ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា ការ​ប្រកាស​ឈប់​ប្រដាល់​​ជា​ថ្មី​របស់ ​វង្ស ណ​យ ជា​ឆាកល្ខោន​ តើ​ពិត​​ទេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ថ្ងៃនេះ កីឡាករ​ប្រដាល់​ល្បីឈ្មោះ លោក វង្ស ណ​យ បាន​​ប្រកាស​ដដែល​ជា​ដដែល​ថា លោក​នឹង​សម្រេចចិត្ត​លាឈប់​ពី​អាជីព​អ្នក​ប្រដាល់​ហើយ ក្រោយ​ទ្រាំទ្រ​នឹង​ការ​ជេរ​ប្រមាថ​របស់​អ្នក​រិះគន់​មួយ​ចំនួន​តូច​មិន​បាន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ថ្ងៃនេះ កីឡាករ​ប្រដាល់​ល្បីឈ្មោះ លោក វង្ស ណ​យ បាន​​ប្រកាស​ដដែល​ជា​ដដែល​ថា លោក​នឹង​សម្រេចចិត្ត​លាឈប់​ពី​អាជីព​អ្នក​ប្រដាល់​ហើយ ក្រោយ​ទ្រាំទ្រ​នឹង​ការ​ជេរ​ប្រមាថ​របស់​អ្នក​រិះគន់​មួយ​ចំនួន​តូច​មិន​បាន ទោះបី​លោក​មានចិត្ត​អាឡោះអាល័យ​ចង់​បន្ដ​អាជីព​ឈឺ​សាច់​នេះ​ទៀត​ក៏​ដោយ ។ យ៉ាងណា​ក៏​ដោយ ជំហរ​លាឈប់​របស់​លោក ត្រូវ​បាន​គេ​គិត​ថា​គឺ​គ្រាន់តែ​ជា​ការ​ប្រកាស​ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍​តែ​ប៉ុណ្ណោះ ដោយសារ​តែ​លោក​ប្រកាស​បែប​នេះ​ច្រើន​លើក​មក​ហើយ​តែ​មិន​ដែល​បោះបង់​ការ​ប្រដាល់​ដូច​ការ​ប្រកាស​ទាល់តែ​សោះ​។

ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក វង្ស ណ​យ ថា លោក​ពិតជា​សម្រេចចិត្ត​លាឈប់​ពី​អាជីព​អ្នក​ប្រដាល់​ប្រាកដ​មែន ដោយ​លោក​លើក​ហេតុផល​ថា ដោយសារ​បញ្ហា​ការ​គាំទ្រ​នា​ពេល​ចុង​ក្រោយ​នៅ​មាន​កម្រិត និង​ទី​២ គឺ​ដោយសារ​តែ​ជ្រក់ជ្រេញ​នឹង​ការ​ជេរ​ប្រមាថ​ធ្វើ​ឲ្យ​លោក​បាក់​ទឹកចិត្ត​មិន​អាច​ប្រកប​អាជីព​មួយ​នេះ​បាន​បន្ដ​ទៀត ។

អ្នកលេង​គុន​ខ្មែរ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​ពន្យល់​ថា ការ​សម្រេចចិត្ត​របស់​លោក​គឺជា​រឿង​ច្បាស់​លាស់ ដោយសារ​តែ​លោក​គិត​ថា ការ​គាំទ្រ​គុន​ខ្មែរ​នៅ​មាន​កម្រិត គាំទ្រ​តែ​មាត់ អត់​គាំទ្រ​បែប​ជួយ​ទី​១ ហើយ​ទី​២​ពេល​លោក​វ៉ៃ​ឈ្នះ​អត់​បាន​អី​មក​វិញ​ទេ​បាន​តែ​តម្លៃ តែ​ដល់​ពេល​វ៉ៃ​ចាញ់ គឺ​រង​នូវ​ការ​ជេរ​ប្រមាថ ដែល​លោក​យល់​ថា តើ​មាន​ហេតុផល​អ្វី​ដែល​លោក​ត្រូវ​តស៊ូ​ទៀត ។ លោក​និយាយ​ថា បើ​លោក​តស៊ូ​ទៅ​មុខ ក៏​មិន​បាន​ល្អ​ជាង​ហ្នឹង​នោះ​ដែរ ទើប​លោក​យល់​ថា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ចាកចេញ ។ លោក​ថា ដំបូង​ឡើយ ចិត្ត​ចង់​វ៉ៃ​ទៀត​ដែរ តែ​ដោយ​តូចចិត្ត​នឹង​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ជាន់ពន្លិច​ធ្វើ​ឱ្យ​លោក​បាក់ទឹកចិត្ត អស់រលីង ។ លោក​និយាយ​ថា វ៉ៃ​ឈ្នះ​គេ​ថា​យើង​ឈ្នះ​ដោយសារ​ប៉ះ​អ្នក​អន់ ដល់​យើង​វ៉ៃ​ឈ្នះ​អ្នក​ខ្លាំង​ថា​យើង​សំណាង និយាយ​ទៅ​សម្រាប់​ប្រជាជន​មួយ​ភាគ​តូច គាត់​ចាំតែ​តែ​ជេរ​។

កីឡាករ​មាន​ប្រវត្ដិ​ឡើង​សង្វៀន​រាប់រយ​ដង​នេះ​បាន​បង្ហើប​ថា ទោះ​លាឈប់​ពី​អាជីព​កីឡាករ​មែន តែ​ខ្លួន​ក៏​មិន​ទាន់​សម្រេចចិត្ត​ថា ត្រូវ​ឈប់​ពាក់ព័ន្ធ​នឹង​វិស័យ​មួយ​នេះ​ដែរ ពោល​គឺ​លោក​នឹង​ពិចារណា ប្រសិនបើ​មានការ​ផ្ដល់​ឱកាស​ឲ្យ​លោក​ធ្វើ​ជាម​ន្ដ្រី​បច្ចេកទេស​ក្នុង​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​ខ្មែរ​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​អនាគត​កូន​ៗ​លើ​វិ​ថី​ប្រដាល់​គុន​ខ្មែរ​វិញ លោក​បាន​សង្កត់ធ្ងន់​ថា អាស្រ័យ​​ទៅ​លើ​ភាព​ជាក់ស្ដែង បើសិន​ថ្ងៃក្រោយ​ទៅ​កីឡាករ​រីក​ចម្រើន អ្នក​រិះគន់​គាត់​មានការ​យល់​ដឹង​ច្រើន បាន​លុយ​ច្រើន​កាន់តែ​សប្បាយចិត្ត តែបើ​បាន​លុយ​តិច លោក​អត់​ទេ អត់​ឲ្យ​កូន​ឈឺ​សាច់​ដូច​លោក​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ វង្ស ណ​យ បាន​ប្រកាស​លាឈប់​ពី​អាជីព​គុន​ខ្មែរ​នេះ នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក ដោយ​លោក​សរសេរ​ថា «​ខ្ញុំ​វ៉ៃ​យូរណាស់​ហើយ ល្បី​តែ​ឈ្មោះ គ្មាន​សល់​អី​ទេ ពេល​នេះ​ខ្ញុំ​អស់កម្លាំង​វ៉ៃ​ទៀត​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​ឈប់​វ៉ៃ​នៅ​ពេល​នេះ ព្រោះ​ខ្លាច​ពិការ ខាន​បាន​រកស៊ី​ចិញ្ចឹម​កូន​។ បើ​ខ្ញុំ​ពិការ​ទៅ​គ្មាន​អ្នក​ណា​ចិញ្ចឹម​កូន​ខ្ញុំ​ទេ​»​។

កីឡាករ​ពូកែ​វាយ​កែង​នេះ បាន​ចូល​ប្រឡូក​អាជីព​ប្រដាល់​គុន​ខ្មែរ​ដំបូង​នៅ​ឆ្នាំ​២០០៣ បន្ទាប់​មក​លោក​បាន​សាង​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​កីឡាករ​បរទេស​ជា​បន្ដបន្ទាប់ ក្រោយ​ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​កម្រិត A នៅ​កម្ពុជា​។

ហើយ​ដៃគូ​ក្នុងស្រុក​ដែល​អ្នកគាំទ្រ​ចង​ចាំ​មិន​ភ្លេច​ពេល​ប៉ះ វង្ស ណ​យ មាន​ដូច​ជា កែវ រំ​ចង់​, ឡុ​ង សុ​ភី និង​អតីត​កីឡាករ ឡៅ ស៊ី​ណាត ជាដើម ។ បច្ចុប្បន្ន មុន​ប្រកាស​ឈប់​ឡើង​សង្វៀន លោក​ក៏​មាន​របរ​លក់​ម្ហូប​តាម Online ដើម្បី​ទ្រទ្រង់​ជីវភាព​ផង​ដែរ ។ យ៉ាងណា​ការ​ប្រកាស​លាឈប់​របស់​លោក​មិន​ត្រូវ​បាន​អ្នកគាំទ្រ​ទុកចិត្ត​នោះ​ទេ ខណៈ​ដែល​លោក​មិន​មាន​លំនឹង​ការងារ​ណា​មួយ​ច្បាស់លាស់​ជំនួស​ឱ្យ​ការ​ប្រដាល់​នា​ពេល​នេះ ។

ម្នាក់​ៗ​យល់​ថា វា​គឺជា​រឿង​សាំ​ហើយ ដោយសារ​តែ​លោក​ប្រកាស​បាន​តែ​ប្រកាស ប៉ុន្តែ​នៅ​ពេល​មហាជន​ចាប់អារម្មណ៍ ហើយ​មានការ​ស្នើ​ឱ្យ​ឡើង​ប្រកួត ក៏​ឃើញ​មុខ​ឡើង​រេញ​ដដែល​ជា​ដដែល ដែល​ពិបាក​ជឿ​ថា តើ​ការ​ប្រកាស​លើក​នេះ​អាច​ទុកចិត្ត​បាន​ឬ​យ៉ាងណា ។ យ៉ាងណាមិញ វង្ស ណ​យ ក៏​មិន​ទាន់​ទុកចិត្ត​ពី​ជំហរ​របស់​ខ្លួន​នោះ​ដែរ បើ​ផ្អែក​តាម​សម្ដី​មិត្តភក្តិ ដែល​បាន​សួរនាំ​ក្រោយ​​ការ​ប្រកាស​របស់​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ