ប្រទេសអង់គ្លេស ៖ Leeds United ដែលនឹងឡើងមកលេងក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលក្រោយ បានចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្រុមហ៊ុនផលិតសំភារៈកីឡាយក្សរបស់អាល្លឺម៉ង់ Adidas ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ឯកសណ្ឋានផ្លូវការរបស់ពួកគេ។
Leeds នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Adidas ដែលជាកិច្ចព្រមព្រៀងបំបែកឯតទគ្គកម្មរបស់ក្លិបមួយនេះ នៅពេលពួកគេឡើងមកក្របខណ្ឌ Premier League សម្រាប់រដូវកាល ២០២០/២១ ក្នុងនាមជាម្ចាស់ជើងឯកក្របខណ្ឌលីគលំដាប់ទី២ Championship រដូវកាលនេះ។


នាយកប្រតិបត្តិ Leeds លោក Angus Kinnear បាននិយាយថា «វារឿងដ៏រំភើប ដែលបានក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុន Adidas។ យើងកំពុងទន្ទឹងរងចាំការវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេស ដោយរំពឹងទុកនៅរដូវកាលក្រោយ ជាមួយចាប់ដៃគូ Adidas ដែលមានឈ្មោះល្បីល្បាញបំផុតក្នុងវិស័យកីឡា ។ ហើយយើងនឹងបន្តរីកចម្រើនទាំងក្នុង និងក្រៅទីលាន ហើយកិច្ចព្រមព្រៀងដែលបានបំបែកឯតទគ្គកម្មនេះ គឺជាជំហានដ៏សំខាន់មួយទៀតសម្រាប់ក្លិប»។

មិនមានព័ត៌មានលម្អិតអំពីទំហំទឹកប្រាក់លើកិច្ចព្រមព្រៀងនេះ ប៉ុន្តែ Leeds បានបញ្ជាក់កាលពីថ្ងៃអង្គារថា វាគឺជាកិច្ចព្រមព្រៀងឧបត្ថម្ភបំបែកឯតទគ្គកម្មរបស់ក្លិប។ ហើយកាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមជាផ្លូវការ នឹងត្រូវប្រកាសក្នុងពេលវេលាជាក់លាក់មួយ៕ (ដកស្រង់ចេញពី Sky Sports)
ចែករំលែកព័តមាននេះ