ការទិញទំនិញមានទំនាក់ទំនងច្រើនណាស់ជាមួយចិត្តសាស្ត្ររបស់មនុស្ស ហើយមនុស្សម្នាក់ៗតែងតែមានកត្តាចិត្តសាស្ត្រដែលជំរុញឲ្យពួកគេរមាស់ដៃចាយវាយ ។ ការយល់ដឹងពីកត្តាទាំងនេះអាចជួយឲ្យមនុស្សចៀសវាងធ្លាក់ខ្លួនចាញ់បោកវាទៀត និងចៀសវាងការចាយវាយខ្ជះខ្ជាយលើរបស់ដែលមិនត្រូវការចាំបាច់ ។ កត្តាចិត្តសាស្ត្រដែលជំរុញឲ្យមនុស្សចាយវាយខ្ជះខ្ជាយមានដូចខាងក្រោមនេះ ៖

១. អារម្មណ៍សប្បាយចិត្ត
ការស្រាវជ្រាវជាច្រើនបានប្រទះឃើញថា មនុស្សមួយចំនួនមានអារម្មណ៍ល្អជាងមុនបន្ទាប់ពីបានចាយវាយលុយលើអ្វីមួយហើយ ។ នេះជាមូលហេតុដែលមនុស្សមួយចំនួនចូលចិត្តទិញទំនិញទោះជាពួកគេមិនត្រូវការវាចាំបាច់ពិតមែនក្តី ។
រាល់ពេលដែលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត អ្នកគួរតែរកសកម្មភាពដទៃទៀតដែលជួយឲ្យអ្នកសប្បាយចិត្ត ដូចជាចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ ធ្វើលំហាត់ប្រាណ ឬអានសៀវភៅជាដើម ។
២. ការប្រកួតប្រជែង
មនុស្សជាច្រើនអនុញ្ញាតឲ្យការប្រកួតប្រជែងជាមួយអ្នកដទៃជំរុញឲ្យពួកគេទិញរបស់ដែលពួកគេមិនមានសមត្ថភាពទិញផង ជាពិសេសប្រសិនបើអ្នកដទៃនោះជាសមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកជិតខាងដែលមានរបស់ជាងខ្លួនជាដើម ។
អ្នកត្រូវចងចាំថា ការទិញទំនិញមិនមែនជាហ្គេមទេ ហើយវាគ្មានអ្នកឈ្នះ ឬអ្នកចាញ់ឡើយ ។ ផ្ទុយមកវិញ អ្នកដែលជោគជ័យជាងគេប្រហែលជាមនុស្សដែលទិញតែអ្វីដែលពួកគេត្រូវការ ។
៣. ការចង់សន្សំលុយ
ខួរក្បាលរបស់មនុស្សឆ្លើយតបយ៉ាងចម្លែកពេលដែលមើលឃើញការលក់បញ្ចុះតម្លៃ ។ ឧទាហរណ៍ពេលដែលមើលឃើញផ្លាកសរសេរថាបញ្ចុះតម្លៃ ៥០% ខួរក្បាលគិតតែពីការសន្សំ ៥០% ទេ និងមិនគិតពីការចាយ ៥០% ទៀតឡើយ ។ ប៉ុន្តែវាគ្រាន់តែជាល្បិចមួយក្នុងចំណោមល្បិចជាច្រើនដែលព្យា យាមបោកប្រាស់អ្នកទិញឲ្យទិញផលិតផលរបស់ពួកគេឲ្យបានច្រើនប៉ុណ្ណោះ ។
អ្នកត្រូវដឹងថា អ្នកមិនអាចសន្សំលុយបានទេប្រសិនបើអ្នកកំពុងតែចាយវាយ ។ ជាក់ស្តែង ការលក់បញ្ចុះតម្លៃអាចជួយឲ្យអ្នកចាយវាយតិចជាងមុនពិតមែនដើម្បីទទួលបានអ្វីដែលអ្នកចង់បាន តែវាមិនអាចជួយឲ្យអ្នកសន្សំលុយបានទេ ៕
ចែករំលែកព័តមាននេះ