រាជធានីភ្នំពេញ ៖ ជនសង្ស័យដែលបានប្រើពូថៅញាត់ចូលក្នុងមាត់ផ្តាច់ជីវិតប្រពន្ធនៅសង្កាត់ស្ទឹងមានជ័យទី១ កាលពី២ថ្ងៃមុន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយនគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ គួររំលឹកថា ឃាតករជានរណា? ស្ត្រីម្នាក់ត្រូវគេយកដងពូថៅញ៉ុកមាត់ក្នុងខ្ទមគួរឱ្យសង្វេគ

ជនសង្ស័យមានឈ្មោះកែវ វណ្ណះ ហៅណាក់ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយស្ត្រីជាប្រពន្ធ (ជនរងគ្រោះ) ដោយសង់ខ្ទម ស្នាក់នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធស្គាល់អត្តសញ្ញាណនោះទេ ព្រោះនាងគ្មានសាច់ញាតិឡើយ ។

យោងតាមប្រភពពីសាក្សីដែលរស់នៅក្បែរចំណុចកើតហេតុអោយដឹងថា នៅមុនកើតហេតុ គេបានឮសំឡេងស្រែកចេញពីក្នុងខ្ទមត្រង់ចំណុចកើតហេតុខាងលើ ដោយគេគិតថា ជាការឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធ ។ លុះមិនបានប៉ុន្មានផង គេក៏ឃើញបុរសជាប្តីបានចេញពីខ្ទមយ៉ាងលឿន ហើយហៅរ៉ឺម៉កម៉ូតូកង់បីជិះចេញពីខ្ទមទៅបាត់ស្រមោល ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះអ្នករស់នៅក្បែរកន្លែងកើតហេតុ ក៏បានដើរទៅបញ្ចាំងពិលមើល ក៏ប្រទះឃើញស្ត្រីរងគ្រោះជាប្រពន្ធបាត់បង់ជីវិតដោយអាក្រាតកាយ និងមានដងពូថៅញាត់ក្នុងមាត់ផងដែរ ។ ក្រោយពីប្រទះឃើញហេតុការណ៍បែបនេះ ទើបប្រជាពលរដ្ឋបានរាយការណ៍ជូននគរបាលមូលដ្ឋានដើម្បីចុះមកពិនិត្យ ។

បន្ទាប់ពីទទួលបានព័ត៌មានហើយ កម្លាំងនគរបាលប៉ុស្តិ៍ និងថ្នាក់ខណ្ឌ រួមទាំងកម្លាំងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ នឹងធ្វើការកោសល្យវិច្ច័យយលើសពស្ត្រីរងគ្រោះ។ ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ពីមន្ត្រីជំនាញរួចមកបានបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវបានគេផ្តាច់ជីវិតដោយប្រើដងពូថៅញាត់ចូលក្នុងមាត់ បណ្តាលអោយហូរឈាមបាត់បង់ជីវិតតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានកំណត់អត្តសញ្ញាណរបស់បុរសជាប្តី នឹងបើកការស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។ ក្រោយការស្រាវជ្រាវអស់រយះពេល២ថ្ងៃរួចមក ជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាថ្ងៃត្រង់ទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈរូបគេកំពុងស្នាក់នៅជាមួយស្រីកំណាន់ ។

នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ លោកម៉ៅ សាវឿន បានប្រាប់អោយដឹងថា ៖ ក្រោយការសាកសួរនាំលើជនសង្ស័យយ៉ាងល្អិតល្អន់រួចមក បានអោយដឹងថា មូលហេតុដែលនាំអោយរូបគេផ្តាច់ជីវិតស្ត្រីជាប្រពន្ធ គឺដោយពេលនោះស្ត្រីជាប្រពន្ធបានខាំអណ្តាតខ្លួនឯង ព្រោះតែនាងកើតជម្ងឺតេតាណូស ឧស្សាហ៍ខាំអណ្តាតញឹកញាប់ ហើយរូបគេក៏ស្លាបព្រាកោសអណ្តាតនាង ដើម្បីកុះអោយនាងខាំអណ្តាតទៀត លុះពេលដែលចាប់មិនឈ្នះ ទើបរូបគេក៏យកដងពូថៅញាត់ចូលមាត់ប្រពន្ធរហូតដល់បាត់បង់ជីវិតតែម្តងទៅ ។

លោកនាយប៉ុស្តិ៍បញ្ជាក់ថា ស្ត្រីរងគ្រោះជាប្រពន្ធកំពុងមានផ្ទៃពោះ៥ខែផងដែរ ហើយអ្នកទាំង២ គឺទើបតែរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធបាន៥ខែប៉ុណ្ណោះក៏ឈានដល់កើតមានរឿងហេតុបែបនេះតែម្តង ។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំបងប្អូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។ ក្នុងករណីក្រោម៧ថ្ងៃ ប្រសិនបើមិនមានសាច់ញាតិមកទទួលនោះទេ សមត្ថកិច្ចនឹងធ្វើកំណត់ហេតុដើម្បីបូជាសព ។ ដោយឡែក ចំពោះជនសង្ស័យជាប្តី ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី១ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយទៀត ៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ