​ជាតិ​ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ។

លោក អ៊ុ​ក សិទ្ធិ ជាតិ អគ្គនាយក​កីឡា នៃ ក្រសួង​អប់រំ យុវជន និង កីឡា បាន​បញ្ជាក់ ឲ្យ​ដឹង​អំពី​ការ​ស្នើ​សុំ​ការ​ឧបត្ថម្ភ​លើ​ការ​រៀបចំ កិច្ចប្រជុំ​ក្នុង​កម្រិត​អាស៊ី​អាគ្នេយ៍ ដើម្បី​រៀន សូត្រ​ពី​គ្នា​ផង ការ​ប្រកួតប្រជែង និង​ផ្សព្វផ្សាយ ផង ពី​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា យើង​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ដែល​ទទួលយក​ការ​ហ្វឹក​ហាត់គុន ល្បុក្កតោ ដូច​ជា ប្រទេស​វៀតណាម ហ្វី​លី​ពី​ន ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ជាដើម ដែល យល់ព្រម ជួយ​ដល់​គុន​ល្បុក្កតោ​ក្នុង​ការ​រៀបចំ ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។

សូម​បញ្ជាក់​ថា ជា​ចក្ខុវិស័យ​និង​គោលការណ៍​រួម​របស់​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​គឺ​រួម​គ្នា​អភិរក្ស​និង​អភិវឌ្ឍ​គុន​ល្បុក្កតោ​ដែល​ជា​ក្បាច់គុន​វប្បធម៌​ជាតិ ព្រលឹង​ជាតិ និង​ក៏​ជា​កីឡា​អត្ត​សញ្ញាណ​ជាតិ​ផង​ដែរ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​ច័ន្ទ សា​រុន ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ កន្លង​មកនេះ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ និង​ទិស​ដៅ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២០ ។

លោកបាន​មាន​ប្រសាសន៍ ដោយ​ស្នើ​សុំ​ការ​យោគយល់ ពី​ព្រឹទ្ធាចារ្យ និង​លោកគ្រូ អ្នកគ្រូ សិស្ស​គុន ល្បុក្កតោ​ទាំងអស់ ឲ្យ​យក​ស្មារតី​ជាតិ ស្មារតីព្រលឹង​ដូនតា​មក​តម្កល់​ឲ្យ​ខ្ពស់ បង្រួបបង្រួម គ្រួសារ​គុន​ល្បុក្កតោ ឲ្យ​មានការ​ឯកភាព​ជា​ធ្លុង មួយ ក្នុង​ការ​ពង្រឹងស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​ជោគជ័យ​នៃ​គុន ល្បុក្កតោ ក្នុង​ដំណើរ​ឆ្ពោះទៅ SEA Games ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ