ប្រទេសអេស្ប៉ាញ ៖ រដ្ឋាភិបាលរបស់ប្រទេសអេស្ប៉ាញ នឹងរឹតបន្តឹងច្បាប់លើក្រុមហ៊ុនភ្នាល់ ដែលឧបត្ថម្ភក្លិបនានាក្នុងក្របខណ្ឌ La Liga ដែលមានគោលបំណង ដើម្បីហាមឃាត់ក្លិបបាល់ទាត់ទាំងអស់ ឱ្យផ្អាកទទួលយកក្រុមហ៊ុនល្បែងភ្នាល់សម្រាប់ឧបត្ថម្ភលើអាវ ដោយចាប់ផ្តើមពីរដូវកាលក្រោយតទៅ។

បច្ចុប្បន្នមានក្លិបចំនួន៨ នៃក្របខណ្ឌ La Liga កំពុងមានដៃគូឧបត្ថម្ភ ដែលជាក្រុមហ៊ុនភ្នាល់។ ហើយក្នុងនោះក្រុម Valencia និង Sevilla គឺជាក្រុមណាមុខគេ ដែលបានជ្រើសយកក្រុមហ៊ុនភ្នាល់ មកធ្វើជាដៃគូឧបត្ថម្ភធំរបស់ខ្លួន បន្ទាប់មកមានក្រុម Alaves, Leganes, Granada, Mallorca, Osasuna និង Levante ផងដែរ។

វាត្រូវបានមើលឃើញថា កិច្ចព្រមព្រៀងនេះ ក៏នឹងជះឥទ្ធិពលដល់ក្រុមផ្សេងទៀតទាំង១៧ ដែលមានទំរង់បែបបទនៃកិច្ចព្រមព្រៀងឧបត្ថម្ភមួយចំនួន ជាមួយក្រុមហ៊ុនល្បែងភ្នាល់ផងដែរ។

បើទោះមានការរឹតបន្តឹងក៏ពីតមែន ប៉ុន្តែសម្រាប់ក្រុមហ៊ុនភ្នាល់ទាំងនោះ អាចមានលទ្ធភាពធ្វើការផ្សាយពាណិជ្ជកម្មនៅខាងក្រៅទីលានប្រកួតរបស់ក្រុមនីមួយៗ។ ហើយបទប្បញ្ញត្តិក្នុងស្រុក នឹងត្រូវកំណត់ទំហំនៃការផ្សាយពាណិជ្ជកម្មក្រៅផ្លូវការទាំងនោះ៕ (ដកស្រង់ចេញពី sbcnews)
ចែករំលែកព័តមាននេះ