រាជធានីភ្នំពេញ ៖ បន្ទាប់ពីបាត់សកម្មភាពអស់ជាច្រើនខែ នៅក្នុងពេលនេះ កីឡាវាយកូនគោលបានប្រកាសពីការបើកដំណើរការសកម្មភាពរបស់ខ្លួនវិញហើយ ជាមួយគម្រោងបើកការប្រកួតដណ្តើមពានរង្វាន់នាពេលខាងមុខ ហើយថ្នាក់ដឹកនាំក៏ត្រូវរក្សាគោលការណ៍ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលចុះហត្ថលេខាដោយលោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចេញផ្សាយកាលពី ថ្ងៃទី១៣ ខែកក្កដា នោះ បានឲ្យដឹងថា ម្ចាស់និងអ្នកគ្រប់គ្រង ទីលានវាយកូនគោល បានប្រកាសថា នឹងឱ្យរៀបចំជាព្រឹត្តិការណ៍ ឬការប្រកួតដណ្តើមពានរង្វាន់កីឡាវាយកូនគោលជាជំហានៗឱ្យបានច្រើន ប៉ុន្តែលោកទទូចឱ្យកីឡាករនិង គណៈកម្មការរៀបចំមានគ្នាមិនឱ្យលើសពី១០០នាក់នោះទេ ដោយក្នុងពេលតែមួយគឺត្រូវប្រុងប្រយ័ត្នឱ្យបានដិតដល់។

លោកបន្តថា រាល់ការរៀបចំព្រឹត្តិការណ៍ប្រកួតដែលបានធ្វើឡើងត្រូវតែគោរពតាមនិយាមបច្ចេកទេសដើម្បីធានាសុវត្ថិភាពដូចជាបាញ់ទឹកអាល់កុលសម្លាប់មេរោគនៅច្រកចូល ត្រួតពិនិត្យកម្ដៅបុគ្គលិកបម្រើការនិងកីឡាករមុនអនុញ្ញាតឲ្យចូលក្នុងបរិវេណទីលានវាយកូនគោល និងត្រូវរក្សាគម្លាតសុវត្ថិភាពស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងតិច១,៥០ម៉ែត្រ និងសម្អាតសម្ភារឧបករណ៍វាយកូនគោលទាំងអស់ជាមួយទឹកអាល់កុលជាប្រចាំមុនពេលនិងក្រោយពេលប្រើប្រាស់ដើម្បីសម្លាប់មេរោគនិងហាមចាប់ដៃស្វាគមន៍ដោយជំនួសការលើកដៃសំពះគ្នាទៅវិញទៅមក ។

ជាមួយនឹងការប្រកាសនេះ បង្ហាញយ៉ាងច្បាស់ថា វិស័យកីឡាវាយកូនគោលកំពុងមានសន្ទុះម្ដងទៀត ដោយគេមើលឃើញថា ការចាប់ផ្ដើមម្ដងទៀតនូវរាល់ការប្រកួតដែលធ្លាប់អាក់ខាននេះ នឹងក្លាយជាចលករធ្វើឱ្យកីឡាវាយកូនគោលឈានឡើង ។ មន្ត្រីថ្នាក់ដឹកនាំក៏បានប្រកាសថា កីឡាករទាំងអស់នៅក្នុងវិស័យនេះ ក៏នឹងមានទឹកចិត្តក្នុងការហ្វឹកហាត់ខុសពីមុនផងដែរ ខណៈដែលកីឡាមួយនេះ ក៏កាន់តែមានការទទួលស្គាល់ទូលំទូលាយនោះ។

លោក ថោង ខុន បន្តថា ក្រសួងទេសចរណ៍នឹងធ្វើការផ្សព្វផ្សាយពីកីឡាមួយនេះ ដើម្បីឱ្យដឹងពីការរីកចម្រើន ហើយក្រសួងក៏បានណែនាំ ឲ្យបុគ្គលិកបម្រើការទាំងអស់ត្រូវពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា និងធ្វើការ ត្រួតពិនិត្យ ជូត សម្អាត សម្ភារ ឧបករណ៍ វាយកូនគោលទាំងអស់ជាមួយទឹកអាល់កុល មុនពេលដាក់ចូលទៅក្នុងរថយន្តវាយកូនគោល (Golf Cart) ៕
ចែករំលែកព័តមាននេះ