ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Facebook វិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធឺណិតដែលនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាង ២០០ពាន់លានដុល្លារនៅទូទាំងពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

ការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ចំនួនជាង ៧០ ពាន់លានដុល្លារសហរដ្ឋ អាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ បើយោង តាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ…

ការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ចំនួនជាង ៧០ ពាន់លានដុល្លារសហរដ្ឋ អាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ បើយោង តាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុន Analysis Mason ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោក ឈានមុខគេមួយ។

មួយភាគធំនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនេះ គឺបានមកពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្ដាញ ខ្សែកាបក្រោមបាតសមុទ្រ បណ្ដាញទូរគមនាគមន៍ edge networks និងបណ្ដាញទំនាក់ទំនង Open Transport Networks សម្រាប់ផ្គត់ផ្គង់បច្ចេកវិទ្យាខ្សែកាបអុបទិក ។ កម្មវិធីទាំងនេះជួយឱ្យគេអាចចែកចាយអ៊ិនធឺណិតដែលមានគុណភាព បានកាន់តែមានប្រសិទ្ធភាព ដូច្នេះក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយ នឹងអាចផ្គត់ផ្គង់សេវាអ៊ិនធឺណិតរបស់ខ្លួនជូនទៅកាន់អតិថិជន បានកាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែតិចជាងមុន ។

បើនិយាយចំពោះប្រទេសកម្ពុជាវិញ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook រួមមានដូចជា caching servers ឫ បណ្ដាញទូរគមនាគមន៍ edge networks ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កម្ពុជាតាមរយៈការអនុញ្ញាតឲ្យ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតក្នុងស្រុក អាចតភ្ជាប់ទៅកាន់មាតិកា Facebook ពីបណ្ដាញផ្គត់ផ្គង់ដែលកាន់តែជិតជាងមុន ។

កត្តានេះនឹងជួយឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក អាចកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញ អ៊ិនធឺណិត ពីក្រៅប្រទេស ការចំណាយលើបណ្ដាញឆ្លងកាត់ ជួយឱ្យអ្នកប្រើប្រាស់អាចប្រើអ៊ិនធឺណិតបាន កាន់តែមានលំនឹង និងជួយឱ្យមានអ្នកប្រើអ៊ិនធឺណិតកាន់តែច្រើនឡើង ។

របាយការណ៍ដដែលបានព្យាករណ៍ថា បើគិតចាប់ពីឆ្នាំ ២០២០ រហូតដល់ ឆ្នាំ ២០២៤ កម្ពុជានឹងទទួលបាន អត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០ លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងផលិតផលសរុបក្នុងស្រុក (GDP) របស់ខ្លួន ពីគម្រោងបណ្ដាញទូរគមនាគមន៍ edge network របស់ក្រុមហ៊ុន Facebook ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុងស្វែងរកគម្រោងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យអ៊ិនធឺណិតនៅកម្ពុជា ពីព្រោះក្រុមហ៊ុននឹងបន្តប្ដេជ្ញា នាំយកសេវាអ៊ិនធឺណិតដែលកាន់តែលឿនជាងមុន មកជូនប្រជាពលរដ្ឋបានប្រើប្រាស់ កាន់តែច្រើននាក់ ។

ខ្សែកាបក្រោមបាតសមុទ្រ

ការវិនិយោគរបស់ក្រុមហ៊ុន Facebook លើគម្រោងខ្សែកាបក្រោមបាតសមុទ្រ នឹងជួយពង្រីកទំហំនៃការផ្គត់ផ្គង់ អ៊ិនធឺណិតអន្តរជាតិ កាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនផ្គត់ផ្គងអ៊ិនធឺណិត និងបង្កើនចំនួនអ្នកប្រើអ៊ិនធឺណិត ។

បើនិយាយចំពោះតំបនអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Facebook បានវិនិយោគទៅលើបណ្ដាញខ្សែកាប APG cable និង បណ្ដាញខ្សែកាប Southeast Asia Japan Cable 2 និងបណ្ដាញខ្សែកាប trans-Pacific cable ឆ្លងកាត់ មហាសមុទ្រប៉ាស៊ីហ្វិក ដែលគ្រោងធ្វើក្នុងរយៈពេល ពីរ បី ឆ្នាំខាងមុខ។

បណ្តាញទូរគមនាគមន៍ Edge Networks

ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ edge network របស់ក្រុមហ៊ុន Facebook ដែលរួមមានទីតាំងកំណត់ប្រព័ន្ធ ចេញ-ចូលបណ្ដាញអ៊ិនធឺណិត (Points of Presence) និងកន្លែងរក្សាទុកទិន្នន័យផ្ទាល់ នឹងជួយចូលរួមគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់អ៊ិនធឺណិតអាចចូលទៅកាន់មាតិកា Facebook ពីទីតាំងដែលកាន់តែជិតនឹងបណ្ដាញរបស់ពួកគេ។ គម្រោងនេះកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញ អ៊ិនធឺណិតពីក្រៅប្រទេស និងការចំណាយលើបណ្ដាញឆ្លងកាត់ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ិនធឺណិតក្នុងស្រុក និងផ្ដល់បទពិសោធន៍កាន់តែប្រសើរឡើងដល់ប្រជាពលរដ្ឋ ។

របាយការណ៍នេះក៏បានឲ្យដឹងដែរថា ការវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្តាញទូរគមនាគមន៍ edge network គួបផ្សំនិងបណ្ដាញផ្គត់ផ្គង់ពីអន្តរជាតិ នឹងធ្វើឱ្យការប្រើប្រាស់អ៊ិនធឺណិតកើនឡើង ៩ ភាគរយ នៅតាមបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។

បណ្ដាញទំនាក់ទំនង Open Transport Networks

ក្រុមហ៊ុន Facebook ក៏វិនិយោគលើបណ្តាញទំនាក់ទំនង Open Transport Networks (OTNx) ដែលមានបំពាក់ទៅដោយប្រព័ន្ធខ្សែកាបអុបទិកសម្រាប់ការចែកចាយបន្តពីបណ្ដាញកណ្ដាល (backhaul) សម្រាប់ប្រតិបត្តិករចែកចាយបណ្ដាញបន្ត ។ គម្រោង OTNx ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបង្កើន គុណភាពសេវាអ៊ិនធឺណិត បន្ថយតម្លៃសេវាអ៊ិនធឺណិតឱ្យកាន់តែសមរម្យ និងអនុញ្ញតឲ្យប្រជាពលរដ្ឋកាន់តែច្រើន មានលទ្ធភាពប្រើអ៊ិនធឺណិតបាន ។

ក្រុមហ៊ុន Facebook កំពុងប្រើប្រាស់បច្ចេកវិទ្យាខ្សែកាបអុបទិក តាមរយៈបណ្តាញទំនាក់ទំនង OTNx ក្នុងប្រទេស ឥណ្ឌូនេស៊ី ប្រទេសអ៊ុយហ្គង់ដា ប្រទេសនីហ្សេរីយ៉ា និងប្រទេសអាហ្វ្រិកខាងត្បូង។ នៅឥណ្ឌូនេស៊ី គេរំពឹងថា បណ្តាញទំនាក់ទំនង OTNx ជួយឲ្យប្រជាពលរដ្ឋចំនួន ៩ សែននាក់ អាចប្រើប្រាស់អ៊ិនធឺណិតនិង ផ្ដល់ចំនូលដល់សេដ្ឋកិច្ចជាតិឥណ្ឌូនេស៊ី ចំនួនជាង ៦ ពាន់លានដុល្លារ ពីចន្លោះឆ្នាំ ២០២០ និង ឆ្នាំ២០២៤ ។

លោក Robert Pepper ប្រធានផ្នែកគោលនយោបាយ និងគ្រប់គ្រងបណ្ដាញទំនាក់ទំនងជាសកល ក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា៖ «ប្រព័ន្ធអ៊ិនធឺណិតដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ គឺកាន់តែមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងសម្របខ្លួនទៅនឹងរបៀបរស់នៅបែបថ្មី នាអំឡុងពេលដែលមានការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ នេះ ។ ការបំពេញនូវចន្លោះខ្វះខាតនៃប្រព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដើម្បីធានាឲ្យបានថា ប្រជាពលរដ្ឋទាំងឡាយ ទទួលបានព័ត៌មាន ការអប់រំ និងការថែទាំសុខភាព។»

លោក Pepper ក៏បានឲ្យដឹងទៀតថា៖ «នាអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Facebook បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងភាពជាដៃគូជាច្រើន ដើម្បីដោះស្រាយឧបសគ្គមួយចំនួនដែលរារាំងដល់ ការពង្រីកបណ្ដាញអ៊ិនធឺណិត ។ កាលពីពេលថ្មីៗនេះ យើងបានរៀបចំរបាយការណ៍ចំនួន ៣ ដើម្បីសិក្សាអំពី អត្ថប្រយោជន៍សេដ្ឋកិច្ច ដែលកើតចេញពីគម្រោងវិនិយោគរបស់យើង នៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិក តំបន់អាស៊ីអាគ្នេយ៍ និង តំបន់អាមេរិកឡាទីន ។ របាយការណ៍ទាំងនេះបានរកឃើញថា គម្រោងរបស់ពួកយើង នឹងផ្ដល់ចំណូលសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងតំបន់ទាំងអស់នោះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បើគិតជារួម។ »

របាយការណ៍នេះ ក៏បានចែកជូនដៃគូពាក់ព័ន្ធរបស់ក្រុមហ៊ុន Facebook ក្នុងប្រទេសកម្ពុជាផងដែរ ដែលរួមមានទាំងស្ថាប័នក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ ស្ថានទូតផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ