រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍PNNមិនអនុញ្ញាតឱ្យអ្នកប្រដាល់ឡើងប្រកួតរបៀបប្រឡែងគ្នាលេងលើសង្វៀនរបស់ខ្លួនជាដាច់ខាត ។ នេះបើតាមការលើកឡើងរបស់លោក សំណព្វ អ្នកគ្រប់គ្រងកម្មវិធីប្រកួតប្រដាល់ប្រចាំស្ថានីយទូរទស្សន៍PNNតាមរយៈសន្និសីទសារព័ត៌មានមួយមុនពេលបើកការប្រកួតប្រដាល់អធិរាជគុនខ្មែរISI PALM-ISI PIPEរដូវកាលថ្មីទី៣ កាលពីថ្ងៃទី១២កក្កដា។
នៅក្នុងសន្និសីទសារព័ត៌មាននោះមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ម៉ិល កាដូ អគ្គនាយករងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រុមហ៊ុនISI PALM-ISI PIPE។
សម្រាប់ការប្រកួតនៅក្នុងរដូវកាលទី៣ ដែលនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង១២ថ្ងៃត្រង់នៅស្ថានីយទូរទស្សន៍PNNក្នុងសង្កាត់ព្រែកតាសេក គឺជាការប្រកួតដណ្ដើមប្រាក់លានក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ កីឡាករ៤រូបឡើងប្រកួតបើកឆាកថ្ងៃដំបូងមានកីឡាករ ពុទ្ធ ម៉ាណូយ កីឡាករ រឿង សារិទ្ធ កីឡាករ អេលីត កែវឡុង និងកីឡាករ លន់ សៀកឡេង រួមទាំងគូពិសេសចំនួន៣គូផ្សេងទៀត ។ ចំពោះអ្នកឈ្នះជាម្ចាស់ជើងឯកម៉ារ៉ាតុងទទួលបានប្រាក់រង្វាន់ចំនួន២លានរៀល មេដាយមាស១គ្រឿង រីឯជើងឯករងទទួលបាន១លានរៀល មេដាយប្រាក់១គ្រឿង។
ទន្ទឹមគ្នានេះដែរ PNNនិងISI STEEL រៀបចំកម្មវិធីប្រកួតប្រដាល់ដ៏កក្រើកនេះឡើងដើម្បីជាប្រយោជន៍ដល់ការអភិរក្សនិងអភិវឌ្ឍន៍ក្បាច់គុនបូរាណខ្មែរ ជាពិសេសការជួយកសាងធនធាននិងសមត្ថភាពកីឡាករកម្ពុជាសម្រាប់ប្រជែងយកមេដាយលើឆាកអន្តជាតិនិងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ ដូច្នេះPNNក៏ត្រូវតែយកចិត្តទុកដាក់និងមិនអនុញ្ញាតឱ្យការប្រកួតនៅលើសង្វៀនរបស់ខ្លួនក្លាយជាវេទិការរិះគន់ពីមហាជនជាដាច់ខាត។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បានមានប្រសាសន៍ថា ដើម្បីចៀសវាងឱ្យបានរាល់ការរិះគន់និងវាយប្រហាររបស់មហាជនដែលជាអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ កីឡាករទាំងអស់ត្រូវតែប្រកួតឱ្យអស់ពីសមត្ថភាព។
ចំណែកគណៈកម្មការបច្ចេកទេសដែលមានចៅក្រម អាជ្ញាកណ្ដាល ត្រូវមានការទទួលខុសត្រូវខ្ពស់ ទាំងវិន័យ សីលធម៌ យុត្តិធម៌ដោយការកាត់ក្ដីត្រូវឱ្យមានភាពសុក្រឹតបំផុត។
គួររំលឹកផងដែរថា សម្រាប់យុទ្ធនាការនៃការប្រកួតដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPEរដូវកាលទី១ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមកន្លងមក ម្ចាស់ជើងឯកបានទៅលើកីឡាករ ឡៅ ចិត្រា ដោយទទួលបានប្រាក់រង្វាន់៤០លានរៀល ។ រីឯរដូវកាលទី២បានទៅលើកីឡាករ អេលីត ចំរើន ជាម្ចាស់ជើងឯកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អមជាមួយប្រាក់រង្វាន់៤០លានរៀលនិងខ្សែក្រវាត់មាស១ផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ