ប្រទេសអង់គ្លេស ៖ អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បាននិយាយថា ក្រុមរបស់លោកត្រូវតែរៀនសូត្រ បន្ទាប់ពីក្តីសង្ឃឹមក្នុងការបង្កើតបំបែកកំណត់ត្រាពិន្ទុក្នុងក្របខណ្ឌ Premier League របស់ក្រុមម្ចាស់ជើងឯកលីគរដូវកាលនេះ បានបញ្ចប់ក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Arsenal ដោយលទ្ធផល ២-១។

ក្រុមរបស់លោក Jurgen Klopp ត្រូវការឈ្នះរាល់ការប្រកួត ដែលនៅសល់របស់ពួកគេទាំងអស់ ចាប់តាំងពីក្លាយជាម្ចាស់ជើងឯកលីគកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅ។ ដើម្បីបំបែកកំណត់ត្រាពិន្ទុសរុប ១០០ពិន្ទុ ដែលកាន់កាប់ដោយក្រុមម្ចាស់ជើងឯក Manchester City កាលពី ២រដូវកាលមុន។ ខណៈបច្ចុប្បន្ន Liverpool មាន ៩៣ពិន្ទុ ហើយនៅសល់ ២ប្រកួតទៀតត្រូវលេងបញ្ចប់រដូវកាលនេះ។

Klopp បាននិយាយក្រោយចប់ការប្រកួតថា «យើងត្រូវរៀនសូត្រពីវា។ ខ្ញុំមិនអាចធ្វើរឿងអវិជ្ជមានពីអ្វីមួយ ដែលវិជ្ជមាននោះទេ។ យើងទទួលបានពិន្ទុដែលយើងសមនឹងទទួល ។ ហើយកូនក្រុមទាំងអស់បានលេងនៅរដូវកាលដ៏អស្ចារ្យ។ គ្មាននរណាម្នាក់អាចយកវាចេញពីពួកគេបានទេ»។

ជ័យជម្នះសម្រាប់ក្រុម Arsenal បានធ្វើឱ្យពួកគេបន្តឈរនៅចំណាត់ថ្នាក់លេខ៩ តាមពីក្រោយក្រុម Sheffield United ដែលត្រូវធ្វើការប្រកួតរាត្រីនេះ ចំនួន ១ពិន្ទុ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ