រាជធានីភ្នំពេញ ៖ មិនត្រឹមតែមានបញ្ហារកលុយមិនសូវបានក្នុងអាជីពជាកីឡាករប្រដាល់ប៉ុណ្ណោះទេ ក្នុងអំឡុងកូវីដ-១៩កំពុងវាយលុកខ្លាំង ដែលបណ្ដាលឱ្យសកម្មភាពសេដ្ឋកិច្ចមួយចំនួនត្រូវជាប់គាំងហើយសកម្មភាពប្រដាល់ក៏ត្រូវផ្អាក និងកាត់បន្ថយ ធ្វើឱ្យកីឡាករ និងគណៈកម្មការប្រដាល់ដែលរស់នឹងមុខរបរនេះចង់ដាច់បាយ ។ ក្នុងស្ថានភាពដែលរកលុយមិនបាននេះ កីឡាករមួយចំនួនក៏ជួបរឿងស៊យដូចជាម្ដាយស្លាប់ អ្នកខ្លះជួបគ្រោះថ្នាក់ចរាចរណ៍រងរបួស និងត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអធមផងដែរ។
កាលពីព្រឹកថ្ងៃទី២៣ កក្កដា ឆ្នាំ២០២០ លោក អេ ភូថង ដែលត្រូវគេស្គាល់ថាគឺជាគ្រូបង្វឹក និងជាអតីតកីឡាករល្បីឈ្មោះ មានទុក្ខជាទម្ងន់ព្រោះតែម្ដាយរបស់លោកទទួលមរណភាព ។ អ្វីដែលគួរកត់សម្គាល់ គឺម្ដាយរបស់លោកលាចាកក្នុងពេលលោកខ្វះខាតលទ្ធភាពរកលុយស្ទើរតែមិនបានធ្វើបុណ្យឱ្យម្ដាយនោះផង ។ បើកុំតែបានញាតិមិត្ត និង អ្នករាប់អានលោកជាច្រើន ជួយផ្ដល់ថវិកាឱ្យធ្វើបុណ្យ គឺអាចនឹងពិបាកសម្រាប់ស្ថានភាពនៅក្នុងពេលនោះ ។

លោក អូត ភូថង ដែលជាប្អូនប្រុសរបស់លោករឹតតែមានបញ្ហាទៅទៀត ។ ក្នុងពេលធ្វើបុណ្យសពម្ដាយនោះ លោកបានប្រកាសនៅលើហ្វេសប៊ុកថា ជំងឺកូវីដ-១៩ពិតជាធ្វើឱ្យលោកចង់ឆ្កួត ដោយសារតែរកលុយសម្រាប់ចិញ្ចឹមប្រពន្ធកូនស្ទើរមិនគ្រប់ផង ស្រាប់តែត្រូវបាត់បង់ម្ដាយ ដែលធ្វើឱ្យលោកចង់យំក៏យំមិនចេញ ព្រោះតែខ្វះខាតលុយ ។

លោកអះអាងថា រយៈពេលប៉ុន្មានខែនេះ លោកប្រឈមនឹងបញ្ហារឿងលុយកាក់ណាស់ ខណៈដែលលោកក៏ត្រូវរ៉ាប់រងបំណុលមួយចំនួនក្នុងការដោះស្រាយវិបត្តិផ្សេងៗផង ។ លោកថា លោក អេ ភូថង ជាបងប្រុស បើទោះជាមានបញ្ហាលុយកាក់ ក៏មានសប្បុរសជន និងអាចរកនេះនោះគ្រាន់បានទប់ៗ ប៉ុន្តែសម្រាប់រូបលោកបើអត់គឺអត់តែម្ដង គឺរកកល់នឹងឆ្កួតម្ដងៗ។ អ៊ីចឹងហើយទើបពេលម្ដាយស្លាប់ ហាក់ធ្វើឱ្យលោកកាន់តែស្មុគចិត្តព្រោះតែស្ថិតក្នុងស្ថានភាពស្ទើរដាច់លុយ។

កាលពីអំឡុងពាក់កណ្ដាលខែមិថុនា កីឡាករវ័យក្មេង ឡុង ប៊ុនសំណាង មានបញ្ហាបាក់ខ្ទងច្រមុះដោយសារឡើងប្រដាល់ហើយគ្មានលទ្ធភាពព្យាបាល ។ លោកមិនត្រឹមតែមានបញ្ហាខ្លួនឯងបណ្ដាលឱ្យបាត់ឱកាសឡើងរេញរកលុយប៉ុណ្ណោះទេ គឺសូម្បីតែម្ដាយរបស់លោកក៏ធ្លាក់ខ្លួនឈឺជាទម្ងន់ ព្រោះតែគ្មានលុយចូលពេទ្យផងដែរ ។ លោកត្រូវគេឃើញមានសប្បុរសជនបរិច្ចាគជួយ បន្ទាប់ពីតារាសម្ដែង លោក ស្រេន វុធថា ប្រកាសអំពាវនាវស្វែងរកជំនួយឱ្យ ។ លោកមានឱកាសបានជួយម្ដាយ និងជួយខ្លួនឯងពីរបួសបាក់ខ្ទង់ច្រមុះនាពេលនោះ ដោយសារតែកម្លាំងសប្បុរសជន។

នៅអំឡុងខែមិថុនានោះ កីឡាករមិនសូវល្បីម្នាក់ ក៏ត្រូវភ្លើងឆេះស្លាប់ ព្រោះតែលោកមានគ្រោះថ្នាក់ចរាចរណ៍អត់មានលុយព្យាបាល បណ្ដាលឱ្យមានជំងឺរ៉ាំរ៉ៃរត់ចេញពីភ្លើងមិនផុតផងដែរ។

កីឡាករ ឡុង សុវណ្ណឌឿន ឯណោះវិញក៏បានប្រកាសឱ្យដឹងពីទុក្ខសោករបស់ខ្លួនក្នុងអំឡុងកូវីដ-១៩ផ្ទុះខ្លាំងផងដែរ ដោយសារតែបាត់បង់ឱកាសរកប្រាក់ដែលធ្លាប់រកបាន។

លោកប្រកាសលក់ផ្ទះដែលបង់រំលស់ចោល ដោយសារតែខ្វះលទ្ធភាពបង់លុយបន្តជូនបុរីឬធនាគារដែលលោកបានធ្វើកម្ចី ។ មកទល់ពេលនេះលោកនៅតែអះអាងថា ខ្លួនមានបញ្ហាហិរញ្ញវត្ថុដោយសារតែការងារដែលធ្លាប់រកលុយបាន គឺនៅតែស្ងាត់ ។ លោកនៅតែអះអាងថា ជម្រើសលក់ផ្ទះនៅគីឡូម៉ែត្រលេខ៦ គឺជាដំណោះស្រាយតែមួយគត់ ដើម្បីរួចបន្ទុកនៃការជាប់បំណុល។

កីឡាករ មឿន សុខហ៊ុច ឯណោះវិញ ក៏ប្រកាសលក់ផ្ទះស្ថិតនៅស្ពានដែកចម្ការដូងផងដែរ ដោយសារតែលោកអះអាងថា រកលុយលែងបានក្នុងការបន្តបង់ធនាគារ ខណៈពេលធនាគារ គ្មានការយោគយល់ ។ លោកថា បើគ្មានការដាច់ចិត្តលក់ផ្ទះនោះ ក៏ផ្ទះគង់តែត្រូវធនាគាររឹបអូសដដែលទេ បើស្ថានភាពហិរញ្ញវត្ថុ នៅតែបន្តដូចបច្ចុប្បន្ន ៕




ចែករំលែកព័តមាននេះ