ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2022 កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​ល្បុក្កតោ Pre-SEA Games

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់​ថា CAMSOC និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ផង​ដែរ​នោះ…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់​ថា CAMSOC និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ប្រភេទ​កីឡា​គុន​ល្បុក្កតោ​មានការ​ងារ​ច្រើន​ណាស់​ដែល​ត្រូវធ្វើ​បន្ត​ទៀត ពីព្រោះ​គុន​ល្បុក្កតោ គឺជា​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិ​ទាំងមូល​។

លោក វ៉ា​ត់ ចំរើន ថ្លែង​ថា ក្នុង​ការ​ដាក់​ប្រភេទ​កីឡា​ប្រពៃណី​ជាតិ​កម្ពុជា​ក្នុង​ស៊ី​ហ្គេ​ម​២០២៣​នេះ មានការ​លំបាក​បន្តិច ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ប្រទេស​មួយ​ចំនួន​ហ្វឹក​ហាត់គុន​ល្បុក្កតោ ទើប​យើង​អាច​រៀប​ចំការ​ប្រកួត​បាន ។ យើង​ត្រូវ​ទៅ​បង្រៀន​គេ​អំពី​ច្បាប់ បទបញ្ជា​នៃ​ការ​ប្រកួត ដើម្បី​ឲ្យ​គេ​ចេះ​ពី​បច្ចេកទេស​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​យើង ។ ចាប់ពី​ពេល​នេះ​តទៅ យើង​ត្រូវ​ត្រៀម​រៀបចំ​បទបញ្ជា​ការ​ប្រកួត​ក្នុង​កម្រិត​អន្តរជាតិ ដោយ​ពិនិត្យ​លើ​គោលការណ៍​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយ​ចំនួន​របស់​អន្តរជាតិ ក៏​ដូច​ជា​គោលការណ៍ នៃ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​។

លោក​អគ្គ​លេខា CAMSOC បន្ត​ថា នៅ​ឆ្នាំ​២០២២ កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត Pre-SEA Games (​មុន​ការ​ប្រកួត​ផ្លូវការ​)​។ ឲ្យ​តែ​ប្រភេទ​កីឡា​ថ្មី ត្រូវ​រៀបចំ​ការ​ប្រកួត Pre-SEA Games​ដែល​នេះ​ជា​គោលការណ៍​របស់​ស៊ី​ហ្គេ​ម ។

អ្វី​ដែល​ជា​កង្វល់​របស់​យើង​បច្ចុប្បន្ន គឺ​គុណភាព​កីឡាករ កីឡាការិនី​របស់​យើង ដែល​យើង​គឺជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ក្បាច់គុន គឺ​យើង​ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ឆន្ទៈ​មោះមុត ជា​ពិសេស​គឺ​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​សម្រួច​គោលដៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។

លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​ការ​ស្នើ​សុំ​ការ​ឧបត្ថម្ភ​លើ​ការ​រៀបចំ​កិច្ចប្រជុំ​ក្នុង​កម្រិត​អាស៊ី​អាគ្នេយ៍ ដើម្បី​រៀនសូត្រ​ពី​គ្នា​ផង ការ​ប្រកួតប្រជែង និង​ផ្សព្វផ្សាយ​ផង ពី​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា​យើង​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ដែល​ទទួលយក​ការ​ហ្វឹក​ហាត់គុន​ល្បុក្កតោ ដូច​ជា​ប្រទេស​វៀតណាម ហ្វី​លី​ពី​ន ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា​ជាដើម ដែល​យល់ព្រម​ជួយ​ដល់​គុន​ល្បុក្កតោ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។

សូម​បញ្ជាក់​ថា ជា​ចក្ខុវិស័យ និង​គោលការណ៍​រួម​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា គឺ​រួម​គ្នា​អភិរក្ស និង​អភិវឌ្ឍ​គុន​ល្បុក្កតោ ដែល​ជា​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ វប្បធម៌​ជាតិ ព្រលឹង​ជាតិ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​ច័ន្ទ សា​រុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​និង​ទិស​ដៅ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២០ ។

លោក​បាន​ស្នើ​សុំ​ការ​យោគយល់​ពី​ព្រឹទ្ធាចារ្យ និង​លោកគ្រូ អ្នកគ្រូ សិស្ស​គុន​ល្បុក្កតោ​ទាំងអស់ ឲ្យ​យក​ស្មារតី​ជាតិ ស្មារតី​ព្រលឹង​ដូនតា​មក​តម្កល់​ឲ្យ​ខ្ពស់ បង្រួបបង្រួម​គ្រួសារ​គុន​ល្បុក្កតោ​ឲ្យ​មានការ​ឯកភាព​ជា​ធ្លុង​មួយ​ក្នុង​ការ​ពង្រឹងស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​ជោគជ័យ នៃ​គុន​ល្បុក្កតោ ក្នុង​ដំណើរ​ឆ្ពោះទៅ SEA Games ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ