ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា ក្រោយ​ភ្ជាប់ពាក្យ អេ យ៉ា​នុ​ត ប្រកាស​​កាត់​បន្ថយ​ការ​ប្រដាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ភ្ជាប់ពាក្យ​ហើយ កាលពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០២០ កីឡាការិនី អេ យ៉ា​នុ​ត កូនស្រី​អតីត​អ្នក​ប្រដាល់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ភ្ជាប់ពាក្យ​ហើយ កាលពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០២០ កីឡាការិនី អេ យ៉ា​នុ​ត កូនស្រី​អតីត​អ្នក​ប្រដាល់ លោក អេ ភូ​ថង បាន​អះអាង​ថា នាង​នឹង​អាច​កាត់​បន្ថយ​ការ​ប្រដាល់ ឬ​អាច​នឹង​លាឈប់​ឡើង​សង្វៀន​តែ​ម្ដង ជា​ពិសេស​បើ​នាង​បាន​ចូល​រោងការ​រួចរាល់ ។ ម្យ៉ាង​មក​ពី​នាង​យល់​ថា ខ្លួន​ឈាន​ដល់​វ័យ​ត្រូវធ្វើ​ជា​ស្ត្រី​មេផ្ទះ និង​ធ្វើ​ជា​ភរិយា​របស់​អនាគត​ស្វា​មីនោះ​ផង ទើប​នាង​គិត​ថា បើ​ទោះជា​នាង​នៅ​ចង់​ប្រដាល់ ក៏​មិន​អាច​ទៅ​រួច​។

កញ្ញា អេ យ៉ា​នុ​ត បញ្ជាក់​ថា ការ​ប្រដាល់​គឺ​នាង​នៅ​តែ​ស្រលាញ់ ប៉ុន្តែ​បើ​ឱ្យ​រូប​នាង​នៅ​តែ​ទទួល​ឡើង​រេញ​ដដែល​ជា​ដដែល​ទៀត គឺ​មិន​អាច​នោះ​ទេ ដើម្បី​កុំឱ្យ​ប៉ះពាល់​អារម្មណ៍​អនាគត​ស្វាមី និង​ក្រុម​គ្រួសារ​សាច់ថ្លៃ​។ យ៉ាងណា​មិ​ញ បើ​ឱ្យ​នាង​ឈប់​ដាច់ ក៏​មិន​ឈប់​នោះ​ដែរ ដោយសារ​តែ​នាង​នៅ​ស្រលាញ់ និង​ចង់​បន្តការងារ​ជា​កីឡាការិនី​ជម្រើសជាតិ​ឱ្យ​បានមួយ​រយៈ​សិន ។ យ៉ាង​ហោច​អាច​ធ្វើ​ជា​កីឡាការិនី​ជម្រើសជាតិ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​សិន ទើប​នាង​ពិចារណា​ក្នុង​ការ​កាត់​បន្ថយ ឬ​លាឈប់​ពី​ការ​ប្រដាល់​ដែល​ខំតស៊ូ​។

ក្នុង​នោះ នាង​ក៏​អាច​បន្តការងារ​ជា​គ្រូបង្វឹក ឬ ការងារ​ជួយ​ដល់​សហព័ន្ធ ជំនួស​ឱ្យ​ការ​កាត់​បន្ថយ​ការ​ឡើង​រេញ​ផង​ដែរ ។ នាង​ថា គូស្នេហ៍​នាង មិន​ហាមឃាត់​នាង​ឡើង​ប្រកួត​នោះ​ទេ ប៉ុន្តែ​នាង​ក៏​មិន​អាច​មាន​គូ​ដណ្ដឹង​ឬ​ស្វាមី​ទៅ​ហើយ ចេះ​តែ​ឡើង​ប្រកួត​ដោយ​គ្មាន​ពេល​ធ្វើខ្លួន​ជា​ស្ត្រី​មេផ្ទះ​បាន​ទេ ។ នាង​ថា រាល់​ការ​ឡើង​ប្រកួត គឺ​រវល់​ច្រើន​ណាស់ ទាំង​ការ​ត្រៀមខ្លួន ទាំង​ការ​គិត​ច្រើន និង​ការ​ហ្វឹកហាត់​ត្រៀម ដូច្នេះ​ហើយ​ទើប​នាង​ពិបាក​ក្នុង​ការ​ទទួល​ប្រកួត​ច្រើន​ក្រោយ​ពេល​មាន​គូ ដោយ​នាង​បញ្ជាក់​ថា គឺ​ដើម្បី​ទុក​ពេល​ធ្វើខ្លួន​ឱ្យ​សមជា​ស្ត្រី​ម្ដង​។

យោង​តាម​ការ​អះអាង កញ្ញា អេ យ៉ា​នុ​ត បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ឈ្មោះ លៀប ប៉​ហេង កាលពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០២០ បន្ទាប់​ពី​បាន​ចំណាយពេល​ស្វែង​យល់ចិត្ត​គ្នា​ជា​យូរ​មក​ហើយ ដោយ​មាន​ឪពុក​ម្ដាយ​ទាំង​សងខាង​ទទួល​ដឹង​ឮ ។ គូ​ដណ្ដឹង​របស់​នាង ត្រូវ​បាន​គេ​អះអាង​ថា គឺជា​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ តែ​នៅ​មិន​ទាន់​មានការ​បង្ហើប​ថា មាន​តួនាទី​ជា​អ្វី​នៅឡើយ​ទេ ដោយ​គ្រាន់តែ​មានការ​បង្ហើប​ថា គឺជា​កូន​អ្នកមាន​មុខមាត់​ម្នាក់​ដែរ​នៅ​ក្នុង​ជួរ​មន្ត្រីរាជការ ។

អ្នក​ទាំង​ពីរ​ធ្លាប់​ត្រូវ​បាន​គេ​ឃើញ​បណ្ដើរគ្នា និង​ស្រលាញ់​ពេញចិត្ត​គ្នា​ជា​យូរ​មក​ហើយ តែ​មក​ពី​មិនសូវ​មានការ​ចាប់អារម្មណ៍ ទើប​ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​អេ យ៉ា​នុ​ត​បង្ហាញមុខ​គូ​ដណ្ដឹង​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​។ ពិធី​នេះ ក៏​បង្ហាញ​ថា​កីឡាការិនី​រូប​នេះ រក​ឃើញ​គូ​អនាគត ខុស​ពី​ការ​បារម្ភ​របស់​អ្នកគាំទ្រ ដែល​ថា​កីឡាការិនី​ប្រដាល់ នឹង​ពិបាក​រក​គូស្នេហ៍ ដោយសារ​តែ​បុរស​ៗ​មិនសូវ​ចង់បាន​នារី​ៗ​ពូកែ​ក្បាច់គុន និង​វាយតប់ ដើម្បី​យក​មក​ធ្វើ​ជា​ភរិយា​នោះ ។

អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​ពិធី​មង្គលការ​ពេល​ណា​ឱ្យ​ប្រាកដ​នៅឡើយ​ទេ នៅ​ក្នុង​កាលៈ​ទេសៈ ដែល​ជំងឺ​កូ​វី​ដ​-១៩​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នា​ពេល​នេះ​។ ភាគី​ខាង​លោក អេ​ភូ​ថង បាន​ត្រឹមតែ​បង្ហើប​ថា នឹង​ចាំ​អ៊ុត​មើល​វេលា​សិន ហើយ​បើ​ល្អ​ត្រូវ​ចំ​ខែ​ណា ពេល​ណា គឺ​នឹង​ចាត់ចែង​តាម​ហ្នឹង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អេ យ៉ា​នុ​ត គឺជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល ដែល​មាន​ឱកាស​ស្នង​ប្រដាល់​ពី​ឪពុក ដោយសារ​តែ​ទេព​កោសល្យ និង​ក្ដី​ស្រលាញ់ ។ នាង​ធ្លាប់​បង្ហាញមុខ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​លើក​មក​ហើយ ដោយ​មិន​រាប់​បញ្ចូល​ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នោះ​ផង ។ ប្រទេស​ដែល​នាង​ធ្លាប់​ទៅ​ប្រកួត​រួម​មាន ចិន ថៃ ភូមា វៀតណាម និង​មាន​សមត្ថភាព​ក្នុង​ការ​បង្វឹក​ផ្នែក​ប្រដាល់ និង​ផ្នែក​ល្បុក្កតោ​ផង​ដែរ ។

លោក អេ ភូ​ថង ក៏​ឯកភាព​ផង​ដែរ​ឱ្យ​នាង​ឃ្លាតឆ្ងាយ​ពី​ការ​ប្រដាល់ ខណៈ​ដែល​លោក​ប្រាប់​ថា បើ​ទោះ​មិន​ឈប់​ទាំងស្រុង ក៏​មិន​អាច​ទទួល​ប្រកួត​ញឹកញាប់​ផង​ដែរ​។ អេ យ៉ា​នុ​ត គឺជា​កីឡាការិនី​វ័យ​១៩​ឆ្នាំ ដែល​មាន​ទម្ងន់​៥៤​គីឡូក្រាម កម្ពស់​១,៦៥​ម៉ែត្រ​និង​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​សព្វថ្ងៃ​។ នាង​អាច​នឹង​គិតគូ​មង្គលការ​នៅ​ក្រោយ​បាក់​ឌុ​បដែល​អាច​ក្នុង​រង្វង់​ឆ្នាំ​២០២២​ឬ​មុន​ក្រោយ​នោះ ដោយ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ