ប្រទេសអង់គ្លេស ៖ ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ដែលមិនបង្ហាញអត្តសញាណ ត្រូវមន្ត្រីប៉ូលីសឃាត់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេតលើសាររើសអើងជាតិសាសន៍មួយ ដែលរូបគេបានផ្ញើទៅកាន់ខ្សែប្រយុទ្ធ Wilfried Zaha របស់ក្រុម Crystal Palace នៅលើបណ្តាញទំនាក់ទំនងសង្គម។

Zaha បានបង្ហើបថា គេទទួលបានសាររំលោភបំពានជាច្រើននៅលើបណ្តាញសង្គម មុនពេលការប្រកួតកាលថ្ងៃអាទិត្យ ដែលក្រុម Crystal Palace បានចាញ់ក្រុមម្ចាស់ផ្ទះ Aston Villa ដោយលទ្ធផល ២-០។ ក្របខណ្ឌ Premier League និងអ្នកចាត់ការទូទៅក្រុម Crystal Palace លោក Roy Hodgson បានហៅការរំលោភបំពាននេះថា ជាទង្វើដែលមិនអាចទទួលយកបានទាំងស្រុងតែម្តង។


ដោយឡែកប៉ូលិសប្រចាំតំបន់ West Midlands បានចេញលិខិតជាសាធារណៈមួយកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា«យើងទទួលបានការហៅ និងប្រាប់ឱ្យដឹងអំពីសារនៃការរើសអើងជាតិសាសន៍មួយ ដែលបានផ្ញើទៅកាន់កីឡាករបាល់ទាត់ម្នាក់។ ហើយបន្ទាប់ពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ យើងក៏ឈានដល់ការឃាត់ខ្លួនក្មេងប្រុសម្នាក់។ ក្នុងនោះក្មេងប្រុសអាយុ ១២ឆ្នាំមកពីទីក្រុង Solihull ត្រូវបាននាំទៅឃុំឃាំង។ សូមអរគុណដល់អ្នករាល់គ្នា ដែលបានរាយការណ៍ពីបញ្ហានេះ។ ការរើសអើងជាតិសាសន៍ ជាទង្វើដែលមិនអាចអត់អោនបានឡើយ»៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ