ខេត្តព្រៃវែង ៖ សិប្បកម្មកែច្នៃសំបកកង់រថយន្តចាស់ៗធ្វើជារូបសត្វ និងសម្ភារៈប្រើប្រាស់ផ្សេងៗរបស់ពលរដ្ឋ១គ្រួសារ ស្ថិតនៅភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជិតឆ្ងាយ និងបានផ្តល់នូវប្រាក់ចំណូលច្រើនគួរសមសម្រាប់ម្ចាស់សិប្បកម្មមួយនេះ។

លោក សឿង សួគ៌ា ម្ចាស់សិប្បកម្មកែច្នៃសំបកកង់រថយន្តនេះ បានអោយកោះសន្តិភាពដឹងថា កាលពីមុន គាត់ធ្វើការជាមន្ត្រីឥណទាននៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងស្រុក ប៉ុន្តែដោយការងារនេះធ្វើយូរទៅមិនឃើញរីកចំរើន ហើយធ្វើឱ្យគាត់កាន់តែធុញទ្រាំខ្លាំង គាត់ក៏សំរេចចិត្តបោះបង់ការងារនោះចោល ហើយងាកមកចាប់យកមុខរបរកែច្នៃសំបកកង់រថយន្តចាស់ៗ ធ្វើជាសម្ភារៈប្រើប្រាស់ និងរូបសំណាកសត្វផ្សេងៗវិញ ដែលវាជាចំណង់ចំណូលចិត្តរបស់គាត់ តាំងពីក្មេងៗមកម្ល៉េះ។
លោក សឿង សួគ៌ា បានបន្តទៀតថា ការងារថ្មីនេះ គាត់មិនបានទៅរៀនធ្វើគ្រូណាម្នាក់ ឬរៀនពីរោងសិប្បកម្មណាទេ គឺគាត់គ្រាន់តែអង្គុយមើលទូរស័ព្ទ ឆែកហ្គោហ្គល ឃើញនៅប្រទេសគេ មានអ្នកយកសំរាម និងសម្ភារៈចាស់ៗទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ឡើងវិញបែបនេះ គួបផ្សំគាត់មាននិស្ស័យស្រលាញ់ចូលចិត្ត ខាងការងារនេះ ដោយធ្លាប់បានយកដីឥដ្ឋមកដំសូន្យធ្វើជារូបសំណាកផ្សេងៗលេងតាំងពីក្មេងៗផងមកនោះ ទើបគាត់បែកគំនិតសាកល្បងប្រមូលយកសំបកកង់ និងពោះវៀនកង់រថយន្តចាស់ៗមកកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ។

លោកបន្តថា ក្រោយមកគាត់ក៏បង្ហោះដាក់លក់នៅតាមហ្វេសប៊ុក ក៏ឃើញថា បានជោគជ័យ ដោយមានអ្នកកុំម៉ង់ទិញជាបន្តបន្ទាប់ ទើបគាត់បន្តសាកល្បងធ្វើជារូបសំណាកសត្វផ្សេងៗទៀត ហើយក៏ទទួលបានការគាំទ្រខ្លាំងទៀត ទើបគាត់សំរេចចិត្តចាប់យកអាជីពនេះតែម្តង ហើយរហូតមកដល់ពេលនេះ គាត់ធ្វើបានរយៈពេលជាង១ឆ្នាំហើយ។

លោក សឿង សួគ៌ា បានបញ្ជាក់ថា ពីដំបូងគាត់ធ្វើការងារនេះតែម្នាក់ឯងទេ ប៉ុន្តែក្រោយមកដោយសារតែមានអតិថិជនកុំម៉ង់ទិញកាន់តែច្រើន ទើបគាត់បានជួលបុគ្គលិកបន្ថែមចំនួន២នាក់ទៀត ហើយសម្ភារៈប្រើប្រាស់ដែលគាត់បានធ្វើលក់ទៅអោយអតិថិជនរួមមាន ផើងធុងសំរាម ផើងដាំដំណាំដាំផ្កា ផើងចិញ្ចឹមត្រី និងតុកៅអីគ្រែជាដើម ចំណែករូបសំណាកសត្វរួមមានដូចជា សត្វក្ងោក ឥន្ទ្រី ខ្លាដំរី ននៀល ក្រពើ ក្តាម ស្ទាំង កុក ត្រី ។ល។ ចំណែកទីផ្សាររបស់គាត់ គឺនៅតាមបណ្តាខេត្តផ្សេងៗ ជាពិសេសគឺរាជធានីភ្នំពេញ ដែលគេបានកុំម៉ង់ទិញតាមបណ្តាញសង្គមហ្វេសប៊ុក និងតាមទូរស័ព្ទ។

ម្ចាស់សិប្បកម្មរូបនេះ បានលើកឡើងទៀតថា ការងារកែច្នៃសំបកកង់រថយន្តនេះ វាបានបង្កផលប៉ះពាល់ដល់សុខភាពខ្លះៗដែរ ដោយសារតែគាត់ត្រូវប្រឈមនឹងក្លិនជ័រសំបកកង់ ពោះវៀនកង់ និងជ័រកាវបិទធ្វើជារូបនោះ ប៉ុន្តែគាត់នៅតែពេញចិត្តក្នុងការធ្វើការងារនេះ ព្រោះវាមិនត្រឹមតែផ្តល់នូវប្រាក់ចំណូលបានច្រើនសំរាប់គ្រួសារគាត់នោះទេ ប៉ុន្តែវាក៏រួមចំណែកជួយដល់សង្គមបានច្រើនផងដែរ ជាពិសេសគឺបរិស្ថានរបស់យើងទាំងអស់គ្នា។ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ