រាជធានីភ្នំពេញ ៖ វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ បានបញ្ជាក់ថា នឹងមិនទទួលសំណើទៅបង្ហាត់ក្រៅប្រទេសឡើយ ដោយអ្នកស្រីផ្ដោតលើការបង្ហាត់ និងចែករំលែកចំណេះដឹងដល់ប្អូនៗជំនាន់ក្រោយ ដែលត្រូវការការបណ្ដុះបណ្ដាលច្រើននៅក្នុងប្រទេសកម្ពុជា។ នេះគឺជាការឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក៤ជំនាន់លើវិញ្ញាសាវាយ យកពិន្ទុដែលធ្វើឡើងក្រោមវត្តមានលោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះ។

ដោយឡែកពាក់ព័ន្ធនឹងការចូលនិវត្តន៍នេះដែរ លោកស្រីបានបញ្ជាក់ជាថ្មីថា ពាក់ព័ន្ធផ្នែកសុខភាពច្រើន ពិសេសបញ្ហាភ្នែក ។ ម្យ៉ាងអ្នកស្រីក៏ចង់ផ្ដល់ឲ្យកីឡាការិនីជំនាន់ក្រោយមានឱកាសពង្រឹងសមត្ថភាពលើវិញ្ញាសាវាយយកពិន្ទុ ហើយអ្នកស្រីក៏នឹងមិនទាន់ទៅណាឆ្ងាយពីវិស័យនេះដែរ ដោយអ្នកស្រីនឹងចូលរួមអភិវឌ្ឍជាមួយសហព័ន្ធ និងគ្រូៗបន្ដទៀត ដើម្បីសម្រាំងរកធនធានបន្ដវេន ក្នុងការដណ្ដើមមេដាយជូនជាតិ។
ក្នុងកម្មវិធីពិសេសខាងលើនេះដែរ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់អ្នកស្រី កែ ឡេង កន្លងមក លោក ស សុខា ប្រធានសហព័ន្ធ ក៏បានប្រកាសផ្ដល់តួនាទីមួយចំនួនដល់អ្នកស្រីផងដែរដូចជា ទី១-តែងតាំងអ្នកស្រីជាទីប្រឹក្សារបស់សហព័ន្ធ ។ ទី២-សហព័ន្ធ នឹងតែងតាំងលោកស្រីជាគ្រូបង្វឹកកម្រិតណាមួយ ដើម្បីចូលរួមអភិវឌ្ឍកីឡាប៉េតង់ ។ ទី៣-តាមរយៈការលើកទឹកចិត្តពិសេសពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី អ្នកស្រីក៏ត្រូវបានតែងតាំង និងតួនាទីជាបន្ដបន្ទាប់ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទផងដែរ ។

លោក ស សុខា បន្ថែមថា លើសពីនេះទៀត អតីតថ្នាក់ដឹកនាំ និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក ក៏តែងលើកសរសើរ និងពោលពាក្យដ៏មានសារៈសំខាន់ជាច្រើនសម្រាប់អ្នកស្រី កែ ឡេង ផង និងប្រទេសកម្ពុជាផងដែរ ។ ជារួម បទពិសោធន៍ និងជោគជ័យទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងដែលវីរកីឡាការិនី កែ ឡេង ខំប្រឹងដើម្បីប្រទេសកម្ពុជា ហើយទោះមានលុយរាប់រយលាន ក៏មិនអាចទិញបានដែរ ៕
ចែករំលែកព័តមាននេះ