រាជធានីភ្នំពេញ ៖ សង្វៀនទំពាំងស្នងឬស្សីគុនខ្មែរ ដែលមានទីតាំងនៅក្នុងក្លិបប្រដាល់សាលវ័ន្ទកីឡា ត្រូវបានលោកឡុង សាលវ័ន្តបង្កើតឡើងដើម្បីបណ្ដុះកីឡាករថ្មីៗឱ្យមានបទពិសោធន៍និងសមត្ថភាពសម្រាប់ឈានទៅប្រកួតនៅលើសង្វៀនទូរទស្សន៍នានានៅថ្ងៃអនាគត។
លោក ឡុង សាលវ័ន្ត ម្ចាស់ក្លិបប្រដាល់សាលវ័ន្តកីឡា និងជាគ្រូបង្វឹកទៀតផងនោះ បានឱ្យដឹងថា នេះជាក្ដីស្រមៃរបស់លោកជាយូរមកហើយក្នុងការបង្កើតឱ្យមានសង្វៀនប្រដាល់នេះឡើង ដើម្បីផ្ដល់នូវបទពិសោធន៍ក៏ដូចជាពង្រឹកសមត្ថភាពរបស់ពួកគេឱ្យក្លាយជាកីឡាករប្រដាល់ដ៏ពូកែមុននឹងឈានទៅប្រកួតនៅតាមបណ្ដាសង្វៀនទូរទស្សន៍។
លោកបានលើកឡើងថា នៅស្រុកគេដូចជាស្រុកថៃជាដើមកីឡាករម្នាក់មុននឹងឈានទៅប្រកួតនៅលើសង្វៀនទូរទស្សន៍គឺត្រូវឆ្លងកាត់ការប្រកួតនៅក្នុងកម្មវិធីបុណ្យផ្សេងៗតាមភូមិឬតាមវត្តរាប់ឆ្នាំឯណោះ ។ ចំណែកនៅកម្ពុជាយើងសម្រាប់កម្មវិធីបែបនេះគឺមិនសូវមាននោះទេ ភាគច្រើនពួកគេហាត់ជាមួយគ្រូនៅតាមក្លិបរួចឱ្យឡើងប្រកួតឆៅៗតែម្ដង ។ ប៉ុន្តែការធ្វើបែបនេះត្រូវទទួលការរិះគន់ពីសំណាក់មហាជន និងមិនមានការពេញចិត្តពេញថ្លើមពីម្ចាស់ស្ថានីយទូរទស្សន៍និងអ្នកឧបត្ថម្ភកម្មវិធីទៀតផង ។

ហេតុដូច្នេះហើយទើបលោកមានគំនិតបង្កើតឱ្យមានសង្វៀនប្រដាល់ដែលមានឈ្មោះថា សង្វៀនទំពាំងស្នងឬស្សីគុនខ្មែរនេះឡើង ។ សង្វៀនមួយនេះបានប្រមូលកីឡាករក្មេងៗយកមកប្រកួតគ្នារវាងពីរសប្ដាហ៍ម្ដងរៀងរាល់ល្ងាចថ្ងៃចន្ទវេលាម៉ោង៥និង៣០នាទីដោយមានចៅក្រម អាជ្ញាកណ្ដាលត្រឹមត្រូវតាមស្តង់ដាដូចការប្រកួតតាមកញ្ចក់ទូរទស្សន៍អ៊ីចឹងដែរ ព្រមទាំងមានការឧបត្ថម្ភប្រាក់តម្លៃខ្លួនជាការលើកទឹកចិត្តទៀតផង។
លោក ឡុង សាលវ័ន្ត បានឱ្យដឹងទៀតថា ការធ្វើបែបនេះគឺជួបការលំបាកច្រើនដូចជាការខ្វះថវិកាសម្រាប់រៀបចំការប្រកួតម្ដងៗ ។ ទោះបីទទួលបានការជួយឧបត្ថម្ភពីសប្បុរសជនក្នុងចំនួនតិចតួចក្តី ប៉ុន្តែលោកនៅតែសប្បាយចិត្ត ដោយខិតខំប្រឹងប្រែងតស៊ូធ្វើវាជារៀងរហូត ។ ទន្ទឹមជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់ដែលស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរ ចង់លើកកម្ពស់និងអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែរ ក៏ដូចជាជួយលើកកម្ពស់ជីវភាពគ្រួសារកីឡាប្រដាល់គុនខ្មែរ សូមមេត្តាចូលរួមឧបត្ថម្ភផងទោះតិចក្ដីច្រើនក្ដី៕
ចែករំលែកព័តមាននេះ